ជាតិ
សហគមន៍កសិករខេត្តកំពង់ស្ពឺ ជាប់ជ័យលាភីលេខ១ នៅឆ្នាំ២០១៩
× ភ្នំពេញ៖ សហគមន៍កសិករខេត្តកំពង់ស្ពឺ ជាប់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងសហគមន៍កសិករឆ្នើមប្រចាំឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។កម្មវិធីប្រកួតប្រជែងលើកទី៤ នេះ មានការចូលរួមពីសហគមន៍កសិករចំនួន ២៥សហគមន៍ មកពី២៤ រាជធានី-ខេត្ត។
ក្រោយឆ្លងកាត់ការវាយតម្លៃលើសហគមន៍កសិករទាំង ២៥នេះ ក្រសួងកសិកម្ម បានរកឃើញថា សហគមន៍កសិកម្មបន្លែចម្រុះជាយក្រុងខេត្តកំពង់ស្ពឺមានស្នាដៃល្អជាងគេ សម្រាប់ជ័យលាភីលេខ១ ដោយទទួលបានប័ណ្ណសរសើរ គោយន្ត២គ្រឿង ម៉ាស៊ីនបូមទឹក ១០គ្រឿង និងថវិកា ១០ លានរៀល។ ចំណែកសហគមន៍បឹងលាជសំបូរផលខេត្តកំពង់ឆ្នាំង ជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានប័ណ្ណសរសើរ គោយន្ត ២គ្រឿង ម៉ាស៊ីនបូមទឹក ៦គ្រឿង និងថវិកា ៤លានរៀល។ រីឯសហគមន៍កសិកម្មលំពង់មានជ័យខេត្តតាកែវទទួលបានលេខ៣ អមជាមួយប័ណ្ណសរសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ៣លានរៀល។
ដោយឡែកជ័យលាភីលេខ៤ បានទៅសហគមន៍កសិកម្មព្រែកដាច់មានជ័យ ទទួលបានប័ណ្ណសរសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ២លានរៀល និងលេខ៥ បានទៅសហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ទទួលបានប័ណ្ណសរសើរ គោយន្ត ១គ្រឿង ម៉ាស៊ីនបូមទឹក ៤គ្រឿង និងថវិកា ១លានរៀល។ នេះបើតាមក្រសួងកសិកម្ម។
លោក វេង សាខុន រដ្នមន្ត្រីក្រសួងកសិកម្ម បាននិយាយថា ការប្រកួតនេះ គឺជាឱកាស និងជាស្ពានតភ្ជាប់រវាងសហគមន៍ និងសហគ្រាសខ្នាតតូច និងមធ្យម (SME) រួមទាំងវិស័យឯកជន តាមរយៈការអនុវត្តផលិតកសិកម្មតាមកិច្ចសន្យា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្ម ,គុណភាព ,ការប្រើប្រាស់បច្ចេកវិទ្យាបៃតងសមស្រប ,ប្រព័ន្ធគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងការប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផល ។ ជាពិសេសលើកកម្ពស់ការសម្រួលពាណិជកម្ម និងការទទួលបានទីផ្សារកសិផល ផ្ទេរបច្ចេកវិទ្យាដល់កសិករ សហគ្រាសខ្នាតតូច និងមធ្យមសម្រាប់ជាទុន ក្នុងការធ្វើឲ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ សមស្របតាមស្តង់ដារទីផ្សារក្នុងតំបន់ សម្រាប់ការប្រកួតប្រជែង និងគោលការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលរូបនីយកម្ម។
បន្ថែមពីនេះលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បាននិយាយថា សហគមន៍ដែលទទួលបានជ័យលាភី គឺសំដៅលើការវាយតម្លៃស្នាដៃល្អក្នុងការគ្រប់គ្រង និងមានគំនិតច្នៃប្រឌិតប្រកបដោយភាពម្ចាស់ការ ហើយច្បាស់លាស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មី សាមញ្ញ និងសមស្របទៅតាមស្ថានភាព នៃលទ្ធភាពជាក់ស្តែង។
«សហគមន៍កសិករក៏ត្រូវធ្វើការសិក្សាស្រាវជ្រាវ ដកស្រង់បទពិសោធន៍ រួចចែករំលែកជូនសហគមន៍កសិកម្មដទៃទៀតក្នុងឆន្ទៈតែមួយ គឺបង្កើននិងពង្រឹងសុខដុមនីយកម្មក្នុងសហគមន៍ បង្កើនផលិតកម្មក្នុងស្រុក ផលិតផលិតផលដែលមានគុណភាព សុវត្ថិភាព និងអនាម័យ រួមគ្នាលើកស្ទួយសុខភាពសាធារណៈ បង្កើនចំណូលសហគមន៍ ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការនាំចូល»។ នេះជាការលើករបស់អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com