ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
នារី​ម៉ាស្សា​ពិការភ្នែក កាន់តែ​ទទួលបាន​ការគោរព​ពី​អតិថិជន​
10, Mar 2019 , 9:59 am        
រូបភាព
អ្នកនាង តាក់ ន្និការ ម្ចាស់មជ្ឈមណ្ឌលម៉ាស្សាដៃទេព (រូបខាងឆ្វេង) និងអ្នកនាង សេន ធីតា បុគ្គលិកម៉ាស្សា នៅហាង ម៉េង គេង ម៉ាស្សា
អ្នកនាង តាក់ ន្និការ ម្ចាស់មជ្ឈមណ្ឌលម៉ាស្សាដៃទេព (រូបខាងឆ្វេង) និងអ្នកនាង សេន ធីតា បុគ្គលិកម៉ាស្សា នៅហាង ម៉េង គេង ម៉ាស្សា
​ភ្នំពេញ​៖ ការទទួលបាន​ពី​ការ​អាណិត ការគោរព ការឱ្យ​តម្លៃ និង​ការមិន​ប្រមាថ​គ្រប់​រូបភាព​ពី​សំណាក់​អ្នកទទួល​សេវា​ម៉ាស្សា ពិសេស​ប្រុសៗ បាន​ជំរុញ និង​លើក​ចិត្ត​ដល់​ក្រុម​នារី​ពិការភ្នែក​គ្រប់រូប​ឱ្យ​កាន់តែ​សប្បាយរីករាយ​ក្នុងការ​ប្រកបមុខរប​រ​ជា​អ្នក​ម៉ាស្សា​។  ក្រុម​នារី​ម៉ាស្សា​ដែលជា​ជនពិការភ្នែក​ទាំងនោះ បាន​និយាយថា ក្នុង​រយៈពេល​ប្រហែល​៥​ឆ្នាំ​ចុង​ក្រោយនេះ ពួកគេ​ទទួលបាន​ការគោរព និង​អាណិត​ច្រើន​ពី​អ្នក​មក​ទទួល​សេវា​ម៉ាស្សា​ពី​កន្លែង​របស់ខ្លួន ដែល​បាន​ជំរុញ និង​លើក​ទឹក​ដល់​ពួកគេ ក្នុង​ការបន្ត​នូវ​មុខរបរ​នេះ​។ ការគោរព និង​ឱ្យ​តម្លៃ​នេះ សំដៅ​ទៅលើ​ការប្រើប្រាស់​ពាក្យសម្តី ឬ​ទង្វើ ដែល​មិន​មានបំណង​ក្នុង​ការបំពាន​ផ្លូវភេទ​។​


 
​អ្នកស្រី ជ័យ សុខុន ក្នុងចំណោម​អ្នក​ពិការភ្នែក​ជាច្រើន នៅក្នុង​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព ដែលមាន​ទីតាំងនៅ​ទល់មុខ​ប្រៃសណីយ៍​កម្ពុជា បាន​ចាប់យក​ជំនាញ​ម៉ាស្សា និង​បម្រើសេវា​នេះ អស់​រយៈពេល​ជាង​១៣​ឆ្នាំ​មកហើយ​។ ថ្វី​ដ្បិត​ពិការភ្នែក​ទាំង​គូ​ក៏ពិតមែន ប៉ុន្តែ​រូបរាង សម្រស់ និង​សម្តី​ទន់ភ្លន់​របស់​អ្នកស្រី សុខុន ក៏​មិន​ចាញ់​ទៅនឹង​នារី​ដែលមាន​កាយសម្បទា​គ្រប់គ្រាន់​មួយចំនួន​ផងដែរ​។​
 
​ស្ត្រី​ពិការភ្នែក​ដោយសារ​ជំងឺ​កញ្ជ្រឹល​រូបនេះ បាន​និយាយថា ក្នុង​រយៈពេល​ដែល​អ្នក​ស្រី​បាន​បម្រើសេវា​ម៉ាស្សា​នេះ​ទៅឱ្យ​អ្នកទទួល​សេវា​ម៉ាស្សា​កន្លងមក មាន​បុរស​ជាច្រើន​បាន​ប្រើពាក្យ​សម្តី និង​កាយវិការ​មិនល្អ​ក្នុងន័យ​ទៅរក​ផ្លូវភេទ ចំពោះ​រូបអ្នក​ស្រី​។ ប៉ុន្តែ​មិនដែល​មាន​ករណី​រំលោភបំពាន​ផ្លូវភេទ​ណាមួយ​កើតឡើង​ឡើយ ព្រោះ​ការ​ម៉ាស្សា​នេះ​មិនមែន​ធ្វើឡើង​នៅក្នុង​បន្ទប់​មួយ​បិទ​ជិត​ដែល​មានតែ​២​នាក់ រវាង​អ្នក​បម្រើសេវា និង​អ្នកទទួល​សេវា​ម៉ាស្សា​នោះទេ​។ អ្នកស្រី ជ័យ សុខុន បាន​អះអាងថា ទង្វើ​លូក​ប៉ះ និង​ការប្រើប្រាស់​សម្តី​មិនល្អ​មួយចំនួន​ដែល​ប្រព្រឹត្តិ​ដោយ​ភ្ញៀវ​ជា​បុរស បានធ្វើឱ្យ​អ្នកស្រី​មាន​អារម្មណ៍​ថា​មិនមាន​សុវត្ថិភាព​លើផ្លូវ​កាយ​-​ផ្លូវចិត្ត និង​មិន​ទទួលបាន​គោរព​ពី​សំណាក់​អតិ​ជន​របស់ខ្លួន​។ ការទទួលបាន​នូវ​អារម្មណ៍​ទាំងនេះ បានធ្វើឱ្យ​អ្នកស្រី ជ័យ សុខុន មាន​ភាព​បាក់​ទឹកចិត្ត និង​មានបំណង​ចង់​បោះបង់​មុខរបរ​ចោល​ម្តងម្កាល​ផងដែរ​។​


 
​ស្ត្រី​ពិការភ្នែក​វ័យ​៣៣​ឆ្នាំនេះ​រូប បាន​បន្ត​ដូច្នេះ​៖«​ក្នុង​រយៈពេល​៥-៦​ឆ្នាំ​ចុង​ក្រោយនេះ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​ពី​សំណាក់​ភ្ញៀវ​របស់ខ្ញុំ ដែល​មក​ទទួល​សេវា​ម៉ាស្សា​។ ខ្ញុំ​មិនដឹង​អ្វី​ច្រើន​ពី​សង្គម​ដែល​បានកើត​ឡើង​ទេ ថា​សង្គម​យើង​បាន​ដើរ​ដល់​ណាខ្លះ ពីព្រោះ​ខ្ញុំ​ពិការភ្នែក ហើយ​ខ្ញុំ​ក៏​មិនចេះ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើបៗ​ដូច​អ្នក​ពិការ​មួយចំនួន​ទេ​។ ប៉ុន្តែ​ខ្ញុំ​ដឹង និង​ទទួលបាន​ថា​ភ្ញៀវ​ដែល​មក​ម៉ាស្សា មិន​ថា​ប្រុស ឬ​ស្រី​ទេ ពួកគាត់​តែងតែបាន​លើក​ចិត្ត​ខ្ញុំ​តាមរយៈ​សម្តី​ដោយ​ការគោរព ការឱ្យប្រាក់​មួយចំនួន និង​ឱ្យ​តម្លៃ​ខ្ញុំ​ដែលជា​ជនពិការភ្នែក​ដែល​ខំប្រឹងប្រែង​ធ្វើការ​រកប្រាក់​ដើម្បី​ចិញ្ចឹម​ខ្លួន តាម​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ​មួយ ហើយ​សម្តី និង​កាយវិការ​មិនល្អ​ពី​ប្រុសៗ​ដែល​មក​ទទួល​សេវា​ម៉ាស្សា​ក៏​មិនមាន​ទៀត​ដែរ​»​។​
 
​អ្នកស្រី បាន​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ដែលជា​ជនពិការភ្នែក​ដូចគ្នា​រយៈពេល​ជិត​៩​ឆ្នាំ​មកហើយ ដោយមាន​កូនស្រី​ម្នាក់​។ អ្នកស្រី មានបំណង​បង្កើត​ហាង​ម៉ាស្សា​ជនពិការភ្នែក​ជាមួយ​សា្វ​មី នាពេល​អនាគត ព្រោះ​ស្វាមី​របស់​អ្នកស្រី ក៏មាន​ជំនាញ​ម៉ាស្សា​ដែរ​។​
 
​ចំណែក អ្នកស្រី សេន ធីតា ដែលជា​ស្ត្រី​ពិការភ្នែក បម្រើសេវា​ម៉ាស្សា​ដែរនោះ បាន​និយាយថា អ្នកនាង មិនដែល​ជួបប្រទះ​សកម្មភាព​មិនល្អ​ពី​អតិថិជន​ឡើយ​។ អ្នកស្រី អះអាងថា អ្នកស្រី តែង​ទទួលបាន​ក្តី​អាណិត​ស្រឡាញ់ និង​ការលើកទឹកចិត្ត ពី​អតិថិជន​។ បច្ចុប្បន្ន អ្នកស្រី កំពុង​បម្រើសេវា​ម៉ាស្សា​នៅក្នុង​ហាង​ម៉ាស្សា​មួយកន្លែង​ឈ្មោះ «​ម៉េង គេង ម៉ាស្សា​ដោយ​ជនពិការ​» នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង ក្នុង​រាជធានី​ភ្នំពេញ​។​
 
​ឆ្លងកាត់​បទពិសោធ​នៃ​ការ​ម៉ាស្សា​ជិត​៧​ឆ្នាំ ស្ត្រី​ពិការភ្នែក​វ័យ​៥៣​ឆ្នាំ​រូបនេះ បាន​និយាយថា​៖« ទោះបីជា​ខ្ញុំ​វ័យ​ចំណាស់​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​មិនដែល​នឹកគិត​ក្នុងការ​បោះបង់​ជំនាញ​នេះ​ចោល​ឡើយ ពីព្រោះ​ខ្ញុំ​សប្បាយចិត្ត​ក្នុង​ធ្វើ ហើយ​ខ្ញុំ​ធ្វើតាម​កម្លាំង​ដែល​ខ្ញុំ​មាន ក្នុង​ការរកចំណូល​ប្រចាំថ្ងៃ​។ ក្នុង​មួយថ្ងៃៗ  ខ្ញុំ​អាច​ម៉ាស្សា​ឱ្យ​ភ្ញៀវ​បាន​ពី​៤​ទៅ​៦​ម៉ោង អាស្រ័យ​លើ​សុខភាព​យើង ល្អ ឬ​មិនល្អ និង​រកចំណូលបាន​ជា​មធ្យម​២០០​ដុល្លារ​ក្នុង​មួយខែ ដោយ​គិត​ស៊ី​ភាគរយ​ពី​ម្ចាស់​ហាង​»​។​
 
​ស្ត្រី​ពិការភ្នែក​តាំងពី​អាយុ​៧​ឆ្នាំ​ដោយសារតែ​ជំងឺ​កញ្ជ្រឹល​រូបនេះ បាន​បន្ថែមថា អតិថិជន​ដែល​មក​ទទួល​សេវា​ម៉ាស្សា តែង​លើកទឹកចិត្ត​ដល់​ស្ត្រី​ជា​អ្នក​ម៉ាស្សា​។ ពេលខ្លះ​ក៏​ទទួលបាន​ថវិកា​គាំទ្រ​តិច ឬ​ច្រើន​ដោយ​ក្តី​អាណិត​ពី​ភ្ញៀវ​ដែល​មក​ម៉ាស្សា​ផងដែរ​។​
 
​រីឯ អ្នកស្រី តាក់ ន្និ​ការ ស្ត្រី​ពិការភ្នែក​វ័យ​ជាង​៤០​ឆ្នាំ ដែលជា​អ្នក​ម៉ាស្សា និង​ជា​ម្ចាស់​មជ្ឈមណ្ឌល​ម៉ាស្សា​ដៃ​ទេព​មួយ​ន្លែ​ង នៅ​ម្តុំ​ស្តុ​ប​បូកគោ ក្នុង​ខណ្ឌចំការមន ក៏បាន​លើកឡើង​មិន​ខុសគ្នា​ប៉ុន្មាន​ពី​នារី​ពិការភ្នែក​ទាំងពីរ​រូប​ខាងលើ​ដែរ​។ អ្នកស្រី និយាយថា​៖«​ចាប់ពី​ពេល​ខ្ញុំ​មាន​អាយុ​៣៤-៣៥​ឆ្នាំ​មក ខ្ញុំ​មិនដែល​ទទួលបាន​សម្តី និង​ទង្វើ​មិនល្អ​ពី​អ្នក​មក​សេវា​ម៉ាស្សា​ទេ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​មិន​ដែលមាន​ទេ​»​។​
 
​អ្នកស្រី តាក់ ន្និ​ការ ដែល​ពិការភ្នែក​តាំងពី​អាយុ​មួយឆ្នាំ បាន​បន្តថា ពេលមុនៗ​ភ្ញៀវ​ដែល​មក​ទទួល​សេវា​ម៉ាស្សា តែងតែ​មានបំណង​មិនល្អ​ចំពោះ​អ្នកស្រី មិន​ត្រឹមតែ​សម្តី​ទេ គឺមាន​ទាំង​ទង្វើ​ទៀត​។ ហើយ​ពេលខ្លះ​ហត់ និង​ខ្លាច​សកម្មភាព​ទាំងអស់នេះ​ពី​ភ្ញៀវ អ្នកស្រី មានបំណង់​ចង់​ឈប់​ធ្វើ​ការងារ​នេះ​ម្តងម្កាល​ដែរ​។ ប៉ុន្តែ​ដោយសារ​តែមាន​ឆន្ទៈ និង​ចង់​បង្កើត​ហាង​ម៉ាស្សា​មួយ​ប្រក​ដ​ដោយ​ជំនាញ និង​ដើម្បី​ជួយ​អ្នក​ពិការភ្នែក​ដូចគ្នា​ឱ្យមាន​ការងារ​ធ្វើ​រកចំណូលបាន​ដោយ​ខ្លួនឯង ក៏​នៅ​បន្តធ្វើ ដោយ​ប្រកាន់យក​ជំហរ​មួយ​ច្បាស់លាស់ និង​ត្រឹមត្រូវ​ក្នុង​ជីវិត​។​
 
​ស្ត្រី​ពិការភ្នែក ដែលមាន​បទពិសោធ​ម៉ាស្សា​អស់​រយៈពេល​ជិត​២៥​ឆ្នាំ​រូបនេះ បាន​និយាយ​ដូច្នេះ​៖«​កន្លែង​ម៉ាស្សា​ជនពិការ​នីមួយៗ គឺ​ប្រើ​ជំនាញ​ដែល​ខ្លួន​ទទួលបាន​ពី​ការបណ្តុះបណ្តាល​របស់​អង្គការ​នីមួយៗ​ត្រឹមត្រូវ សម្រាប់​ផ្តល់ជូន​ភ្ញៀវ​ដែល​ត្រូវការ​នូវ​សេវា​នេះ ប៉ុន្តែ​ពួក​ខ្ញុំ​ក៏ត្រូវ​ការ​វិញ​នូវ​សេចក្តី​គោរព និង​ការឱ្យ​តម្លៃ ពី​ភ្ញៀវ​ផងដែរ​។ ដ្បិតថា បុរសៗ​ដែល​មក​ទទួល​សេវា​ម៉ាស្សា មិន​ហ៊ាន​ធ្វើ​អ្វី​យើង​ក៏ពិតមែន បើ​យើង​មិន​ព្រម​។ ប៉ុន្តែ​ខ្ញុំ ក៏​ដូច​អ្នក​ពិការភ្នែក​ឯទៀត ដែល​ប្រក​បរបរ​ម៉ាស្សា គឺ​មិន​ចង់ឱ្យ​អតិថិជន​របស់ខ្លួន​បាន​បំណង និង​គំនិត​ប្រមាថ​បែបនេះ​ទេ ព្រោះ​ជា​រូបភាព​មួយ​ដែល​បានបង្ហាញ​មិនល្អ និង​មិនឱ្យ​តម្លៃ​ពួក​ខ្ញុំ​ដែលជា​ជនពិការភ្នែក ខំប្រឹងប្រែង​ធ្វើការ​ដើម្បី​រកប្រាក់​ទាំង​លំបាក ដោយ​ភាពត្រឹមត្រូវ​មួយ ក្នុងសង្គម​»​។​
 
​អ្នកស្រី តាក់ ន្និ​ការ ជា​ជនពិការភ្នែក​ម្នាក់ ដែល​ធ្វើការ​និង​មាន​ជំនាញ​ម៉ាស្សា ហើយ​មាន​ភាព​រួសរាយ ចំណេះដឹង​ទូលាយ អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ និង​អាច​ប្រើប្រាស់​កម្មវិធី​ទំនើបៗ ក្នុង​ទូរ​សព្ទ​ដៃ​បាន​ទៀតផង ដូច​ការប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ដែលមាន​កម្ម​វី​ធី Facebook, Wechat, Line និង Telegram ជាដើម​។​
 
​នារី​ពិការភ្នែក​បម្រើសេវា​ម៉ាស្សា​ទាំងនេះ យល់ឃើញថា សម្តី និង​ទង្វើ​របស់​អ្នក​មក​ទទួល​សេវា​ម៉ាស្សា មានការ​ថយចុះ​ច្រើន​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អាច​បណ្តាលមកពី​អ្នក​ទាំងនោះ​យល់​ច្រើន​ពី​ក្រុម​អ្នក​ម៉ាស្សា​ដែលជា​ជនពិការ ពិសេស​យល់​ពី​តម្លៃ​ការងារ​អ្នក​ពិការ ដោយ​បង្កើត និង​សេវា​មួយ​ច្បាស់លាស់ និង​ពិតប្រាកដ​មួយ ទៅឱ្យ​អតិថិជន​របស់ខ្លួន​៕
 

Tag:
 ពិការភ្នែក​
  ម៉ាស្សា​
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com