អន្តរជាតិ
កូរ៉េខាងជើង​ត្រូវ​រាយការណ៍​ថា​កំពុង​ត្រៀម​បាញ់​មី​ស៊ី​ល​ឬ​បង្ហោះ​យានអវកាស​
10, Mar 2019 , 11:59 am        
រូបភាព
ដោយ: VOA
​មាន​សញ្ញាណ​ខ្លះៗ​បង្ហាញថា ប្រទេស​កូរ៉េខាងជើង​អាច​កំពុង​រៀបចំ​បាញ់​គ្រាប់​មី​ស៊ី​ល​ឬក៏​បង្ហោះ​យាន​ទៅលើ​អាកាស​។ នេះ​បើ​យោងតាម​របាយការណ៍​ព័ត៌មាន​របស់​វិទ្យុជាតិ​អាមេរិក​ឬ National Public Radio​។

 
​ទីភ្នាក់ងារ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​នេះ​រាយការណ៍​ថា ការវិភាគ​រូបភាព​ពី​ផ្កាយរណប​ដែល​បានមកពី​មន្ទីរ Sanumdong ក្បែរ​ទីក្រុង​ព្យុងយ៉ាង បានបង្ហាញ​ឱ្យឃើញ​វត្តមាន​នៃ​រថយន្ត​ធំៗ ឡាន ទូរ​រថភ្លើង និង​ប្រដាប់​ស្ទូច​ជាច្រើន​គ្រឿង​។​
 
​លោក Jeffrey Lewis អ្នកស្រាវជ្រាវ​ម្នាក់​នៃ​វិទ្យាស្ថាន Middlebury សម្រាប់​ការសិក្សា​អន្តរជាតិ ស្ថិតនៅក្នុង Monterey រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក បាន​មានប្រសាសន៍ថា​៖ «​‍​បើ​គេ​ផ្គុំ​របស់​ទាំងនោះ​បញ្ចូល​គ្នា នោះ​ពិតណាស់ វា​មើលទៅ​ហាក់ដូចជា​ពេលដែល​កូរ៉េខាងជើង​កំពុងតែ​សាងសង់​កាំជ្រួច​មួយ​ដូច្នោះ​ដែរ​»​។​
 
​លោក Lewis បាន​សិក្សា​រូបភាព​ទាំងនេះ​ដែល​ផ្ដល់ឱ្យ​ដោយ​ក្រុមហ៊ុន​ឯកជន​DigitalGlobe ដែលជា​ក្រុមហ៊ុន​លក់​រូបថត​អំពី​លំហ​អាកាស​និង​ភពផែនដី​។​
 
​ការវិវត្ត​ចុងក្រោយ​នេះ​កើតឡើង​ក្រោយពី​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ មានប្រសាសន៍ថា លោក​នឹង​«​‍​ខកចិត្ត​យ៉ាងខ្លាំង​» ប្រសិនបើ​កូរ៉េខាងជើង​បន្ត​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ បន្ទាប់ពី​ជំនួប​របស់លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ក្នុងប្រទេស​វៀតណាម​កា​លពី​ពេល​ថ្មីៗ​នេះ​។​
 
​លោក ត្រាំ បានធ្វើ​អត្ថាធិប្បាយ​បែបនេះ​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​នៅពេលដែល​លោក​រៀបចំ​ធ្វើដំណើរ​ទៅកាន់​រដ្ឋ Alabama ដើម្បី​ពិនិត្យមើល​ការខូចខាត​ដោយសារ​ព្យុះ​ដែល​បាន​បោកបក់​ទៅលើ​រដ្ឋ​នោះ​។​
 
​លោក​ប្រធានាធិបតី បាន​ថ្លែងថា លោក​បានធ្វើ​ឱ្យមាន​ទំនាក់ទំនង​ល្អប្រសើរ​ក្រៃលែង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង ក្នុងពេល​លោក​កាន់តំណែង​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com