ជាតិ
សង្គមជាតិ
សុខភាព
ក្រសួងសុខាភិបាល​ឲ្យ​ពលរដ្ឋ​ប្រយ័ត្ន​ជំងឺគ្រុនឈាម ដែល​អាច​ផ្ទុះឡើង​ខ្លាំង​នៅ​ឆ្នាំនេះ
10, Mar 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានប្រកាសថា ជំងឺគ្រុនឈាម​អាច​នឹង​ផ្ទុះឡើង​ខ្លាំង​នៅ​ទូទាំងប្រទេស​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៩​នេះ ដែល​លើសពី​ឆ្នាំ​២០១៨​កន្លងទៅ​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺគ្រុនឈាម ផ្ទុះឡើង​ខ្លាំង ដោយសារតែ​មានការ​ប​ម្រែ​ប​ម្រួ​ល​អាកាសធាតុ ដែល​នាំ​ឲ្យ​មាន​ជម្រក​មូល​ខ្លា នៅតាម​ផ្ទះសម្បែង និង​ទីធ្លា​សាធារណៈ​។ ក្រសួង សូម​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​នេះ ដើម្បី​រួចផុត​ពី​ជំងឺគ្រុនឈាម​។


 
​លោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា ជំងឺគ្រុនឈាម ជា​ជំងឺ​ដែល​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ ដែល​បង្កឡើង​ដោយ​មូស​ខ្លា​ញី​ខាំ​បឺត​ឈាម​អ្នក​ដែលមាន​វីរុស​គ្រុនឈាម ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។ លោក រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ជំងឺគ្រុនឈាម មាន​រោគសញ្ញា​ដូចជា បន្ទាប់ពី​អ្នកជំងឺ​ត្រូវបាន​មូល​ខ្លាខាំ មាន​ជំងឺ​ក្តៅខ្លួន​ពី ៣៩ ទៅ​៤០​អង្សារ ឡើង​មុខ​ក្រហម ឈឺ​ប្រឡង់​ភ្នែក​ចាក់​ទៅក្រោយ ឈឺក្បាល ចង់​ក្អួត ឈឺពោះ ឈឺ​សាច់ដុំ ឈឺសន្លាក់​ដៃជើង ស្នាម​អុចៗ​ក្រហម​លើ​ស្បែក និង​មានការ​ហូរឈាម​តាម​អញ្ចាញ​ឆ្មេ​ញ​ជាដើម​។ ករណី​បើ​មាន​រោគសញ្ញា​ក្តៅខ្លួន​ភ្លាមៗ ក្រសួង​ស្នើ​ឲ្យ​ជៀសវាង​ការប្រើ​ថ្នាំ​អាស្ពីរីន និង​ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ ដើម្បី​ទទួលបាន​ថ្នាំ​ព្យាបាល​ត្រឹមត្រូវ​។ 


 
​នៅក្នុង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល បាន​សរសេរ​ពីស​ម្តី​របស់លោក ម៉ម ប៊ុនហេង យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ និង​គ្រួសារ​ខ្ញុំ​ជា​គ្រួសារ​គំរូ ព្រោះ​ផ្ទះ​ខ្ញុំ និង​លំនៅដ្ឋាន​របស់ខ្ញុំ គ្មាន​ដង្កូវទឹក​»​។ តាមរយៈ​ខ្លឹមសារ​នេះ លោក រដ្ឋមន្ត្រី ចង់​ណែនាំ​ឲ្យ​ពលរដ្ឋ​គ្រប់រូប​លុបបំបាត់​ជម្រក​មូស​ខ្លា ដោយ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​ទម្លាប់​រស់នៅ​ល្អ ដើម្បី​ជៀសផុត​ពី​ជំងឺគ្រុនឈាម​។​
 
​តាម​ការស្រាវជ្រាវ​បាណក​សាស្ត្រ របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល មូស​ខា្ល​ចូលចិត្ត​ពង និង​បង្កបង្កើត​កូនចៅ ក្នុង​សំបក​កង់ឡាន និង​សំបក​កង់​ម៉ូតូ​ចាស់ ចំនួន​១១​ដង ច្រើនជាង​វត្ថុ​ដក់​ទឹក ឬ​ដាក់​ទឹក​ផ្សេងៗ​។ ទន្ទឹមនឹង​ក្រសួង​សិក្សា​ឃើញ​ពី​បញ្ហា​នេះហើយ ក្រសួង​ស្នើ​ឲ្យ អាណាព្យាបាល មាតាបិតា កុមារ​កុមារី ម្ចាស់​អាជីវកម្ម ត្រូវ​កំចាត់​ដង្កូវទឹក​នៅតាម​កន្លែង ឬ​វត្ថុ​ទឹក​ដក់ ដូច ជា ពាងទឹក អាងទឹក ថូផ្កា ធុង ក្រឡ ជាដើម​ត្រូវ​ផ្លាស់ប្តូរ​ទឹក និង​លាង​សំអាត​ជាប្រចាំ ដោយ​ដាក់​ថ្នាំ​អា​បែ​ត សម្លាប់​ដង្កូវទឹក ឬ​ចិញ្ចឹម​កូន​ត្រី​ប្រាំពីរ​ពណ៌​។ 
 
​តាម​ការអះអាង​របស់​លោក​រដ្ឋមន្ត្រី​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ ពុំមាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ទេ​។ ជាមួយគ្នា​ផងដែរ លោក​នឹងណ​ត់​ផែនការ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០២០ នឹង​ខិតខំ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺគ្រុនឈាម​ឲ្យ​ទាន់ពេលវេលា និង​ពង្រឹង​កិច្ចការ​ការងារ​ផ្តល់​ថ្នាំ​ទម្លាក់​ព្រូន​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ​៕ 
 

Tag:
 សុខភាព​
 ​ក្រសួងសុខាភិបាល​
 ​ជំងឺគ្រុនឈាម​
© រក្សាសិទ្ធិដោយ thmeythmey.com