អន្តរជាតិ
ថៃពិចារណាដាក់បម្រាមលក់គ្រឿងស្រវឹងនៅថ្ងៃសង្ក្រាន្តដើម្បីបន្ថយគ្រោះថ្នាក់ចរាចរណ៍
× ក្រសួងសុខាភិបាលថៃ កំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យដាក់បម្រាមលើការលក់គ្រឿងស្រវឹងនៅថ្ងៃចូលឆ្នាំថ្មី ដែលត្រូវនឹងថ្ងៃទី១៣ ខែមេសាខាងមុខ។ សំណើនេះ គឺធ្វើឡើងក្នុងគោលដៅកាត់បន្ថយចំនួនអ្នកស្លាប់នៅតាមដងផ្លូវនៃប្រទេសថៃ ដែលមានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ឆ្នាំ។
លោកវេជ្ជបណ្ឌិត Kajornsak Kaewjarat អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលថៃ នៅថ្ងៃទី៨ ខែមីនា បាននិយាយថា ស្ថាប័នលោកនឹងបញ្ជូនសំណើជាផ្លូវការមួយទាក់ទិននឹងរឿងនេះ ទៅកាន់គណៈរដ្ឋមន្ត្រីនាសប្តាហ៍ក្រោយនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation លោក Kajornsak បានលើកយកតួលេខគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំក្នុងថ្ងៃសង្ក្រាន្តមកធ្វើជាអំណះអំណាង ដោយពន្យល់ថា ករណីអ្នកស្លាប់នៅលើដងផ្លូវច្រើនបំផុត គឺកើតឡើងចំថ្ងៃទី១៣ខែមេសា ដែលត្រូវជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំថ្មី។
ទន្ទឹមនឹងគ្នានេះដែរ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថៃរូបនេះ បានទាត់ចោលព័ត៌មានថា ចំណាត់ការបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដែលពឹងផ្អែកខ្លាំងលើអ្នកទេសចរ ដោយនិយាយថា ជីវិតមនុស្សគឺមានសារៈសំខាន់លើសអ្វីៗទាំងអស់។ លោកសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរីកចម្រើនមិនអាស្រ័យតែទៅលើមួយថ្ងៃនេះឡើយ។
សូមបញ្ជាក់ថា ជាប្រពៃណីអាជ្ញាធរថៃបើកយុទ្ធនាការមួយឈ្មោះថា «ថ្ងៃគ្រោះថ្នាក់ទាំង៧»។ សម្រាប់យុទ្ធនាការនេះ អាជ្ញាធរថៃដាក់ចេញចំណាត់ការចាំបាច់មួយចំនួន រួមមាន បង្កើតទីតាំងត្រួតពិនិត្យនៅតាមផ្លូវជាតិ និងផ្លូវក្នុងតំបន់ប្រជុំជនសំខាន់ៗ ព្រមទាំងចុះបង្ក្រាបលើអ្នកបើកបរដែលផ្ទុកជាតិស្រវឹង និងបើកលើសល្បឿនកំណត់ជាដើម។ ទោះបីជាបែបនេះក្តី យុទ្ធនាការទាំងអស់នេះពុំទទួលយោគជ័យក្នុងការកាត់បន្ថយតួលេខអ្នកស្លាប់នោះទេ៕
Tag:
ថៃ
ចូលឆ្នាំថ្មី
គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com