សៀមរាប៖ គម្រោងអប់រំបេតិកភណ្ឌនៅតំបន់អង្គរ ត្រូវបានបង្កើតឡើងដោយអង្គការគាំពារកេរមរតក សហការជាមួយអាជ្ញាធរជាតិអប្សរា។ គម្រោងនេះ បានអប់រំ និងបណ្ដុះបណ្តាលសិស្សានុសិស្ស នៅតាមសាលាបឋមសិក្សា និងថ្នាក់វិទ្យាល័យ តាមសាលាគោលដៅមួយចំនួនក្នុងតំបន់អង្គរ។ គម្រោងនេះ បានអប់រំសិស្សានុសិស្សដែលមានកំណើតជាអ្នកស្រុកអង្គរ ស្គាល់ពីតម្លៃបេតិកភណ្ឌ និងថែរក្សាតម្លៃនេះឱ្យស្ថិតស្ថេរ គង់វង្សតទៅកូនចៅជំនាន់ក្រោយៗទៀត។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកស្រី អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ
គម្រោងអប់រំបេតិកភណ្ឌ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៨ តាមរយៈកិច្ចសហការរវាងអង្គការគាំពារកេរមរតក និងអាជ្ញាធរជាតិអប្សរា។ បច្ចុប្បន្នគម្រោងនេះ កំពុងអនុវត្តន៍នៅតាមសាលាគោលដៅមួយចំនួនក្នុងតំបន់អង្គរ រួមមានសាលាបឋមសិក្សាស្រះស្រង់ វិទ្យាល័យនគរធំ សាលាបឋមសិក្សារលួស និងវិទ្យាល័យបាគង។ គម្រោងនេះ បង្រៀនសិស្សបឋម នៅថ្នាក់ទី៥ និងទី៦ រីឯថ្នាក់វិទ្យាល័យ បង្រៀនសិស្ស នៅថ្នាក់ទី១០ និងទី១១។
កាលពីចុងខែកុម្ភៈកន្លងទៅ សិស្សានុសិស្សក្នុងគម្រោងអប់រំបេតិកភណ្ឌ បានចុះកម្មសិក្សានៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ដើម្បីស្វែងយល់ពីសម្ចុច័យនានាក្នុងសារមន្ទីរ។ សិស្សប្រមាណ ៥០នាក់ បានទស្សនា និងស្ដាប់ការពន្យល់យ៉ាងយកចិត្តទុកដាក់ ដែលមគ្គុទ្ទេសក៍ក្នុងសារមន្ទីរបានពន្យល់ពីប្រវត្តិសម្ចុច័យនីមួយៗ។
លោក ខៀវ ច័ន្ទ គ្រូបណ្ដុះបណ្ដាលគម្រោងអប់រំបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា ដែលបានដឹកនាំសិស្សទស្សនកិច្ចនៅពេលនោះ បានឱ្យដឹងថា ទស្សនកិច្ចនៅពេលនេះ គឺជាផ្នែកមួយនៃការអប់រំបេតិកភណ្ឌ ដែលចង់បង្ហាញសិស្សានុសិស្សពីសម្ចុច័យ ឬបុរាណវត្ថុនានា ដែលអ្នកស្រាវជ្រាវជាតិ និងអន្ដរជាតិ បានរកឃើញកន្លងមក និងបានយកមករក្សាទុកក្នុងសារមន្ទីរនេះ។ សម្រាប់លោក ខៀវ ច័ន្ទ វាពិតជាមានសារសំខាន់ណាស់ ដែលសិស្សនុសិស្ស ស្គាល់ពីតម្លៃបេតិកភណ្ឌទាំងនៅក្នុងដី និងក្នុងទឹក តួយ៉ាងសម្ចុច័យដែលអ្នកស្រាវជ្រាវរកឃើញកន្លងមក ភាគច្រើននៅក្នុងដី។ ការណ៍នេះបានបំផុសស្មារតីឱ្យពលរដ្ឋក្នុងតំបន់ កុំឱ្យមានការជីកកកាយដីនៅតំបន់អង្គរផ្តេសផ្ដាស ដ្បិតអាចនឹងប៉ះពាល់បុរាណវត្ថុដោយអចេតនា។
ក្រៅពីការអប់រំហើយនោះ គម្រោងអប់រំបេតិកភណ្ឌ ក៏បានបង្រៀនសិស្សឱ្យចេះចូលរួមថែរក្សា ការពារ និងអភិរក្សាបេតិកភណ្ឌផងដែរ ទាំងបេតិកភណ្ឌរូបី និអរូបី។ ក្នុងគម្រោងនេះ បាននាំសិស្សធ្វើទស្សនកិច្ចទៅកាន់ប្រាសាទ កន្លែងជួសជុល ឬកន្លែងស្រាវជ្រាវមួយចំនួនក្នុងតំបន់អង្គរ ក៏ដូចជានាំមកសារមន្ទីរ ដើម្បីឱ្យពួកគេស្វែងយល់ពីតម្លៃបុរាណវត្ថុទាំងនោះ។ បុរាណវត្ថុ ដែលត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ សម្រាប់ការសិក្សាស្រាវជ្រាវទៅថ្ងៃខាងមុខ ក៏ដូចជាតាំងជូនទេសចរបានទស្សនាផងដែរ។
ក្រោយពីសិក្សាបានជាងមួយឆ្នាំមកនេះ លោក ខៀវ ច័ន្ទ កត់សម្គាល់ឃើញថា សិស្សានុសិស្សបានយល់ដឹងច្រើនទាក់ទងនឹងតម្លៃបេតិកភណ្ឌ ពិសេសពួកគេចាប់ផ្តើមបង្ហាញពីគោលបំណងរៀងៗខ្លួន។ តាមលោក ខៀវ ច័ន្ទ ក្រៅពីចង់ដឹងកាន់តែច្រើនពីតម្លៃបេតិកភណ្ឌហើយ សិស្សមួយចំនួនចង់ក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងតំបន់អង្គរ ហើយអ្នកខ្លះទៀត ចង់បន្តរៀនផ្នែកបុរាណវិទ្យា ឬស្ថាបត្យកម្ម នៅថ្នាក់មហាវិទ្យាល័យជាដើម។
សិស្សវិទ្យាល័យនគរធំ ដែលបានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ យុវសិស្ស គឹមនី រៀននៅថ្នាក់ទី១០ បានបង្ហាញការចាប់អារម្មណ៍ខ្លាំង ទៅនឹងដំណើរទស្សនកិច្ចនៅសារមន្ទីរ។ យុវសិស្សរូបនេះ បានឃើញវាលកប់ខ្មោចនៅបារាយណ៍ទឹកថ្លា រូបចម្លាក់ រួមនិងបុរាណវត្ថុជាច្រើន។ នេះជាលើកទី១ហើយ ដែល គឹមនី បានមកសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ហើយគេបានកោតសរសើរស្នាដៃបុព្វបុរសខ្មែរជាខ្លាំង ថាប៉ិនប្រសព្វបង្កើតវត្ថុសិល្បៈទាំងនោះ ដើម្បីជាកេរមរតកដល់កូនចៅជំនាន់ក្រោយ។ មានរយៈពេល២ខែហើយ ដែល គឹមនី បានចូលរួមជាគម្រោងអប់រំបេតិកភណ្ឌ ក្នុងគម្រោងនេះយុវសិស្សរូបនេះ បានដឹងពីរចនាបថតាមប្រាសាទមួយចំនួន រួមនិងពិធីបុណ្យដែលជាទំនៀមអ្នកភូមិ មានឡើងមាឃ និងផ្លុំក្រឡានជាដើម។ល។
រីឯយុវសិស្ស ទេព ទូច ក៏មានចំណាប់អារម្មណ៍មិនអន់ប៉ុន្មានទេ ក្រោយទស្សនកិច្ចនៅសារមន្ទីររួច។ សម្រាប់យុវសិស្ស ទេព ទូច គម្រោងអប់រំបេតិកភណ្ឌបានបង្រៀនគេឱ្យយល់ពីប្រវត្តិប្រាសាទបុរាណជាច្រើន ពិសេសដឹងពីទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ទូច ថា បេតិកភណ្ឌ ពិតជាមានសារសំខាន់ណាស់សម្រាប់ខ្លួន ក៏ដូចជាអ្នកភូមិឯទៀត។
គម្រោងអប់រំបេតិកភណ្ឌ ពិតជាមានសារសំខាន់ និងបានរួមចំណែកអប់រំពីមូលដ្ឋានគ្រឹះបេតិកភណ្ឌ ដល់អ្នកដែលកំពុងរស់នៅជុំវិញតំបន់ទាំងនោះ។ លោក ខៀវ ច័ន្ទ ថា ប្រសិនបើ ពួកគេយល់ពីតម្លៃនេះ នោះគេនឹងខិតខំការពារ និងអភិរក្សតម្លៃនេះឱ្យបានគង់វង្សទៅមុខទៀត៕