អន្តរជាតិ
ឥណ្ឌា​អំពាវនាវ​សារជាថ្មី​ឱ្យ​ប៉ា​គី​ស្ថាន​ចាត់វិធានការ​ប្រឆាំងនឹង​ក្រុម​សកម្ម​ប្រ​យុ​ទ្ធ
10, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ដកថយ​រៀងៗ​ខ្លួន​ពី​ការប្រឈមមុខ​ដាក់គ្នា​ដ៏​គ្រោះថ្នាក់​មួយ​កាលពីពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ក្រុង​ញូ​ដេលី បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ឱ្យ​ចាត់វិធានការ​ម៉ឺងម៉ាត់​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​នានា ទោះបីជា​រដ្ឋាភិបាល​ឥណ្ឌា​បាន​សម្ដែង​ក្ដី​មន្ទិល​អំពី​ការបង្ក្រាប​មួយ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ទៅលើ​ក្រុម​បែប​នោះ​ក៏ដោយ​។

 
​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បាន​និយាយ​ក្នុង​សប្ដាហ៍​នេះ​ថា ប៉ា​គី​ស្ថាន​បាន​ឃុំខ្លួន​សមាជិក​រាប់សិប​នាក់​នៃ​អង្គ​ការដែល​ត្រូវបាន​ហាមប្រាម​ទាំងនោះ រួមទាំង​សាច់ញាតិ​ជិតដិត​ពីរ​នាក់​របស់​មេដឹកនាំ​ក្រុម Jaish-e-Mohammad ផងដែរ​។​
 
​ប្រទេស​ឥណ្ឌា​បានដាក់​កំហុស​ទៅលើ​ក្រុម Jaish-e-Mohammad នេះ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​ដ៏​ផ្ដាច់ផ្ដិល​ជីវិត​មួយ​កាលពី​ខែ​មុន​ក្នុង​តំបន់​កា​ស្មៀ​រ ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា​។​
 
​អាជ្ញាធរ​ប៉ា​គី​ស្ថាន​និយាយថា ស្ថាប័ន​សាសនា​និង​ស្ថាប័ន​អប់រំ​មួយចំនួន​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឥស្លាម​និយម​ដែល​នៅក្រៅ​ច្បាប់ ក៏ត្រូវ​បានដាក់​ឱ្យ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ដែរ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម​ទូទាំងប្រទេស​។​
 
​ប៉ុន្តែ ចំណាត់ការ​នេះ​មិនបាន​ធ្វើឱ្យ​ប្រទេស​ឥណ្ឌា​ពេញចិត្ត​ពេញ​ថ្លើម​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com