ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រដ្ឋាភិបាលត្រូវពង្រីកកិច្ចគាំពារសង្គមដល់អ្នកក្រៅប្រព័ន្ធដែលមានដល់ ៩០ភាគរយ
× ភ្នំពេញ៖ អ្នកធ្វើការក្នុងប្រព័ន្ធទទួលបានកិច្ចគាំពារសង្គមកាន់តែទូលំទូលាយ។ តែកិច្ចគាំពារនេះត្រូវតែពង្រីកដល់អ្នកក្រៅប្រព័ន្ធ ព្រោះពួកគេបានកាន់កាប់ចំណែក ៩០ភាគរយនៃកម្លាំងពលកម្មសរុបនៅកម្ពុជា ដែលជាតួលេខ Oxfam ទទួលបានពីអង្គការ ILO សម្រាប់ឆ្នាំ២០១៨។ មានន័យថា សេដ្ឋកិច្ចកម្ពុជាត្រូវពឹងលើអ្នកក្រៅប្រព័ន្ធខ្លាំងណាស់។ បើពួកគេជួបហានិភ័យណាមួយ នោះនឹងប្រឈមការទាញគ្រួសារធ្លាក់ក្នុងស្ថានភាពលំបាក ដែលប៉ះពាល់សេដ្ឋកិច្ច និងបង្កបន្ទុកសង្គម។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងអ្នកស្រី លឹម សូលីន នាយិកាអង្គការ Oxfam ប្រចាំកម្ពុជា ដូចតទៅនេះ៖
កិច្ចគាំពារសង្គមសម្រាប់អ្នកក្រៅប្រព័ន្ធ ពាក់ព័ន្ធទៅដល់ការពារហានិភ័យការងារ មុខរបរ និងការថែទាំងសុខភាពជាដើម។ ជារួមគឺធ្វើយ៉ាងណាដើម្បីធានាថា ស្រី្តបម្រើការងារក្រៅប្រព័ន្ធ នៅរក្សាការងារ និងទទួលបានការឧបត្ថម្ភពេលសម្រាលកូន។ គ្រួសារមួយដែលប្រកបមុខរបរក្រៅប្រព័ន្ធ ហើយពេលជួបគ្រោះថ្នាក់ ឬហានិភ័យផ្សេងៗ មិនធ្លាក់ក្នុងស្ថានភាពបំណុលដោយសារខ្ចីលុយសម្រាប់ព្យាបាលជាដើម។ ឬមួយគ្រួសារនោះសម្រេចមិនឲ្យកូនទៅរៀនដើម្បីជួយបន្ទុកគ្រួសារ។ ធានាថាអ្នកលក់ដូរតូចតាច ឬអ្នកបម្រើការងារទាំងនោះ មានកន្លែងមើលថែទារក ដើម្បីឲ្យគាត់អាចបន្តសកម្មភាពជីវភាពរបស់ខ្លួន ព្រមទាំងកិច្ចគាំពារដល់កសិកររងការខូចខាតផលដំណាំជាដើម។
អ្នកស្រី លឹម សូលីន មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាដើម្បីធានាឲ្យអ្នកក្រៅប្រព័ន្ធនៅតែអាចបន្តដំណើរស្របគ្នានឹងផែនការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទទួលបានសុខុមាលភាពមិនថាសុខភាព ការអប់រំ។ អ្នកស្រីបន្ថែមថា៖«ប្រទេសអភិវឌ្ឍខ្ពស់ គឺជាប្រទេសមានកិច្ចគាំពារសង្គមចាក់ឬសជាប្រព័ន្ធ»។
អ្វីដែលសំខាន់មួយទៀត គឺគុណភាពសេវា ពោលគឺមិនមែនពង្រីកតែវិសាលភាពនៃកិច្ចគាំពារសង្គម តែខ្វះគុណភាពនោះទេ។ សព្វថ្ងៃទោះអ្នកធ្វើការក្នុងប្រព័ន្ធទទួលបានកិច្ចគាំពារសង្គម ដូចជាទៅលើផ្នែកសុខភាពជាដើម តែទទួលសេវា នៅមានកម្រិត។ ពួកគាត់មួយចំនួនមិនទទួលបានសមភាព និងគុណភាពព្យាបាល ដែលចង់មិនចង់ត្រូវរកសេវាឯកជនដដែល៕
Tag:
លឹម សូលីន
កិច្ចគាំពារសង្គម
អ្នកធ្វើការក្រៅប្រព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com