ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សារៈសំខាន់​នៃ “​ក្រូចឆ្មារ​” ចំពោះ​សុខភាព​រាងកាយ ប្រយុទ្ធប្រឆាំង​ជំងឺ​ជាច្រើន​
12, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រូចឆ្មារ ជា​ផ្លែឈើ​ម្យ៉ាង​ដែលមាន​រសជាតិ​ជូរ និង​សម្បូរ​ណាស់​ក្នុងប្រទេស​កម្ពុជា​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់​ផ្លែឈើ​រសជាតិ​ជូរ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់បាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា ក្រៅពី​ជួយ​បង្កើន​រសជាតិ​អាហារ និង​ភេសជ្ជៈ​មួយចំនួន​ហើយ​នោះ ក្រូចឆ្មារ អាច​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យភ្ញាក់ផ្អើល​ចំពោះ​សុខភាព​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​សារៈសំខាន់​នៃ​ក្រូចឆ្មារ​ចំពោះ​សុខភាព​រាងកាយ ៖

១. ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ខ្ពស់​
 
​ក្រូចឆ្មារ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ជួយ​ទប់ស្កាត់ និង​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បំផ្លាញ​កោសិកា​បង្ក​ជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ​។ វីតាមីន C ក៏មាន​ប្រសិទ្ធិភាព​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, ជំងឺ​សរសៃឈាម​បេះដូង​, បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​ជំងឺ​ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​ផងដែរ​។​
 
២. សុខភាព​មាត់​ធ្មេញ​
 
​អត្ថប្រយោជន៍​ដ៏​ល្អ​បំផុត​មួយទៀត​នៃ​ក្រូចឆ្មារ គឺ​ជួយ​ដោះស្រាយ​បញ្ហា​មាត់​ធ្មេញ​បាន​យ៉ាង​ប្រសើរ​។ ទឹកក្រូច​ឆ្មារ​ជួយ​បំបាត់​អាកា​រៈ​ឈឺធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស ដោយ​គ្រាន់តែ​ប្រើ​វា​លាប​ទៅលើ​ធ្មេញ​ដែល​ឈឺ​ជាការ​ស្រេច​។ ទឹកក្រូច​ឆ្មារ​ក៏​ជួយ​បំបាត់​អាកា​រៈ​ហូរឈាម​អញ្ចាញ​ផងដែរ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ទឹកក្រូច​ឆ្មារ​ស្រស់​លើ​អញ្ចាញ​ដែល​រង​ផលប៉ះពាល់​។​
 
៣. ព្យាបាល​ជំងឺរាក់​ស៊ី​ធ្មេញ​
 
​ក្រូចឆ្មារ ជួយ​ព្យាបាល​ជំងឺរាក់​ស៊ី​ធ្មេញ​បាន​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​តាមរយៈ​បរិមាណ​នៃ​វីតាមីន C ដែល​វា​មាន​ផ្ទុក​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់ ៤ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ ហើយ​ទទួលទាន​រៀងរាល់ ២ ទៅ ៤ ម៉ោង​ម្ដង​។
៤. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​សារធាតុ polyphenol ដែលមាន​ផ្ទុក​ក្នុង​ក្រូចឆ្មារ​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​ជៀស​ផុតពី​ជំងឺ​ធាត់​ជ្រុល​។ ហើយ​ជាទូទៅ​រូបមន្ត​សម្រក​ទម្ងន់​បែប​ធម្មជាតិ​នេះ​តម្រូវ​ឲ្យ​អ្នក​ទទួលទាន​ទឹកក្រូច​ឆ្មារ​ស្រស់​លាយ​ជាមួយ​ទឹកឃ្មុំ និង​ទឹក​ក្ដៅ​ឧណ្ហៗ​រៀងរាល់​ព្រឹក​មុនពេល​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​អ្វី​ផ្សេង សូម្បីតែ​ទឹក​ធម្មតា​។ ភេសជ្ជៈ​នេះ​ក៏​ជួយ​កម្ចាត់​នូវ​រាល់​ជាតិពុល​ផ្សេងៗ​ចេញពី​ក្នុង​រាងកាយ​ផងដែរ​។​

៥. លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​
 
​មូលហេតុ​ពិសេស​មួយទៀត​ដែល​ធ្វើឱ្យ​ក្រូចឆ្មារ​សំខាន់​សម្រាប់​សុខភាព​រាងកាយ​នោះ គឺ​វា​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រយុទ្ធ​ប្រឆាំងនឹង​បាក់តេរី​ផ្សេងៗ​ដែល​អាច​បង្កបញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​រាងកាយ​។​
 
៦. សុខភាព​ឆ្អឹង​
 
​ការ​ទទួលទាន​ក្រូចឆ្មារ​ក៏​ជួយ​បង្កើន​សុខភាព​ឆ្អឹង​គួរឱ្យកត់សម្គាល់​ផងដែរ​។ វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C និង​កាល់ស្យូម​ដែល​ជួយ​ក្នុងការ​រក្សា និង​ធ្វើ​ឲ្យ​សុខភាព​ឆ្អឹង​កាន់តែ​ប្រសើរឡើង​។ លើសពីនេះទៅទៀត ក្រូចឆ្មារ​ក៏​ជួយ​ការពារ​ឆ្អឹង​ពី​ជំងឺ​ផ្សេងៗ​ទាក់ទង​នឹង​ឆ្អឹង​រួមបញ្ចូល​ទាំង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​, ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។​
 
៧. ទប់ស្កាត់​ក្រួស​ក្នុង​តម្រងនោម​
 
​អាស៊ីត​ស៊ី​ទ្រិ​ក​ដែលមាន​ក្នុង​ទឹកក្រូច​ឆ្មារ​ជួយ​ទប់ស្កាត់​បញ្ហា​ក្រួស​ក្នុង​តម្រងនោម​បាន​យ៉ាង​ប្រសើរ​។ ស៊ី​ត្រាត​ដែលជា​សមាសធាតុ​មួយ​នៃ​អាស៊ីត​ស៊ី​ទ្រិ​ក​ធ្វើឱ្យ​ទឹកនោម​មិនសូវមាន​ជាតិ​អាស៊ីត និង​ថែមទាំង​អាច​បំបែក​ក្រួស​តូចៗ​ក្នុង​តម្រងនោម​ទៀត​។ ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកទទួលបាន​នូវ​ស៊ី​ត្រាត​គ្រប់គ្រាន់​ឡើយ ប៉ុន្តែ​ក៏​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​ទឹក​ស្របតាម​តម្រូវការ​ដើម្បី​ទប់ស្កាត់ ឬ​កម្ចាត់​ចោល​នូវ​ក្រួស​ផងដែរ​។​
 
៨. ព្យាបាល​បញ្ហា​ផ្លូវដង្ហើម​
 
​ក្រូចឆ្មារ ក៏មាន​ប្រសិទ្ធិភាព​ជួយ​ក្នុងការ​ព្យាបាល​បញ្ហា​ផ្លូវដង្ហើម​ដូចជា ជំងឺហឺត បាន​យ៉ាង​ប្រសើរ​គួរឱ្យកត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​វីតាមីន C នៃ​ក្រូចឆ្មារ​ជួយ​ពង្រឹង​ប្រព័ន្ធ​ផ្លូវដង្ហើម​ដែល​សម្រួល​ដល់​ការដកដង្ហើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com