អន្តរជាតិ
ក្រោយ​ហេតុការណ៍​នៅ​អេ​ត្យូ​ពី ចិន​បញ្ជា​ឲ្យ​ផ្អាក​ការប្រើប្រាស់​យន្តហោះ Boeing 737 Max
11, Mar 2019 , 12:29 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​ចិន បានចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ទាំងអស់ ផ្អាក​ការប្រើប្រាស់​យន្តហោះ​ប្រភេទ Boeing 737 Max ជា​បណ្តោះអាសន្ន​សិន​។ ការដាក់​បញ្ជា​យ៉ាង​ភ្ញាក់ផ្អើល​នេះ គឺធ្វើឡើង ក្រោយពី​យន្តហោះ​ប្រភេទ​នេះ​របស់​ក្រុមហ៊ុន Ethiopian Airlines បាន​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ ដោយ​មនុស្ស​ទាំងអស់​លើ​យន្តហោះ​បាត់បង់​ជីវិត​។ ការណ៍​នេះ​កំពុង​បង្ក​ជា​កង្វល់​ដ៏​ធំ​ជុំវិញ​សុវត្ថិភាព​នៃ​យន្តហោះ​លក់ដាច់​បំផុត​របស់​ក្រុមហ៊ុន​អាមេរិក​។​

 
​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ដែល​ដាក់​ដំណើរការ​យន្តហោះ​ប្រភេទ Boeing 737 Max ចំនួន ៦០​គ្រឿង បានទទួល​បញ្ជា​នេះ​ពី​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិន (CAAC) ។ ភ្លាមៗ​នោះ ក្រុមហ៊ុន​ទាំងអស់ បាន​បញ្ឈប់​ការប្រើប្រាស់​យន្តហោះ​ប្រភេទ​នេះ​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃអាទិត្យ​ទី​១០ ខែមីនា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ចិន​មួយ​ឈ្មោះថា Caijing ។​
 
​និយាយ​ពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Ethiopian Airlines មុននឹង​កើតមាន​ហេតុការណ៍​នេះ អ្នកបើកបរ​យន្តហោះ ប្រភេទ Boeing 737 Max ដែល​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះដែរ​នោះ បាន​រាយការណ៍​ពី​បញ្ហា​បច្ចេកទេស ត្រឹម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយពី​យន្តហោះ​ឡើង​ផុតពី​ដី​។ អ្នកបើកបរ​រូបនេះ ក៏បាន​ស្នើសុំ​កាច់ចង្កូត​យន្តហោះ​ខ្លួន​ត្រឡប់​ទៅកាន់​អាកាសយានដ្ឋាន​វិញ​។  ប៉ុន្តែ​ជា​អកុសល បន្តិចក្រោយមក​យន្តហោះ​នេះ​បាន​ធ្លាក់ចុះ​បុកដី និង​សម្លាប់​មនុស្ស​ទាំងអស់​១៥៧​នាក់​ដែល​ជិះ​នៅលើ​នោះ​។​
 
 
​មែនទែនទៅ យន្តហោះ Boeing 737 Max របស់​អេ​ត្យូ​ពី គឺជា​យន្តហោះ​ប្រភេទ​ដូចគ្នា​ទៅនឹង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lion Air របស់​ឥណ្ឌូណេស៊ី ដែល​បាន​ធ្លាក់​ក្នុង​ទីក្រុង Jakarta កាលពី​ខែតុលា​ឆ្នាំ​២០១៨​កន្លងទៅ​។ ក្នុង​ហេតុការណ៍​នេះ មនុស្ស​ទាំងអស់​ចំនួន​១៨៩​នាក់​បាន​បាត់​បង់ជីវិត​។ 
 
​យន្តហោះ Boeing 737 Max ដែល​ផលិត​ដោយ​ក្រុមហ៊ុន​យក្ស Boeing Commercial Airplanes នេះ គឺជា​យន្តហោះ​ស៊េរី Boeing 737 ចុងក្រោយ​របស់ខ្លួន​។ យន្តហោះ​ប្រភេទ​ថ្មី​នេះ ត្រូវបាន​ផលិត​ចំនួន ៣៣០​គ្រឿង គិត​មក​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨​។  វា​ចាប់ផ្តើម​ប្រតិបត្តិ​ការហោះហើរ​លើកដំបូង​ក្នុង​ខែមករា ឆ្នាំ​២០១៦​។​
 
​យ៉ាងណាមិញ អ្នកជំនាញ​ផ្នែក​អាកាសចរណ៍ បានបង្ហាញ​ពី​ក្តីកង្វល់​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​នៃ​យន្តហោះ​ប្រភេទ​នេះ ដោយ​និយាយថា ភាពដូចគ្នា​រវាង​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់ Ethiopian Airlines និង​គ្រោះថ្នាក់​របស់​ក្រុមហ៊ុន Lion Air របស់​ឥណ្ឌូណេស៊ី ពិបាកធ្វើ​ឲ្យ​ពិភពលោក​ព្រងើយកន្តើយ​ណាស់​។ 
 
​ទីមួយ​គឺ យន្តហោះ​ប្រភេទ​នេះ​បើក​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ល្បីឈ្មោះ ជាមួយនឹង​កំណត់ត្រា​សុវត្ថិភាព​ខ្ពស់​។ ចំណែក​ទី​ពីរ​គឺ ជើងហោះហើរ​របស់​ក្រុមហ៊ុន  Lion Air ធ្លាក់ចុះ​ត្រឹម​១៣​នាទី​ប៉ុណ្ណោះ​ក្រោយ​ហោះ​ផុតពី​ដី ខណៈដែល​ជើងហោះហើរ​របស់​ក្រុមហ៊ុន Ethiopian Airlines ជួប​គ្រោះថ្នាក់ ក្នុង​រយៈពេល​ត្រឹម​៦​នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​ហោះ​ចេញពី​អាកាសយានដ្ឋាន​។ 
 
​ថ្លែងប្រាប់​ទូរទស្សន៍ CNN លោក  Mary Schiavo អ្នកជំនាញ​ផ្នែក​អាកាសចរណ៍ និង​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ដឹកជញ្ជូន​អាមេរិក និយាយថា​៖ «​រឿងនេះ​ពិតជា​គួរ​ឲ្យ​សង្ស័យ​ណាស់​។ យើង​មាន​យន្តហោះ​ស៊េរី​ថ្មី​មួយ ដែល​បាន​ធ្លាក់​ចំនួន​ពីរលើក​ក្នុងអំឡុងពេល​ត្រឹមតែ​មួយឆ្នាំ​។ នេះ​អាចជា​សារ​ព្រមាន​មួយ​ដល់​ឧស្សាហកម្ម​អាកាសចរណ៍​»៕
 

Tag:
 ​ចិន​
  អាកាសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com