ONE Championship
កីឡាជាតិ
ជាតិ
ម្ចាស់​ក្លិប CTT ថា រិ​ន សា​រ័ត្ន បង្ហាញ​សមត្ថភាព​សមជា​អ្នក​ប្រដាល់លំដាប់​កំពូល​របស់ ONE
11, Mar 2019 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
 អត្ថបទ​៖ Matias Andres
 
​កីឡាករ រិ​ន សា​រ័ត្ន របស់​ក្លិប Cambodian Top Team មិនបាន​ទទួលជោគជ័យ​ឡើយ​ក្នុងការ​ប្រកួត​ទល់នឹង​កីឡាករ​សំណព្វចិត្ត​របស់​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា “The Dragon Leg” Tial Thang នៅ ONE: REIGN OF VALOR កាលពី​ថ្ងៃ​សុក្រ​ទី​៨​ខែ មីនា ឆ្នាំ​២០១៩​។​

 
​ក្នុងការ​ប្រកួត​ទម្ងន់ catchweight ៦៨​គីឡូក្រាម​ក្នុង​គូ​សំខាន់​ក្នុង​រដ្ឋធានី​យ៉ាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា សា​រ័ត្ន បាន​ល្បង​សមត្ថភាព​ជាមួយ​សមាជិក​ថ្មី​របស់​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​របស់​ពិភពលោក​នេះ ទាំង​បែប​ឈរ​វាយ​និង​ផ្ដេកខ្លួន​លើ​ផ្ទៃ​សង្វៀន​។​
 
​កីឡាករ​គុន​ខ្មែរ​វ័យ​២៥​ឆ្នាំ​នៅ​ទីបំផុត​បាន​រង​បរាជ័យ​ដោយ​ចៅក្រម​ទាំង​៣​បានសម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ Thang ឈ្នះ ក្រោយ​ប្រកួត​គ្នា​៣​ទឹក​យ៉ាងសកម្ម​។​
 
​ទោះបី​សា​រ័ត្ន​ចាញ់​ក្នុងការ​ប្រកួត​លើកដំបូង​របស់គេ​ក្នុង​ឆ្នាំ​២០១៩​ក្ដី តែ​គេ​នៅ​ទទួលបាន​ការសរសើរ​ខ្ពស់​ពី​សំណាក់​អ្នកគាំទ្រ​និង​ក្រុមការងារ​របស់ខ្លួន​។​
 
​ជាក់ស្ដែង លោក ហ៊ុន ចាន់​រាជ្យ ម្ចាស់​ក្លិប Cambodian Top Team និយាយថា​៖ «​គុណ​ផល​របស់​សា​រ័ត្ន​ទល់នឹង​កីឡាករ​ដែលមាន​កម្ពស់​ខ្ពស់ជាង​បានបង្ហាញ​ថា​កីឡាករ​កម្ពុជា​មិនមែន​ងាយ​យកឈ្នះ​ដូច​មុន​ទៀតឡើយ​។ គាត់​បាន​ប្រឹងប្រែង​ខ្លាំង​ទល់នឹង​ជើងឯក​ចំបាប់​៤​សម័យ​របស់​មី​យ៉ាន់​ម៉ា​និង​ជា​ជើងឯក​ក្រុង New York»​។​
 
​នៅមុន​ការប្រកួត​ចាប់ផ្ដើម Thang បាន​ព្យាករ​ទុកជាមុន​ថា​គេ​នឹង​បញ្ចប់ សា​រ័ត្ន ដោយ​មិន​ប្រើពេល​យូរ ខណៈ សា​រ័ត្ន បាន​សន្យាថា​គេ​នឹង​បង្ហាញ​ក្បាច់​ថ្មីៗ​ដែល​គេ​បាន​ហ្វឹកហាត់​នៅ​ថៃ​។​
 
​ជាក់ស្ដែង នៅពេល​ការប្រកួត​ចាប់ផ្ដើម​ជា​ផ្លូវការ សា​រ័ត្ន បានបង្ហាញ​ភាព​រីកចម្រើន​យ៉ាងខ្លាំង​ត្រង់​របៀបការ​ពារ​ការ​ចូលចាប់​ផ្ដួល​របស់​គូបដិបក្ខ និង​បាន​តតាំង​ទឹក​ទី​១​ដោយ​ឈរ​វាយ​ភាគច្រើន​។​
 
​លោក ចាន់​រាជ្យ បន្តថា​៖ «​សម្រាប់​សា​រ័ត្ន ការការពារ​ការចូល​ចាប់​ផ្ដួល​និង​អាច​ឈរ​តតាំង​ទល់នឹង​កីឡាករ​ដូចជា Tial Thang នេះ​បង្ហាញ​ឲ្យ​ឃើញថា​គេ​បាន​រីកចម្រើន​កម្រិតណា​ក្នុងនាម​ជា​កីឡាករ​គុន​ចម្រុះ​ម្នាក់​»​។​
 
«​សា​រ័ត្ន​មានការ​វាយតប​យ៉ាង​ចំណាន​មួយចំនួន​ក្នុងពេល​ឈរ​តតាំង​គ្នា ប៉ុន្តែ​មិនអាច​ទប់ទល់​នឹង​កម្លាំង​ដ៏​ខ្លាំង​របស់​ជើងឯក​ចំបាប់​មី​យ៉ាន់​ម៉ា​ដូចជា Tial បានល្អ​ឡើយ ហើយ​នោះ​ជាការ​ចាញ់​ប្រៀប​របស់គាត់​ក្នុងការ​ប្រកួត​»​។​
 
​បើ​ក្រឡេកមើល​ការប្រកួត​របស់​អត្ត​ព​លិ​ក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ ថ្នាក់ដឹកនាំ​ក្លិប CTT លោក ចាន់​រាជ្យ នៅតែមាន​ផ្នត់គំនិត​វិជ្ជមាន និង​មើលឃើញថា​វិស័យ​គុន​ចម្រុះ​កម្ពុជា​កំពុង​រះ​ឡើង​។​
 
​លោក ចាន់​រាជ្យ បញ្ជាក់ថា​៖ «​សា​រ័ត្ន​បានបញ្ជាក់​ឱ្យឃើញថា​គាត់​ស្ថិត​ក្នុងចំណោម​កីឡាករ​លំដាប់​កំពូល​មួយចំនួន​របស់ ONE Championship ហើយ​គាត់​សម​នឹង​ទទួលបាន​ការទទួលស្គាល់​ចំពោះ​ការលះបង់​និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​ដើម្បី​ដាក់​កម្ពុជា​នៅលើ​ឆាក​ពិភពលោក​។ ខ្ញុំ​ប្រាកដថា​សា​រ័ត្ន​បានធ្វើ​ឲ្យ Tial និង​មនុស្ស​ជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល​»​។​
 
​សូម​រម្លឹកថា​មកទល់​ពេលនេះ កម្ពុជា​នៅ​មិនទាន់​បង្កើតបាន​ជោគជ័យ​ជាថ្មី​ដូច​កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ​ដែល នៅ ស្រី​ពៅ បាន​ស៊ីដាច់​ពិន្ទុ​លើ Rika Ishige របស់​ថៃ​នៅឡើយ​ទេ​។​
 
​ទោះ​បែបនេះ​ក្ដី ព្រះរាជាណាចក្រ​អច្ឆរិយៈ​នៅតែមាន​អត្ត​ព​លិ​ក​ចូល​ប្រកួត​ជាប្រចាំ​នៅ ONE Championship និង​ស្ថាប័ន​អន្តរជាតិ​ល្បីៗ​ផ្សេងទៀត​។​
 
​លោក ចាន់​រាជ្យ មើលឃើញ​ភាពប្រែប្រួល​នៃ​ទស្សនៈ​របស់​ប្រជាជន​កម្ពុជា​ចំពោះ​វិស័យ​ក្បាច់គុន​ក្នុងប្រទេស​នេះ តែ​ក៏​សង្ឃឹមថានឹង​កាន់តែ​មានការ​គាំទ្រ​ច្រើន​ជាងនេះទៀត​នៅពេល​អនាគត​។​
 
​ថ្នាក់ដឹកនាំ​ក្លិប CTT បញ្ជាក់​ជា​ចុងក្រោយ​ថា​៖ «​ពួកយើង​សម​នឹង​ទទួលបាន​ការគាំទ្រ​និង​លើកតម្កើង​ដូច​គ្រប់គ្នា​ផ្សេងទៀត​ដែរ​។ ពួកយើង​ហ៊ាន​ទទួលយក​ការប្រកួត​ដែល​ត្រូវបាន​ផ្ដល់​មក និង​បាន​បញ្ចេញ​នូវ​អ្វីដែល​យើង​មាន ហើយ​ពួកយើង​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ជាច្រើនលើក​មកហើយ​។ ដូច្នេះ​សូមជួយ​លើកតម្កើង​អត្ត​ព​លិ​ក​កម្ពុជា​យើង​និង​បន្ត​អភិវឌ្ឍ​វីរបុរស​កម្ពុជា​យើង​ជា​បន្តទៀត​»៕
 





 

Tag:
 ONE Championship
  រិ​ន សា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com