ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី​គុន​ចម្រុះ នៅ ស្រី​ពៅ លម្អិត​ពី​ផែនការ​ធំៗ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៩
11, Mar 2019 , 9:19 pm        
រូបភាព
​អត្ថបទ​៖ Matias Andres
 
​កីឡាការិនី នៅ ស្រី​ពៅ របស់​ក្លិប Cambodian Top Team កំពុង​កើន​ប្រជាប្រិយ​យ៉ាងខ្លាំង បន្ទាប់ពី​បញ្ចប់​ឆ្នាំ​២០១៨​ក្នុងនាម​ជា​ជ័យលាភី Female Fighter of the Year របស់​ស្ថាប័ន World Lethwei Championship និង​ឈ្នះ​ជើងឯក​គុន​ខ្មែរ​នៅ​កម្ពុជា​។​


 
​ទោះបី​សម្រេចបាន​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំងនេះ​រួចហើយ​ក្ដី កីឡាការិនី​វ័យ​២៤​ឆ្នាំ​បាន​បន្តធ្វើ​បានល្អ​លើស​ក្ដី​រំពឹងទុក​ថែមទៀត​នៅពេល​នាង​ឡើង​ប្រកួត​គុន​ចម្រុះ​លើក​ទី​១ ហើយ​បាន​ផ្ដួល​កំពូល​តារា​ថៃ​កាត់​ជប៉ុន Rika “Tinydoll” Ishige នៅ ONE: CLASH OF LEGENDS ក្នុង​ក្រុង​បាងកក​។​
 
​ឥឡូវនេះ ស្រី​ពៅ ត្រូវបាន​ចាត់ទុកជា​វីរនារី​ម្នាក់​របស់​កម្ពុជា​ក្នុង​វិស័យ​ក្បាច់គុន ហើយ​នាង​កំពុង​បន្ត​អភិវឌ្ឍ​ខ្លួន​បន្ថែមទៀត​ឲ្យ​កាន់តែខ្លាំង​ក្នុង​អាជីព​មួយ​នេះ ដោយ​ចង់​ប្រកួត​ជាមួយ​អ្នកខ្លាំងៗ​ជាង​មុន​ថែមទៀត​នៅក្រៅ​ប្រទេស​។​


 
​ស្រី​ពៅ ពន្យល់ថា​៖ «​នៅ​ស្រុក​ខ្មែរ​មាន​កីឡាការិនី​តិចតួច​ណាស់ ដូច្នេះ​ខ្ញុំ​គ្មាន​អ្នក​ដែល​ខ្ញុំ​ពិតជា​ចង់​ប្រកួត​ជាមួយ​ទេ​នៅទីនេះ​»​។​
 
​ថ្វីបើ​បាន​ទទួលស្គាល់ថា​សមត្ថ​ភាព​របស់ខ្លួន​មិនទាន់បាន​ពាក់កណ្ដាល​ម្ចាស់​ខ្សែក្រវាត់ ONE Super Series Atomweight Kickboxing និង ONE Muay Thai World Champion ជនជាតិ​ថៃ Stamp Fairtex មែនពិត តែ ស្រី​ពៅ បាន​បង្ហើប​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ​ល្បង​សមត្ថភាព​ជាក់ស្ដែង​ជាមួយ​កំពូល​កីឡាការិនី​ថៃ​រូបនេះ​។ តែ​ប្រសិន​ជំនួប​នេះ​មិនកើត​ឡើង​ទេ ស្រី​ពៅ នៅមាន​ជម្រើស​ផ្សេងទៀត​ជាច្រើន​។​
 
​កីឡាការិនី​ជម្រើសជាតិ​សកល​របស់​កម្ពុជា​បន្ត​ថា​៖ «​ឆ្នាំនេះ​ខ្ញុំ​ប្រហែល​មិន​ប្រកួត​គុន​ខ្មែរ​ទេ ព្រោះ​ខ្ញុំ​ជា​ជម្រើសជាតិ​ប្រដាល់សកល​។ ដូច្នេះ​ខ្ញុំ​ត្រូវ​ផ្អាក​ការហ្វឹកហាត់​គុន​ខ្មែរ​មួយរយៈ​ដើម្បី​ផ្ដោតលើ​ប្រដាល់សកល​សម្រាប់​ប្រកួត SEA Games 2019 នៅ​ហ្វ៊ី​លី​ពី​ន​ក្នុង​ខែវិច្ឆិកា​ខាងមុខ​»​។​
 
​ស្រី​ពៅ បន្ថែមថា​៖ «​កាល​មុន​ខ្ញុំ​រក​សង្វៀន​វ៉ៃ​មិន​បានទេ ហើយ​ខ្ញុំ​គិត​ចង់​ឈប់​ពី​ប្រដាល់​។ នៅក្នុង​ស្រុក​ខ្មែរ​មិនសូវមាន​កីឡាការិនី​ទេ ហើយ​សឹងតែ​មិនមាន​ការគាំទ្រ​ការប្រកួត​របស់​កីឡាការិនី​។ ប៉ុន្តែ​ឥឡូវ​លោកគ្រូ ហ៊ុន ចាន់​រាជ្យ រកបាន​ឱកាស​ថ្មី​សម្រាប់​ខ្ញុំ​។ ខ្ញុំ​រំភើប​ខ្លាំង​មែនទែន​។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់​។ ខ្ញុំ​លែង​ចង់​ឈប់​ហើយ ហើយ​ខ្ញុំ​នឹង​ខំ​ហាត់​ឱ្យ​ខ្លាំង​ជាង​នេះ​ទ្វេដង​»​។​
 
​ដើម្បី​ត្រៀមខ្លួន​ឲ្យ​រួចរាល់​សម្រាប់​ការប្រកួត​ដែល​អាច​កើតឡើង​នៅពេល​ខាងមុខ ស្រី​ពៅ រាល់ថ្ងៃនេះ​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ស្វាហាប់​ដោយ​មិន​ខ្លាច​នឿយហត់ និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​។​
 
​ស្រី​ពៅ បញ្ជាក់​ចុងក្រោយ​ថា​៖ «​ខ្ញុំ​ហាត់​រាល់ថ្ងៃ​។ ខ្ញុំ​ហាត់​ប្រដាល់សកល​នៅ​អូឡាំពិក តែបើ​ខ្ញុំ​ត្រូវ​ទៅ​ប្រកួត MMA ខ្ញុំ​នឹង​ហាត់​ត្រៀម​នៅ​ក្លិប Cambodian Top Team​។ ឥឡូវនេះ​ខ្ញុំ​មាន​អ្នកគាំទ្រ​ច្រើនណាស់​។ ខ្ញុំ​លើសពី​សប្បាយចិត្ត​។ បន្ទាប់ពី​ខ្ញុំ​ប្រកួត​នៅ​បាងកក​រួច មាន​មនុស្ស​ច្រើនណាស់​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ហើយ​ហៅ​ខ្ញុំ​ថា​[​វីរនារី​កម្ពុជា​]​។ គ្រួសារ​របស់ខ្ញុំ​និង​ខ្លួន​ខ្ញុំ​ផ្ទាល់​រំភើប​ចិត្តខ្លាំង​មែនទែន​»៕

Tag:
 នៅ ស្រី​ពៅ​
© រក្សាសិទ្ធិដោយ thmeythmey.com