រថយន្ត
អន្តរជាតិ
ពេល​ចូលឆ្នាំ ថៃ​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​អង្គុយ​នៅ​បាំង​ក្រោយ​រថយន្ត Pickup វិញ​ហើយ​
15, Apr 2019 , 6:00 pm        
រូបភាព
រូបភាព៖ The Phuket News
រូបភាព៖ The Phuket News
ដោយ:
​ខុសពី​ឆ្នាំមុន អាជ្ញាធរ​ថៃ ប្រកាសថា ខ្លួន​នឹងមិន​ដាក់​បម្រាម​លើ​អ្នកដំណើរ​ដែល​ជិះ​នៅ​បាំង​ខាងក្រោយ​រថយន្ត​ប្រភេទ Pickup នា​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នោះឡើយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គស្នងការ​រង​នៃ​កង​នគ​បាល​ជាតិ​ថៃ លោក Srivara Ransibrahmanakul ដោយ​សង្កត់ធ្ងន់ថា សមត្ថកិច្ច​នឹង​ណែនាំ​ឲ្យ​ប្រជាជន​គោរព​ច្បាប់​ចរាចរណ៍ រួមមាន ការ​ជិះ​តាម​ល្បឿន​កំណត់ និង​បើកបរ​ដោយ​គ្មាន​ជាតិ​ស្រវឹង​ជាដើម​។

 
​ថ្លែង​នៅក្រោយ​ជំនួប​ជាមួយ​មន្ត្រីនគរបាល​ថ្នាក់​ខេត្ត​-​ក្រុង លោក​ស្នងការរង Srivara និយាយថា អ្នកដំណើរ​នឹងត្រូវ​អនុញ្ញាត​ឲ្យ​អង្គុយ​នៅ​ឃ្លុប​ខាងក្រោយ​នៃ​រថយន្ត​ប្រភេទ Pickup  អំឡុង​ថ្ងៃ​ចូលឆ្នាំថ្មី ពោលគឺ​ចាប់ពី​ថ្ងៃទី ១៣-១៦ ខែមេសា ។ ប៉ុន្តែ​លោក​អះអាងថា អ្នក​ទាំងនោះ​ត្រូវ​ធានាថា ទង្វើ​នេះ​មាន​សុវត្ថិភាព​សម្រាប់​អាយុជីវិត​របស់​ពួកគេ​។​
 
​កាលពី​ឆ្នាំមុន សមត្ថកិច្ច​ថៃ​ធ្លាប់បាន​ហាមប្រាម និង​រឹតបន្តឹង​លើ​ការដឹក​អ្នកដំណើរ​ដែល​ជិះ​នៅ​បាំង​ខាងក្រោយ​នៃ​រថយន្ត​ប្រភេទ Pickup រួច​ម្តង​ហើយ​។ ប៉ុន្តែ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជា​ជននេះ ទទួលរង​ព្យុះ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ថៃ Bangkok Post មន្ត្រី​សមត្ថកិច្ច​ជាន់ខ្ពស់​ថៃ​រូបនេះ ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ក្រើនរំលឹក​ពលរដ្ឋ​ពី​បញ្ហា​បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​ព្រមាន​ចាត់វិធានការ​លើ​អ្នកបើកបរ ដែល​ឈាម​របស់​ពួកគេ​ផ្ទុក​ជាតិ​អាកុល​លើសពី​បរិមាណ​កំណត់​។​
 
​បើតាម​លោក​ស្នងការរង Srivara ដដែល មន្ត្រីនគរបាល​មាន​កាតព្វកិច្ច​អនុវត្ត​ច្បាប់​យ៉ាង​តឹងតែង​បំផុត និង​មិនត្រូវ​លើកលែង​ចំពោះ​បុគ្គល​ណា​ដែល​បើកបរ​ដោយមាន​ផ្ទុក​ជាតិ​ស្រវឹង ហើយ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​។ លោក​បន្តទៀតថា ទីតាំង​ត្រួតពិនិត្យ​តាម​ដង​ផ្លូវធំៗ នឹងត្រូវ​បង្កើន​ចំនួន​ច្រើនជាង​ឆ្នាំមុនៗ​ទៅទៀត ដើម្បី​ជំរុញ​ឲ្យ​អ្នកបើកបរ​គោរព​ច្បាប់​។​
 
​ម្យ៉ាងវិញទៀត នគរបាល​ភូមិន្ទ​ថៃ​បាន​ដាក់ចេញ​វិធានការ​ចរាចរណ៍​ថ្មី​មួយ ដោយ​ហាមឃាត់​រថយន្ត​ធុន​ធំ​ប្រភេទ​កង់​១០​ពី​ការបើកបរ​លើ​ដងផ្លូវ​សំខាន់​ចំនួន​៣ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ ១១៧​គីឡូម៉ែត្រ អំឡុង​ថ្ងៃទី​១១ ដល់​ថ្ងៃទី ១៧​ខែមេសា​ខាងមុខ​៕
 

Tag:
 ថៃ​
  ថ្ងៃ​សង្ក្រាន្ត​
  រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com