កីឡាអន្តរជាតិ
អន្តរជាតិ
បុរស​ដែលរ​ត់ទៅ​វាយ Grealish ដល់​ក្នុង​តារាង ប្រឈម​ការពិន័យ​មួយជីវិត​
11, Mar 2019 , 4:16 pm        
រូបភាព
​បុរស​ម្នាក់​ដែលរ​ត់ទៅ​វាយ​កីឡាករ Jack Grealish ខ្សែប្រយុទ្ធ​របស់ Aston Villa ដល់​ក្នុង​ទីលាន​ប្រកួត ត្រូវបាន​ប៉ូលិស​ចោទប្រកាន់​ហើយ និង​បន្ត​ឡើង​តុលាការ នៅ​ថ្ងៃទី​១១ ខែមីនា​នេះ​។​


Grealish ប្រធាន​ក្រុម​របស់ Aston Villa ត្រូវ​បុរស​ម្នាក់​ឈ្មោះ Paul Mitchell វាយ​ពីក្រោយ​មួយ​ដៃ​អំឡុង​ការប្រកួត​ទល់នឹង Birmingham City ក្នុង​ក្របខណ្ឌ Championship នៅ​ថ្ងៃទី​១០ ខែមីនា​។ ប៉ូលិស​ក្នុង​តំបន់ West Midlands បានបញ្ជាក់​ថា​លោក Mitchell អាយុ ២៧​ឆ្នាំ​ត្រូវ​ចោទប្រកាន់​ពីបទ «​លុកលុយ​ក្នុង​ទីលាន​ប្រកួត និង​ប្រើ​អំពើហិង្សា​»​។​

 
 
​ក្រោយ​ហេតុ​ការ​ភ្លាមៗ ប៉ូលីស​បាន​បញ្ជូន​បុរស​នោះ​ទៅ​ឃុំឃាំង​ដើម្បី​រង់ចាំ​បង្ហាញខ្លួន​នៅមុខ​តុលាការ​និង​កាត់ក្តី​នៅ​ថ្ងៃ​ចន្ទ​នេះ​។​
 
​បើតាម​ការប្រកាស​រប​ស់​ក្លិប Birmingham City អ្នកគាំទ្រ​របស់ខ្លួន​រូ​ប​ណា​ដែល​ប្រព្រឹត្តិ​ទង្វើ​បែបនេះ​នឹងត្រូវ​ហាម​ចូលរួម​ទស្សនា​ការប្រកួត​មួយជីវិត​។ មិនទាន់មាន​ការបង្ហាញ​ថា​លោក Mitchell ជា​អ្នកគាំទ្រ Aston Villa ឬ Birmingham នៅឡើយ​ទេ​
 
Grealish ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​ដែលជា​ជនរងគ្រោះ​នៅតែ​អា​ចរក​គ្រាប់​បាល់ មួយ​គ្រាប់​ដើម្បី​ជួយ Aston Villa ទទួល​ជ័យជម្នះ ១-០ លើ​ក្រុម Birmingham​។ ប៉ុន្តែ​ការអបអរ​គ្រាប់​បាល់​របស់គេ​គឺ​នៅ​ឆ្ងាយ​ពី​ក្រុម​អ្នកគាំទ្រ​៕

Tag:
 បាល់ទាត់​
  Jack Grealish
© រក្សាសិទ្ធិដោយ thmeythmey.com