រថយន្ត
អន្តរជាតិ
សិង្ហ​បុរី​៖ ឪពុកម្តាយ​ជាច្រើន​មិនសូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​កូនៗ​ឡើយ​
11, Mar 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អ្នកស្រី Liu Wen Hsin តែងតែ​យក​កៅអី​ក្មេង និង​ខ្សែក្រវាត់​សុវត្ថិភាព​ជាប់​តាម​ខ្លួន​នៅពេល​ធ្វើដំណើរ​តាម​រថយន្ត ឬ​តាក់ស៊ី ជាមួយ​កូនប្រុស​អាយុ Spencer អាយុ​២​ឆ្នាំ​។ ស្ត្រី​សិង្ហ​បុរី​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ប្រាប់ The Straits Times នេះ​ជា​រឿង​ដ៏​សំខាន់បំផុត​សម្រាប់​សុវត្ថិភាព​របស់​កុមារ ដែល​ឪពុកម្តាយ​ជាច្រើន​មើលរំលង​។

 
«​ឪពុកម្តាយ​ភាគច្រើន​តែងតែ​យកចិត្តទុកដាក់​ចំពោះ​កូន ប៉ុន្តែ​ពួកគាត់​បែរជា​ភ្លេច​គិតថា ករណីនេះ [​ឲ្យ​កូន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​] ជា​រឿង​សំខាន់​»​។ អ្នកស្រី Hsin សំដែង​ការហួសចិត្ត​យ៉ាង​ដូច្នេះ​។​
 
​ការស្ទង់មតិ​មួយ​ដោយ​និស្សិត​ឆ្នាំ​ទី​៤​នៃ​សាកលវិទ្យាល័យ Nanyang Technological University (NTU) បានបង្ហាញ​លទ្ធផល​ឲ្យ​ឃើញថា ឪពុកម្តាយ​ជាច្រើន​ទទួលស្គាល់ថា ពួកគាត់​មិនសូវ​យកចិត្តទុកដាក់​បំពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​កូនៗ​នោះឡើយ បើទោះបីជា​ពួកគាត់​យល់ថា វា​ជា​រឿង​សំខាន់​សម្រាប់​សុវត្ថិភាព​ក៏ដោយ​។​
 
​ក្នុងចំណោម​ឪពុក​៥១៣​នាក់ ដែលមាន​កូន​អាយុ​ជាង​១០​ឆ្នាំ ប្រមាណ​៧៨​ភាគរយ បាន​បញ្ជាក់ថា រថយន្ត​ពួកគាត់​មាន​កៅអី និង​ខ្សែក្រវាត់​សុវត្ថិភាព​សម្រាប់​កុមារ ប៉ុន្តែ​មាន​ត្រឹមតែ​៥៥​ភាគរយ​ប៉ុណ្ណោះ ដែល​លើកឡើងថា ពួកគាត់​ពាក់​ឲ្យ​កូនៗ​គ្រប់ពេល​។​
 
​បើតាម The Straits Times ឪពុកម្តាយ​ស្ទើរតែ​ពាក់កណ្តាល បាន​រៀបរាប់ថា កូនៗ​ខ្លួន​នៅ​មិន​សុក​ឡើយ​នៅពេលដែល​ពួកគេ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព និង​អង្គុយ​នៅតែ​មួយកន្លែង ខណៈ​ឪពុកម្តាយ​គ្មាន​រថយន្ត បាន​លើកឡើងថា គ្មាន​ហេតុផល​អ្វី​នោះឡើយ ដែល​យក​កៅអី​សុវត្ថិភាព​តាម​ខ្លួន​។​
 
​ការសិក្សា​មួយ​ដែល​ផ្សាយ​ដោយ​មន្ទីរពេទ្យ KK Women’s and Children’s Hospital (KKH) របស់​សិង្ហ​បុរី បាន​បង្ហាញថា កុមារ​ភាគច្រើន​រងរបួស​ក្នុង​គ្រោះថ្នាក់​យានយន្ត ដោយសារ​ពួកគេ​មិន​ស្ថិតនៅក្នុង​កៅអី​ដ៏​ត្រឹមត្រូវ​។ 
 
​លោក​វេជ្ជបណ្ឌិត Chong Shu-Ling ដែល​ដឹកនាំ​ការស្រាវជ្រាវ បានស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពង្រឹង​វិធានការ​ច្បាប់​លើ​ករណីនេះ ជាពិសេស​ការដាក់កំហិត​លើ​សេវា​ដឹកជញ្ជូន (App) និង​តាក់ស៊ី នានា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com