ជាតិ
សង្គមជាតិ
​អាជ្ញាធរ​អប្សរា ពិចារណា​រឿង​ចិន​សុំ​ខ្ចី​បដិមា​មួយចំនួន ទៅ​តាំង​ក្នុង​ពិព័រណ៍​អរិយធម៌​អាស៊ី​
12, Mar 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ អនុប្រធាន​នៃ​ពិ​ព័រ​ណ៌​សិល្បៈ​ចិន បាន​ជួប​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃទី​១១ មីនា ដើម្បី​ពិភាក្សា​ពី​គម្រោង​ខ្ចី​រូប​បដិមា ពី​ប្រាសាទបុរាណ​ខ្មែរ​មួយចំនួន ក្នុង​រមណីយដ្ឋាន​អង្គរ យកទៅ​បង្ហាញ​ក្នុង​ពិព័រណ៍​អរិយធម៌​អាស៊ី​នៅ​ប្រទេស​ចិន​។ ពិព័រណ៍​នេះ គ្រោង​ធ្វើ​នៅក្នុង​ខែឧសភា ខាងមុខ​។​

 
​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បានឱ្យដឹងថា ភាគី​ចិន​ដែល​ដឹកនាំ​ដោយ​លោក CHOU Ming អនុប្រធាន​នៃ​ពិ​ព័រ​ណ៌​សិល្បៈ​ចិន ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​ជាតិចិន បាន​ជួបពិភាក្សា​ជាមួយ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ ពី​គម្រោង​ខ្ចី​រូប​បដិមា​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទតាកែវ ដើម្បី​យកទៅ​តាំង​ពិ​ព័រ​ណ៌​នៅ​ប្រទេស​ចិន​។ លោក​បន្ថែមថា ពិ​ព័រ​ណ៌​នេះ ភាគី​ចិន​បាន​អញ្ជើញ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី ក្នុងនោះ​ក៏មាន​កម្ពុជា​ដែរ ដើម្បី​បង្ហាញ​ពី​អរិយធម៌​ប្រទេស​ក្នុង​តំបន់​អាស៊ី​។​
 
​ទាក់ទង​នឹង​ការខ្ចី​បដិមា​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទតាកែវ​វិញ អ្នកនាំពាក្យ​ពន្យល់ថា ដោយសារ​ភាគី​ចិន​មានបំណង​រំលេច​ជាពិសេស​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន ទៅលើ​កិច្ចការងារ​នៃ​ការថែរក្សា​បេតិកភណ្ឌ​នេះ​។ គេ​ដឹង​ហើយ​ថា ចិន​បាន​ជួយ​ជួសជុល​ប្រាសាទចៅសាយទេវតា បន្ទាប់មក​ប្រាសាទតាកែវ ហើយ​បាននិងកំពុង​សិក្សា​ពី​គម្រោង​ជួសជុល​ប្រាសាទ​មួយចំនួនទៀត​នៅ​តំបន់​អង្គរ រួមមាន ប្រាសាទបេង​មាលា ប្រាសាទភិមានអាកាស និង​ផ្នែក​មួយ​នៃ​កំពែង​ក្រុង​អង្គរធំ ក៏ដូចជា​គម្រោង​ជួសជុល​ប្រាសាទព្រះវិហារ​ផងដែរ​។​


 
​លោក ឡុង កុសល បន្ថែមថា ការងារ​នេះ​ជា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​និង​ប្រទេស ហើយ​មិនមែនជា​រឿង​ចំឡែក​ទេ ទាក់ទង​នឹង​ការងារ​ខ្ចី​បដិមា​នេះ​។ លោក​បន្ថែមថា កន្លងមក​កម្ពុជា​ក៏​ធ្លាប់​ឱ្យ​ប្រទេសមួយ​ចំនួន​ខ្ចី​បដិមា​ដែរ ក្នុងនោះ​រួមមាន ប្រទេស​បារាំង ជប៉ុន និង​សហរដ្ឋអាមេរិក​ជាដើម​។ 
 
​យ៉ាងណា អ្នកនាំពាក្យ​លើកឡើងថា គម្រោង​ខ្ចី​បដិមា​នេះ​មិនទាន់​ច្បាស់លាស់​ឡើយ ដោយសារ​អាជ្ញាធរ​ជាតិ​អប្សរា ត្រូវ​សិក្សា​ឱ្យបាន​ល្អិតល្អន់​ទៅលើ​ការវាយតម្លៃ ការធានារ៉ាប់រង មុននឹង​អនុញ្ញាតឱ្យ​បដិមា ឬ​បុរាណវត្ថុ​នានា​ចាក​ចេញពី​ប្រទេស​។ លោក ឡុង កុសល សុំឱ្យ​សាធារណជន​ទាំងអស់​កុំឱ្យ​មានការ​ព្រួយបារម្ភ និង​សូម​អរគុណ​ចំពោះ​ការចូលរួម​នូវ​មតិយោបល់​ផ្សេងៗ​ទាក់ទង​នឹង​បញ្ហា​នេះ​៕


 រូបភាព៖ ប្រាសាទតាកែវ ដែលចិនបញ្ចប់គម្រោងជួសជុលនៅដើមឆ្នាំ ២០១៨
 

Tag:
 វប្បធម៌​
  បដិមា​
© រក្សាសិទ្ធិដោយ thmeythmey.com