កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ចំណូល​ជាង ៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨
11, Mar 2019 , 11:59 pm        
រូបភាព
 លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា
លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រក​ចំណូល​បាន​ជាង ៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដោយ​ចំណូល​ទាំងនេះ​ទទួលបាន​ពី​ប្រភព​ចំនួន​១០​ធំៗ​។ ក្រោយ​ទូទាត់​ចំណាយ​ចំណូល​ក្នុង​ឆ្នាំ​២០១៨ សហព័ន្ធ​នេះ​នៅសល់​ថវិកា​ជាង​១,៥​លាន​ដុល្លារ សម្រាប់​ប្រើប្រាស់​បន្ត​នៅ​ឆ្នាំ​២០១៩​។ បន្ថែម​លើ​នេះ សហព័ន្ធ ក៏បាន​បង្ហាញ​ពី​គម្រោង​ចំណូល​ចំណាយ​លើ​ដំណើរការ​អភិវឌ្ឍ​កីឡា​បាល់ទាត់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ ផងដែរ​។

 
​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ ដែល​អាន​ដោយ​លោក អ៊ុក សិទ្ធិ​ជាតិ ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​របស់​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ឆ្នាំ​២០១៨ សហព័ន្ធ​បាល់ទាត់​កម្ពុជា​រកចំណូលបាន​ចំនួន ៦,០២៥,៤២៨.៤៨​ដុល្លារ​។ ចំណូល​ទាំងនេះ​ទទួលបាន​ពី​ប្រភព​ធំៗ​ចំនួន​១០​។ 
 
​ប្រភព​ចំណូល​ទាំងនោះ​រួមមាន​ថវិកា​សល់​ក្នុង​ឆ្នាំ​២០១៧(១,៤៧៧,៣២៧.៨៤​ដុល្លារ​), សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA (១,៧៧២,៩៨៥​ដុល្លារ​), សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី AFC (៣១៥,៨៧៣​ដុល្លារ​), សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ AFF (១៩៩,០៣៣.៩៧​ដុល្លារ​), សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន JFA (២០,០០០​ដុល្លារ​), ក្រុមហ៊ុន​ក្នុងស្រុក​និង​សកម្មភាព​ផ្សេងៗ​របស់ FFC (៦៨៦,៩០០​ដុល្លារ​), ការឧបត្ថម្ភ​គាំទ្រ​របស់​រដ្ឋ (២៩៥,៤៤៦.៤៥​ដុល្លារ​), ពី​សប្បុរសជន​(១០,០០០​ដុល្លារ​), ចំណូល​ក្រៅ​ផែនការ​(៣៤៧,៨៩៧.២២​ដុល្លារ​) និង​ចំណូល​ពី​ក្រុមហ៊ុន​ឯកជន​ដែល​មិនទាន់​ទទួលបាន​(៧២៩,១០០​ដុល្លារ​)​។​


 
​ប៉ុន្តែ​សហព័ន្ធ​បាន​ចំណាយ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ប្រាក់ខែ​បុគ្គលិក គ្រូបង្វឹក ការរៀបចំ​ការប្រកួត និង​ចូលរួម​ការប្រកួត​អន្តរ​អន្តរជាតិ​អស់​ចំនួន​៤,៤៨៨,៣៧០.៤១​ដុល្លារ​។ 
 
​ថវិកា​ទាំងនេះ ត្រូវបាន​ចំណាយ​លើ​ការរៀបចំ​ការប្រកួត​ក្នុងប្រទេស​អស់​ចំនួន​៣១៦,៤៣១.៥៨​ដុល្លារ​, គម្រោង​អភិវឌ្ឍ​បាល់ទាត់​ថ្នាល និង​យុវជន ៦៦៤,៧៩៦.៥៥​ដុល្លារ​, ការអភិវឌ្ឍ​គ្រូបង្ហាត់ ៦៤,០១៩.៥៨​ដុល្លារ​, ការអភិវឌ្ឍ​អាជ្ញាកណ្តាល ៦៩,៨១៣.៣៦​ដុល្លារ​, ការចូលរួម​ប្រកួត​និង​អភិវឌ្ឍ​ក្រុម​ជម្រើសជាតិ ៩៤៣,៩៤៧.៦៥​ដុល្លារ​, ការអភិវឌ្ឍ​បាល់ទាត់​នារី ៩៦,៧៧៦.៧៨​ដុល្លារ​, ចំណាយ​លើ​សាលា​បាល់ទាត់​ជាតិ ១៩៧,៣៨៦.០៨​ដុល្លារ​, ប្រតិបត្តិ​ការណ៍​និង​ថែរក្សា​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ ៧០,៧៨៨.១៣​ដុល្លារ​, ចំណាយ​លើ​ប្រតិបត្តិការ​ទីផ្សារ និង​ទំនាក់ទំនង ២៩,២៥០.០៥​ដុល្លារ​, ប្រាក់ខែ​បុគ្គលិក​និង​គ្រូ ៦៧៥,០១២.៧១​ដុល្លារ និង​ចំណាយ​លើ​រដ្ឋបាល ព្រឹត្តិការណ៍​និង​សង្គម ១,៣៦០,១៤៧.៩៤​ដុល្លារ​។  
 
​ក្រោយ​ទូទាត់​ចំណាយ និង​ចំណូល សហព័ន្ធ​នៅសល់​ថវិកា​ចំនួន​១,៥៣៧,០៥៨.០៧​ដុល្លារ សម្រាប់​ប្រើប្រាស់​លើ​គម្រោង​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ​២០១៩ ដែល​ចំណូល​នេះ មាន​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ត្រឹមតែ​១,៤៧៧,៣២៧.៨៤​ដុល្លារ​។​
 
​ក្រៅពី​បង្ហាញ​របាយការណ៍​ចំណាយ​ចំណូល​ក្នុង​ឆ្នាំ​២០១៨ លោក អ៊ុក សិទ្ធិ​ជាតិ ក៏បាន​បង្ហាញ​ពី​គម្រោង​ចំណូល​ចំណាយ​ក្នុង​ឆ្នាំ​២០១៩ ផងដែរ ដោយ​ឆ្នាំនេះ ការចំណាយ​របស់​សហ​ព័ន្ធ កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ បើតាម​របាយការណ៍​ហិរញ្ញវត្ថុ​ខាងលើ​ក្នុង​ឆ្នាំ​២០១៩ សហព័ន្ធ​គ្រោង​ចំណាយ​ចំនួន ៨,១៨៧,៩៩៩​ដុល្លារ ខណៈ​គម្រោង​ចំណូល​មាន​ត្រឹមតែ ៧,៤៩០,៥២០​ដុល្លារ ដែល​ធ្វើ​ឲ្យ​សហព័ន្ធ​នៅ​ខ្វះ​ថវិកា​ចំនួន ៦៩៧,៤៧៩​ដុល្លារ ក្នុងការ​ចំណាយ​លើ​ការអភិវឌ្ឍន៍​នៅ​ឆ្នាំ​២០១៩​។ 
 
​បន្ថែម​លើ​របាយការណ៍​ហិរញ្ញវត្ថុ អង្គ​មហាសន្និបាត ក៏បាន​បង្ហាញ​ពី​របាយការណ៍​វឌ្ឍនភាព និង​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨ និង​ដាក់ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០១៩ ពិសេស​ផែនការ​យុទ្ធសាស្ត្រ​ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​។ លើសពីនេះ អង្គ​មហាសន្និបាត​បានប្រកាស​រំសាយ​សមាជិក​ប្រតិបត្តិ​ផុត​អាណត្តិ​ពីររូប​រួមមាន លោក អ៊ុក សិទ្ធិ​ជាតិ និង​លោក ខៀវ ចិន្តា​វ័​ន្ត និង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ពីររូប​ជំនួស​តំណែង​នេះ​ផងដែរ​។ 


 
​តាមរយៈ​ការបោះឆ្នោត​នៅក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​ដាក់​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១១ មីនា ឆ្នាំ​២០១៩ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែលជា​សមាជិក​ប្រតិបត្តិ​ចាស់ រួមជាមួយ​លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត ត្រូវបាន​អង្គ​មហាសន្និបាត​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​សមាជិក​ប្រតិបត្តិ​ថ្មី​។ ក្នុងនោះ​លោក អ៊ុក សិទ្ធិ​ជាតិ ទទួលបាន​ការគាំទ្រ​ចំនួន​៣២​សម្លេង ក្នុងចំណោម​អ្នកចូលរួម​បោះឆ្នោត​សរុប​៣៧​រូប ខណៈ​លោកស្រី ពុធ ធីតា ទទួលបាន​២៩​សម្លេង​។ 
 
​សម្រាប់​ការបោះឆ្នោត​ដែលមាន​លោក ហ៊ុន សាមុត​, លោក ដួង មាស​ចំរើន និង​លោក ប៉ុន សុខ ជា​គណៈ​រៀបចំ​ការបោះឆ្នោត​មាន​បេក្ខជន​ឈរឈ្មោះ​ចំនួន​៦​រូប​រួមមាន​លោក អ៊ុក សិទ្ធិ​ជាតិ (​សមាជិក​ប្រតិបត្តិ​ផុត​អាណត្តិ​), លោក ខៀវ ចិន្តា​វ័​ន្ត​(​សមាជិក​ប្រតិបត្តិ​ផុត​អាណត្តិ​), លោក អៀង សាក់​នី​ដា​, លោក ហុក សុចិ​ត្រា​, លោក ចាប សុខ​ម៉េង និង​អ្នកស្រី ពុធ ធីតា​។ លោក អៀង សាក់​នី​ដា ទទួលបាន​៦​សម្លេង​, លោក ខៀវ ចិន្តា​វ័​ន្ត បាន​៣​សម្លេង​, លោក ហុក សុចិ​ត្រា បាន​៤​សម្លេង ចំណែក​លោក ចាប សុខ​ម៉េង មិន​ទទួលបាន​សម្លេងគាំទ្រ​នោះទេ​៕   

Tag:
 បាល់ទាត់​
  អ៊ុក សិទ្ធិ​ជាតិ​
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com