ជាតិ
រដ្ឋាភិបាល ថា វឌ្ឍនភាព​ក្រុងព្រះសីហនុ គឺជា​ថាមពល​ដ៏​លេចធ្លោ​របស់​អាស៊ាន​
11, Mar 2019 , 5:37 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  វឌ្ឍនភាព​ក្រុងព្រះសីហនុ គឺជា​ថាមពល​ដ៏​លេចធ្លោ និង​រស់​រវើក​របស់​អាស៊ាន​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

 
​ខណៈ​សាធារណៈជន​មួយចំនួន កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ពី​សំណាក់​អ្នកវិនិយោគ​ចិន​នោះ ស្រាប់តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល ចេញមុខ​បកស្រាយ និង​ការពារ​ដំណើរការ​អភិវឌ្ឍ​ខេត្ត​មួយ​នេះ​។ រដ្ឋាភិបាល ចាត់ទុក​បាតុភូត​នៃ​ការអភិវឌ្ឍ​ដៃគូ​កម្ពុជា​-​ចិន នេះ គឺ​បង្ហាញ​នូវ​ជំនឿ​របស់​អ្នកវិនិយោគ ជា​ដៃគូ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​គេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាព​របស់​រដ្ឋា​ភិ​បាល ក្នុង​ការបន្ត​ពង្រឹង​ប្រសិទ្ធភាព ស្ថិរភាព បរិ​យា​ក​នយោបាយ​ល្អ និង​ថាមពល ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្ដាក់ទុន និង​ពាណិជ្ជកម្ម​សេរី​។ សម្រាប់​រដ្ឋាភិបាល វឌ្ឍនភាព​ក្រុងព្រះសីហនុ គឺជា​ថាមពល​ដ៏​លេចធ្លោ និង​រស់​រវើក​របស់​អាស៊ាន​ទៀតផង​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្រុងព្រះសីហនុ គឺជា​ទីក្រុង​អច្ឆរិយ​មួយ នៅ​តំបន់​ឆ្នេរសមុទ្រ ដែលមាន​ការអភិវឌ្ឍ ក្នុង​សន្ទុះ​មួយ​គួរ​ស្ងប់​ស្ងែ​ង​។ វឌ្ឍនភាព​ក្រុងព្រះសីហនុ មិន​ត្រឹមតែ​ជា​មោទកភាព​នៃ​វិបុលភាព​របស់​កម្ពុជា ដែលជា​ដៃគូ​ជាមួយ​ចិន​នោះទេ ក៏ប៉ុន្តែ​ថែមទាំង​ជា​ថាមពល​ដ៏​លេចធ្លោ និង​រស់​រវើក​របស់​អាស៊ាន​ផងដែរ​។ ដូចនេះ​ក្រុង និង​ខេត្ត​ព្រះសីហនុ រួមជាមួយ​នឹង​បណ្ដា​ខេត្ត​នានា នៅតាម​ឆ្នេរសមុទ្រ គឺជា​ទិសដៅ​ពិតប្រាកដ​នៃ​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ រួមជាមួយ​ការរស់នៅ​ដ៏​សុខក្សេមក្សាន្ត និង​ឱកាស​រីកចម្រើន ដែលជា​ជម្រើស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​»​។​
 
​ក្រៅពី​លើកឡើង​បែបនេះហើយ រដ្ឋាភិបាល ហ៊ាន​អះអាងថា ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​នេះ មិន​ត្រឹមតែ​ផ្ដល់​ជា​ទិសដៅ​ទេសចរណ៍ និង​ឧស្សាហកម្ម ឬ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ឱកាស​ទីផ្សារ​ថ្មី​បន្ថែមទៀត ចំពោះ​កសិករ ពលករ ពាណិជ្ជកម្ម និង​សេវាកម្ម​ជាច្រើន ទាំង​បរិមាណ និង​គុណភាព​នាពេល​អនាគត​។​«​ទីក្រុង​ជាប់​សមុទ្រ​នេះ ក្នុង​រយៈ​ពាល​ដ៏​ខ្លី​ខាងមុខ នឹង​ក្លាយទៅជា​ទីក្រុង​ទំនើប​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម​ដូច​បណ្ដា​ទីក្រុង​អន្តរជាតិ​ដទៃទៀត​នៅតាម​ឆ្នេរសមុទ្រ ដែល​រួមចំណែក​សកម្មភាព​ប្រកបដោយ​ឥទ្ធិពល និង​ផូ​ផង់​នៅក្នុង​តំបន់ ក៏ដូចជា​អន្តរជាតិ ក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី និង​តម្លៃ​មនុស្សជាតិ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​។​
 
អត្ថបទទាក់ទង
 
 
​ទាក់ទង​នឹង​បញ្ហា​វិនិយោគ​ចិន​នេះ សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ លោក ឈាង វណ្ណា​រិ​ទ្ធិ ធ្លាប់​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការវិនិយោគ​ចិន​នេះ មិនទាន់​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ច្រើន​នោះទេ ដោយសារ​ពួកគេ​នាំចូល​កម្មករ​ជំនាញ​មកពី​ប្រទេស​ចិន ហើយ​ខ្វះ​តម្លាភាព និង​ការចែករំលែក​ចំណេះ​ជំនាញ​ដល់ក​ម្មករ ក៏​នៅមានកម្រិត​ទាប​។ ជាពិសេស​បញ្ហា​វិនិយោគ​ចិន ដែល​ផ្ដោតលើ​កាស៊ីណូ ហើយ​នាំ​ផល​អវិជ្ជមាន​ដល់​កម្ពុជា​។​
 
​ដើម្បី​ទប់ស្កាត់​ផល​អវិជ្ជមាន​នៃ​ការវិនិយោគ​ចិន​នេះ រដ្ឋាភិបាល ត្រូវ​រៀបចំ​វិធានការ និង​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការវិនិយោគ​បរទេស​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​ក្នុងប្រទេស​នាពេលខាងមុខ​។​សម្រាប់​លោក ឈាង វណ្ណា​រិ​ទ្ធិ កម្ពុជា​ក៏ត្រូវ​រៀនសូត្រ​ពី​ប្រទេស​ញូ​វ​ហ្សឺ​លែ​ន ម៉ាឡេស៊ី​ជាដើម ដើម្បី​ទប់ស្កាត់​ភាពអវិជ្ជមាន​នៃ​ការវិនិយោគ​របស់​ចិន​នេះ ដែល​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​កម្ពុជា​។​
 
​បច្ចុប្បន្ននេះ មាន​ប្រទេស​មួយចំនួន​ដូចជា ញូ​វ​ហ្សឺ​លែ​ន ម៉ាឡេស៊ី​ជាដើម បាន​ទប់ស្កាត់​ការវិនិយោគ​ចិន ក្នុងប្រទេស​របស់​ពួកគេ ដោយសារតែ​ពួកគេ​យល់ឃើញថា ការវិនិយោគ​ចិន​មួយចំនួន បាន​នាំ​ឲ្យ​មានការ​ផ្ទុះឡើង​តម្លៃ​អចលនទ្រព្យ ដែល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្វះ​លទ្ធភាព ក្នុង​វិស័យនេះ​។ ជាពិសេស​បញ្ហា​បង្ក​អនាធិបតេយ្យ​ផ្សេងៗ​ទៀត ដែល​កើតចេញពី​ការវិនិយោគ និង​លំហូរ​ជន​ជាតិចិន​ក្នុងប្រទេស តាមរយៈ​ការវិនិយោគ​នេះ​៕
 

Tag:
 ផៃ ស៊ី​ផាន​
  ខេត្ត​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com