ជាតិ
ក្រសួងការងារប្ដឹងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មឡឥដ្ឋ ករណីកុមារីជួបគ្រោះថ្នាក់ដាច់ដៃ រូបពីគណនីហ្វេសប៊ុក Theuon Vuthy
× ភ្នំពេញ៖ ក្រសួងការងារកំពុងកសាងសំណុំរឿងបណ្ដឹងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មផលិតឥដ្ឋនៅខេត្តកណ្ដាល ចំពោះករណីកុមារីម្នាក់ជួបគ្រោះថ្នាក់ដាច់ដៃ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី១១ខែមីនានេះ។
កាលពីថ្ងៃទី៩ខែមីនា កុមារីអាយុ១០ឆ្នាំម្នាក់ ដែលជាកូនរបស់កម្មករឡឥដ្ឋ បានជួបគ្រោះថ្នាក់នៅសិប្បកម្មផលិតឥដ្ឋរបស់ម្ចាស់ឈ្នោះ លាង ស្រ៊ុន ក្នុងឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលកុមារីរូបនោះបានដាច់ដៃចូលក្នុងម៉ាស៊ីនផលិតឥដ្ឋ។
ក្រោយការចុះអង្កេត ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានសម្រេចពិន័យសិប្បកម្មផលិតឥដ្ឋមួយនេះស្របតាមមាត្រា ៣៦៨នៃច្បាប់ការងារ និងកសាងសំណុំរឿងព្រហ្មទណ្ឌលើម្ចាស់សិប្បកម្មនេះ អំពីករណីប្រើប្រាស់ពលកម្មកុមារ និងខ្វះវិធានការការពារសុវត្ថិភាពកុមារ មិនឲ្យចូលកៀកទៅកន្លែងខ្សែសង្វាក់ផលិតកម្ម។
ក្រសួងបញ្ជាក់ថា កុមារីរងគ្រោះទទួលបានការគាំទ្រពីរបបសន្តិសុខសង្គម ដូចជា ការព្យាបាលរបួស សេវាស្ដារនីតិសម្បទាឡើងវិញ ប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់សមត្ថភាពអចិន្រៃ្តយ៍មួយជីវិត និងប្រាក់ឧបត្ថម្ភអំឡុងពេលព្យាបាលរបួស។
ក្រសួងក្រើនរំលឹកដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋ សហគ្រាស គ្រឹះស្ថានទាំងអស់ យ៉ាងដូច្នេះថា៖«ការប្រើប្រាស់កម្លាំងពលកម្មកុមារ គឺត្រឹមអនុវត្តឲ្យបានត្រឹមត្រូវតាមប្រកាសលេខ៣០៩ ក.ប/ប្រ.ក ចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០០៧ ស្ដីពីលក្ខខណ្ឌការងារ និងជីវភាពរស់នៅក្នុងសហគ្រាសឡឥដ្ឋ។ ការប្រើប្រាស់កុមារអាយុក្រោម១២ឆ្នាំ គឺជាបទល្មើសព្រហ្មទណ្ឌ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ពលកម្មកុមារអាយុក្រោម១៨ឆ្នាំនៅតាមមណ្ឌលហប់ ទីខ្ពស់ និងកន្លែងដែលមានប្រើប្រាស់សាធាតុគីមីត្រូវហាមឃាត់។ ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌចំពោះសិប្បកម្មឡឥដ្ឋ សហគ្រាស គ្រឹះស្ថានដែលល្មើសនឹងករណីខាងលើ»៕
© រក្សាសិទ្ធិដោយ thmeythmey.com