ជាតិ
អត្ថបទពាណិជ្ជកម្ម
ផលិតផល​ខ្មែរ​«​តែ​ម្រេច​កំពត​»​ឈាន​ជើង​ចូល​ទីផ្សារ​ទ្វីប​នៃ​ប្រទេស​និយាយ​ភាសា​បារាំង
12, Mar 2019 , 10:49 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តែ​កញ្ចុំ​ផ្កា​ម្រេច​ខេត្តកំពត​នៃ​ក្រុមហ៊ុន Confirel ត្រូវបានធ្វើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​នៃ​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​ចំនួន​៤​រួចហើយ​។ អ្នកប្រើប្រាស់​នៅ​ទីនោះ ចូល​ចិត្តនឹង​ផលិតផល​ខ្មែរ​មួយ​នេះ​ណាស់​។ នេះ បើ​យោងតាម អ្នកតំណាង​លក់​នៅក្នុង​ទ្វីបអាហ្វ្រិក លោកស្រី Coumba Diallo នាយិកា​ផ្នែក​លក់​នៃ​ក្រុមហ៊ុន PPM ដែលជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Confirel​។
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​ជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ លោកស្រី Coumba Diallo បាន​ឲ្យ​ដឹងថា ផលិតផល​ខ្មែរ «​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​»​កំពុង​ពេញនិយម​នៅក្នុង​ប្រទេស​មួយចំនួន​នៅក្នុង​ទ្វីបអាហ្វ្រិក ដូចជា ប្រទេស កូដ​ឌី​វ័រ ប្រទេស តូ​ហ្គោ ប្រទេស សេ​ណេ​ហ្គា​ល បេ​ណាំង​។​ល​។ សម្រាប់​លោកស្រី Coumba Diallo, ផលិតផល​ខ្មែរ «​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត​» មាន​គុណភាព​ខ្ពស់ ជួយ​សម្រួល​សុខភាព និង​វា​ជា​ផ​លិ​ផល​សរីរាង្គ​។ លោកស្រី​បញ្ជាក់ទៀតថា អតិថិជន​នៅ​ទីនោះ គាំទ្រ​ផលិតផល​របស់​ខ្មែរ តែ​ម្រេច​កំពត​។ គោលបំណង​ចុងក្រោយ​របស់លោក​ស្រី Coumba Diallo គឺ​នាំចេញ​ផលិតផល​«​តែ​ម្រេច​កំពត​»​ទៅកាន់​ប្រទេស​ចំនួន​១៣​នៅក្នុង​ទ្វីបអាហ្វ្រិក​ដែល​និយាយ​ភាសា​បារាំង​។ 
 
​ក្រុមហ៊ុន Confirel មិនមែន​ផលិត​តែ «​តែ​ម្រេច​កំពត​»​នោះទេ​។ តាមពិត ក្រុមហ៊ុន​ខ្មែរ​មួយ​នេះ ផលិត ម្រេចស ក្រហម ខ្មៅ ទឹកជ្រលក់​ម្រេច​ខ្ចី​កំពត​ជាមួយនឹង​ទឹកខ្មេះ ទឹកត្នោត​។​ល​។ ខន​ហ្វី​រេល (Confirel) គឺជា​ក្រុមហ៊ុន​ខ្មែរ​។  ចម្ការ​ម្រេច​របស់​ក្រុមហ៊ុន ខន​ហ្វី​រេល បានទទួល​វិញ្ញាបនបត្រ​សរីរាង្គ​លើកដំបូង​ពី ECOCERT S.A ជាមួយ​ស្តង់ដា​អឺរ៉ុប​(ESO) និង​បទដ្ឋាន​របស់​អាមេរិក​(NOP)​។ 
 
ECOCERT S.A គឺជា​អង្គការ​ត្រួតពិនិត្យ និង​ផ្តល់​វិញ្ញាបនបត្រ​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៩១ ដោយ​វិស្វករ​កសិកម្ម​ដែល​ចង់​ធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​កសិកម្ម ដែល​គោរព​នូវ​បរិស្ថាន និង​ផ្តល់​ការទទួលស្គាល់​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ការផលិត​នេះ​។ ដូចនេះ ចាប់ពី​ពេល​បង្កើត​ឡើងមក ECOCERT S.A មាន​ឯកទេស​នៅក្នុង​ការផ្តល់​វិញ្ញាបនបត្រ ចំពោះ​ការធ្វើ​កសិកម្មសរីរាង្គ​។ នៅក្នុង​ឆ្នាំ​១៩៩០ ECOCERT S.A បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ នៃ​ការធ្វើ​កសិកម្មសរីរាង្គ ដោយ​ការចូលរួម​ក្នុង​ការធ្វើ​សេចក្តីព្រាង​បទបញ្ញត្តិ នៅ​ប្រទេស​បារាំង និង​អឺរ៉ុប​។ ស្ថាប័ន​នេះ​ទទួលបាន​ទំនុកចិត្ត​ពី​អ្នកជំនាញ និង​អ្នកប្រើប្រាស់ ហើយ​បាន​ក្លាយទៅជា​ស្ថាប័ន​មួយ​ដែលមាន​គេ​ទទួលស្គាល់​ទូទាំង​ពិភពលោក​សម្រាប់​ការបញ្ជាក់​វិញ្ញាបនបត្រ​សរីរាង្គ​។ ម្រេច​កំពត  KIRUM បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ទីតាំង​ភូមិសាស្ត្រ ត្រូវបាន​ការពារ​ដោយ​ច្បាប់ ឬ​ហៅ​កាត់​ថា IGP ដែល​ធានា​ការការពារ​ប្រភពដើម គុណភាព និង​ជំនាញ​ដាំ​ដុះ​ពិសេស​របស់​ម្រេច​កំពត  KIRUM​។​


 
​ជាមួយ​វិញ្ញាបនបត្រ​សរីរាង្គ ECOCERT S.A ចំនួន​៣ ដែល​ចម្ការ​ម្រេច​កំពត​របស់​ក្រុមហ៊ុន​ខន​ហ្វី​រេល ទទួលបាន​នេះ​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​ការធានា​ដោយ​មិនអាច​ប្រកែក​បាន​ថា ម្រេច​កំពត  KIRUM គឺជា​ផលិតផល​សរីរាង្គ​ដែល​ដាំ​ដុះ និង​គោរព​ដាច់ខាត​ចំពោះ​បរិស្ថាន​។ IGP និង​វិ​ញ្ញាប​ន​បត្រ ECOCERT S.A ទាំង​៣​នេះ ធ្វើ​ឲ្យ​ម្រេច​កំពត KIRUM ក្លាយជា​គ្រឿងទេស​លេខ​មួយ សក្តិ​សម​នឹង​កេរ្តិ៍ឈ្មោះ​របស់​វា​សម្រាប់ធ្វើ ម្ហូបអាហារ​។ KIRUM ត្រូវបាន​ស្គាល់​ជាដំបូង​តាមរយៈ​ម្រេច​កំពត​ពណ៌​ខ្មៅ ក្រហម និង​ស​។ ការផលិត​របស់ KIRUM មានការ​រីកចម្រើន​យ៉ាងខ្លាំង​ជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ ទៅមួយ​ឆ្នាំ​។ 
 
​តម្រូវការ​សកលលោក សម្រាប់​ម្រេច​កំពត​កាន់តែខ្លាំង​ឡើង​ដោយសារតែ​គ្រប់គ្នា​ស្គា​ល់ពី​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ​ពី សេ្ត​ចនៃ​ម្រេច​មួយ​នេះ​។ ក្រុមហ៊ុន ខន​ហ្វី​រេល បានចាប់ផ្តើម​ដាំ​ដំណាំ​ម្រេច​តាំងពី​ឆ្នាំ​២០១០​មក​។ បច្ចុប្បន្ន​ម្រេច​បាន​ដុះ​នៅលើ​ផ្ទៃដី​ចំនួន​២៥​ហិកតា​។ ការប្រមូល​ផល​លើកដំបូង គឺ​នៅក្នុង​ឆ្នាំ​២០១៤ ហើយ​បានធ្វើ​ការនាំចេញ​ផលិតផល​មួយផ្នែកធំ​ទៅកាន់​ទីផ្សារ​ប្រទេស​បារាំង​៕ 
 













Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com