ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​៖«​បន្ថយ​ការផលិត និង​តម្រូវការ​សម្ភារ​ប្លា​ស្ទិ​ក​ជា​ដំណោះស្រាយ​យូរអង្វែង​សម្រាប់​កម្ពុជា​»
12, Mar 2019 , 11:42 am        
រូបភាព
លោកស្រី Marianne Teoh ប្រធានគម្រោងអភិរក្សតំបន់សមុទ្រនិងឆ្នេរនៃអង្គការ Fauna and Flora International
លោកស្រី Marianne Teoh ប្រធានគម្រោងអភិរក្សតំបន់សមុទ្រនិងឆ្នេរនៃអង្គការ Fauna and Flora International
​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​ក្លាយជា​បញ្ហា​ប្រឈម​ធំ​សម្រាប់​កម្ពុជា​ទាំង​ទីក្រុង​និង នៅ​តំបន់​ជាប់​សមុទ្រ ហើយ​វា​ចាំបាច់​ត្រូវមាន​ដំណោះស្រាយ​ឆាប់រហ័ស​។  អ្នកជំនាញ​មើលឃើញថា ដំណោះស្រាយ​រយៈពេល​វែង​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​មិន​ត្រឹមតែ​កាត់បន្ថយ​ការប្រើប្រាស់​បា្ល​ស្ទិ​ករប​ស់មនុស្ស​ម្នាក់ៗ និង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំណល់​ជារួម​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ជំរុញ​ឲ្យ​បាន​នូវ​ការកាត់បន្ថយ​តម្រូវការ និង​ការផលិត​សម្ភារ​ប្លា​ស្ទិ​ក​តាំងពី​ដើមទី​។ ចំណែក​ភាគី​ឯកជន​ដូចជា​ក្រុមហ៊ុន​ជំនួញ​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​អនុវត្ត​វិធាន​ការចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ប្លា​ស្ទិ​ក​តាមរយៈ​ផែនការ​ជំនួញ​និង​គោលនយោបាយ​ក្រុមហ៊ុន​ខ្លួន​ដែរ​។

 
​សូម​ស្តាប់​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេស​រវាង​លោក សៅ ផល​និស្ស័យ នៃ​សារព័ត៌មាន​ថ្មីៗ​ជាមួយ​លោកស្រី Marianne Teoh ប្រធាន​គម្រោង​អភិរក្ស​តំបន់​សមុទ្រ​និង​ឆ្នេរ​នៃ​អង្គការ Fauna and Flora International ខាងក្រោម​៖ 
 


 
​សំណល់​ប្លា​ស្ទិ​ក​កំពុង​ក្លាយជា​ការគំរាមកំហែង​ខ្លាំង​តំបន់​ជាប់មាត់​សមុទ្រ ក៏ដូចជា​នៅ​កន្លែង​ផ្សេងទៀត​នៅ​កម្ពុជា​ដែល​ចាំបាច់​ត្រូវមាន​ដំណោះស្រាយ​បន្ទាន់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​។  នេះ​ជាការ​បកស្រាយ​របស់លោក​ស្រី Marianne Teoh ប្រធាន​គម្រោង​អភិរក្ស​តំបន់​សមុទ្រ​និង​ឆ្នេរ​នៃ​អង្គការ Fauna and Flora International ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​នៅ​ចុងខែកុម្ភៈនៅកិច្ចពិភាក្សាអាហារពេលព្រឹករៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia)​។ 
 
​ជាមួយនឹង​ការ​ក្រើនរម្លឹក​ពី​ភាពចាំបាច់​ក្នុងការ​ដោះស្រាយ​វិបត្តិ​សំណល់​ប្លា​ស្ទិ​ក លោកស្រី Marinnne បាន​លើកយក​លទ្ធផល​ស្រាវជ្រាវ​បឋម​របស់​លោកស្រី​ជា​សម្អាង​ដែរ​។ លទ្ធផល​នោះ​បង្ហាញថា នៅតាម​សមុទ្រ​កម្ពុជា​បច្ចុប្បន្ន កាកសំណល់ ៨០​ភាគរយ​ជា​សម្ភារ​ប្លា​ស្ទិ​ក ហើយ​ក្នុងនោះ​សំណល់ ៤៨ ភាគរយ​ត្រូវបាន​គេ​បោះចោល​ផ្ទាល់​ចូលទៅក្នុង​សមុទ្រ​តែម្តង​។  
 
​ថ្វីបើ​មាន​ស្ថានភាព​អវិជ្ជមាន​បែបនេះ​ក៏ដោយ លោកស្រី Marianne Teoh ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដោយ​សុទិដ្ឋិនិយម​ថា  វា​មាន​ចំណុច​ច្រើន​ដែល​ភាគី​ពាក់ព័ន្ធ​នៅ​កម្ពុជា​អាច​យកចិត្តទុកដាក់​ធ្វើ​វា ដើម្បី​អាចឈាន​ទៅ​ដោះស្រាយ​បញ្ហា​នេះ​បាន​។ តាម​ការអះអាង​របស់​លោកស្រី ចំណុច​ចម្បង​ដែល​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​គឺ ការកាត់បន្ថយ​តម្រូវការ និង​ការផលិត​សម្ភារ​ប្លា​ស្ទិ​ក​។ 
 
​លោកស្រី​បាន​លើក​ជា​យោបល់​ដូច្នេះ​៖ «​តាម​អ្វីដែល​ខ្ញុំ​បានលើកឡើង​នេះ វា​ចាំបាច់​ត្រូវមាន​ដំណោះស្រាយ​ចំពោះ​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​នេះ​។ វា​មិនមែន​ត្រឹមតែ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​របស់​បុគ្គល​ម្នាក់ៗ និង​ធានា​ការគ្រប់គ្រង​កាកសំណល់​ប្លា​ស្ទិ​ក​ប៉ុណ្ណោះ​ទេ តែ​វា​ចាំបាច់​ត្រូវមាន​ការកាត់បន្ថយ​តម្រូវការ​ក្នុងការ​ប្រើប្រាស់ និង​កាត់បន្ថយ​ការផលិត​សម្ភារ​ប្លា​ស្ទិ​ក​នេះ​តាំងពី​ជំហាន​ដំបូង​»​។​
 
​ជុំវិញ​ចំណេះដឹង​ពី​បញ្ហា​ប្លា​ស្ទិ​ក អ្នកជំនាញ​រូបនេះ​កត់សម្គាល់​ឃើញថា ប្រជាជន​កម្ពុជា​ជាពិសេស​អ្នក​នៅតាម​ទីក្រុង​កាន់តែច្រើន​បាន​យល់ និង​បារម្ភ​ពី​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​នេះ​។ ចំណែក​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក៏បាន​បន្តការងារ​រប​ស់​ខ្លួន​ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ដែរ​។ ប៉ុន្តែ​ការខ្វះខាត​ចំណេះដឹង និង​ការខ្វះ​ឱកាស​ក្នុង​ការចូលរួម​នៅតែ​បន្ត​កើតមាន​ច្រើន​នៅតាម​ទីជនបទ និង​តាម​បណ្តា​តំបន់​សមុទ្រ​ឬ​កោះ​ជាដើម ដែល​វា​ត្រូវមាន​ការយកចិត្តទុកដាក់​ជំរុញ​បន្ថែម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​។​
 
-​ក្រុមហ៊ុន​ឯកជន និង​វិស័យ​ជំនួញ​មាន​តួនាទី​សំខាន់​ក្នុងការ​កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​
 
​ពេល​សារព័ត៌មាន​ថ្មីៗ​សាកសួរ​ពី​តួនាទី​របស់​ក្រុមហ៊ុន​ជំនួញ​នានា​ក្នុងការ​ស្វែងរក​វិធានការ​ប្រឆាំង​សំណល់​ប្លា​ស្ទិ​ក លោកស្រី Marianne Teoh ផ្តល់យោបល់​ថា ក្រុមហ៊ុន​ឯកជន​ឬ​ជំនួញ​អាច​ផ្តល់​ហេតុផល​សេដ្ឋកិច្ច​ក្នុងការ​ជំរុញ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ជាពិសេស​ស្ថិតក្នុង​ជំហាន​នៃ​ការ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​តែម្តង​។​
 
​បើតាម​សម្តី​របស់​លោកស្រី ក្រុមហ៊ុន​ទាំងនោះ​មាន​ជំហាន​ជាច្រើន​ដែល​ជ្រើសរើស​ដើម្បី​ចូលរួម​កាត់បន្ថយ​ប្លា​ស្ទិ​ក​ទាំង​ក្នុងការ​ប្រើប្រាស់ ការលក់ ការផលិត និង​ការប្រើប្រាស់​សម្ភារៈ​ប្លា​ស្ទិ​ក​ឡើងវិញ​ជាដើម​។ រាល់​ដំណាក់កាល​នេះ គេ​អាច​កំណត់​ពី​របៀប​នៃ​ការកម្រិត​បរិមាណ​សំណល់​បញ្ចេញ​ទៅកាន់​បរិស្ថាន ហើយ​បន្ត​ស្វែងរក​វិធី​ណាមួយ​ដើម្បី​ធានា​ឲ្យ​មានការ​ប្រើប្រាស់​ប្លា​ស្ទិ​ក​ក្នុង​ប្រតិបត្តិការ​ជំនួញ​ឡើងវិញ​។ 
 
​ដោយឡែក ក្រុមហ៊ុន​ខ្លះ​ដែល​មិនបាន​ផលិត​សម្ភារ​ប្លា​ស្ទិ​ក​នោះ​ក៏​នៅតែ​អាច​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ករ​យៈ​ការប្តូរ​ផែនការ​ជំនួញ និង​គោលនយោបាយ​ក្រុមហ៊ុន​។ ដំណោះស្រាយ​ងាយៗ​មានដូចជា​ការមិន​ប្រើប្រាស់​សម្ភារ​ប្លា​ស្ទិ​ក​ដូចជា​ដប​ជ័រ ឬ​កែវ​ជ័រ ក្នុង​កិច្ចប្រជុំ ហើយ​ជំនួស​មកវិញ​ដោយ​ផ្តល់​ថង់ និង​កែវ​កាហ្វេ​អាច​ប្រើប្រាស់​ឡើងវិញ​បាន​ដល់​បុគ្គលិក​ក៏ដូចជា​ដៃគូ​ពាក់ព័ន្ធ​របស់​ក្រុមហ៊ុន​ផង​។ បច្ចុប្បន្ន​មាន​អង្គការ​ជាច្រើន​នៅ​កម្ពុជា​បច្ចុប្បន្ន​ដែល​កំពុង​ព្យាយាម​ផលិត​សម្ភារ​ប្រើប្រាស់​ដទៃ​ជំនួស​សម្ភារ​ប្លា​ស្ទិ​ក​ដែរ ហើយ​ស្ថាប័ន​ទាំងនេះ​អាច​ចូលរួម​ជំរុញ​សកម្មភាព​នេះ​បាន​ដូចគ្នា​។  
 
​ដោយឡែក ជុំវិញ​គោលនយោបាយ និង​វិធានការ​នានា​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​គ្រប់គ្រង និង​កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ដូចជា​ការយកថ្លៃ​លើ​ការ​ថង់​ប្លា​ស្ទិ​ក​ជា​សញ្ញា​វិជ្ជមាន​មួយ​។ ប៉ុន្តែ​តាម​យោបល់​លោកស្រី បទបញ្ញត្តិ​ទាំងនោះ​ចាំបាច់​មានការ​អភិវឌ្ឍ​និង​ធ្វើ​ឲ្យ​ប្រសើ​ឡើង​បន្ថែមទៀត​ដើម្បី​ឈានទៅ​ធានា​ប្រសិទ្ធភាព​។​
 
​យ៉ាងណាមិញ លោកស្រី​សង្កត់ធ្ងន់​ដែរ​ថា ការអនុវត្ត​គោលនយោបាយ​ពិតជា​ត្រូវការ​ពេលវេលា​យូរ​ទម្រាំ​ចេញ​ផ្លែផ្កា​។ ដូច្នេះហើយ វា​ចាំបាច់​ត្រូវមាន​ការចូលរួម​ដោយ​បើកចំហ​លើ​ការប្រឹក្សា​យោបល់​ពី​ភាគី​ឯកជន និង​ប្រជាជន​ទូទៅ​ដោយ​ទំនួល​ខុសត្រូវ​រួម​ផងដែរ ដើម្បី​សម្រេច​គោលដៅ​បាន​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​៕ 
 

Tag:
 ប្លា​ស្ទិ​ក​
 ​កម្ពុជា​
  ក្រុមហ៊ុន​ឯកជន​
© រក្សាសិទ្ធិដោយ thmeythmey.com