បញ្ហាសំណល់ប្លាស្ទិកក្លាយជាបញ្ហាប្រឈមធំសម្រាប់កម្ពុជាទាំងទីក្រុងនិង នៅតំបន់ជាប់សមុទ្រ ហើយវាចាំបាច់ត្រូវមានដំណោះស្រាយឆាប់រហ័ស។ អ្នកជំនាញមើលឃើញថា ដំណោះស្រាយរយៈពេលវែងដែលកម្ពុជាត្រូវយកចិត្តទុកដាក់មិនត្រឹមតែកាត់បន្ថយការប្រើប្រាស់បា្លស្ទិករបស់មនុស្សម្នាក់ៗ និងប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់ជារួមប៉ុណ្ណោះទេ តែត្រូវជំរុញឲ្យបាននូវការកាត់បន្ថយតម្រូវការ និងការផលិតសម្ភារប្លាស្ទិកតាំងពីដើមទី។ ចំណែកភាគីឯកជនដូចជាក្រុមហ៊ុនជំនួញមានតួនាទីសំខាន់ណាស់ក្នុងការអនុវត្តវិធានការចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកតាមរយៈផែនការជំនួញនិងគោលនយោបាយក្រុមហ៊ុនខ្លួនដែរ។
សូមស្តាប់បទសម្ភាសន៍ជាភាសាអង់គ្លេសរវាងលោក សៅ ផលនិស្ស័យ នៃសារព័ត៌មានថ្មីៗជាមួយលោកស្រី Marianne Teoh ប្រធានគម្រោងអភិរក្សតំបន់សមុទ្រនិងឆ្នេរនៃអង្គការ Fauna and Flora International ខាងក្រោម៖
សំណល់ប្លាស្ទិកកំពុងក្លាយជាការគំរាមកំហែងខ្លាំងតំបន់ជាប់មាត់សមុទ្រ ក៏ដូចជានៅកន្លែងផ្សេងទៀតនៅកម្ពុជាដែលចាំបាច់ត្រូវមានដំណោះស្រាយបន្ទាន់ និងមានប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងបញ្ហានេះ។ នេះជាការបកស្រាយរបស់លោកស្រី Marianne Teoh ប្រធានគម្រោងអភិរក្សតំបន់សមុទ្រនិងឆ្នេរនៃអង្គការ Fauna and Flora International ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនៅចុងខែកុម្ភៈនៅកិច្ចពិភាក្សាអាហារពេលព្រឹករៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia)។
ជាមួយនឹងការក្រើនរម្លឹកពីភាពចាំបាច់ក្នុងការដោះស្រាយវិបត្តិសំណល់ប្លាស្ទិក លោកស្រី Marinnne បានលើកយកលទ្ធផលស្រាវជ្រាវបឋមរបស់លោកស្រីជាសម្អាងដែរ។ លទ្ធផលនោះបង្ហាញថា នៅតាមសមុទ្រកម្ពុជាបច្ចុប្បន្ន កាកសំណល់ ៨០ភាគរយជាសម្ភារប្លាស្ទិក ហើយក្នុងនោះសំណល់ ៤៨ ភាគរយត្រូវបានគេបោះចោលផ្ទាល់ចូលទៅក្នុងសមុទ្រតែម្តង។
ថ្វីបើមានស្ថានភាពអវិជ្ជមានបែបនេះក៏ដោយ លោកស្រី Marianne Teoh ប្រាប់សារព័ត៌មានថ្មីៗដោយសុទិដ្ឋិនិយមថា វាមានចំណុចច្រើនដែលភាគីពាក់ព័ន្ធនៅកម្ពុជាអាចយកចិត្តទុកដាក់ធ្វើវា ដើម្បីអាចឈានទៅដោះស្រាយបញ្ហានេះបាន។ តាមការអះអាងរបស់លោកស្រី ចំណុចចម្បងដែលកម្ពុជាត្រូវយកចិត្តទុកដាក់គឺ ការកាត់បន្ថយតម្រូវការ និងការផលិតសម្ភារប្លាស្ទិក។
លោកស្រីបានលើកជាយោបល់ដូច្នេះ៖ «តាមអ្វីដែលខ្ញុំបានលើកឡើងនេះ វាចាំបាច់ត្រូវមានដំណោះស្រាយចំពោះបញ្ហាសំណល់ប្លាស្ទិកនេះ។ វាមិនមែនត្រឹមតែកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់បុគ្គលម្នាក់ៗ និងធានាការគ្រប់គ្រងកាកសំណល់ប្លាស្ទិកប៉ុណ្ណោះទេ តែវាចាំបាច់ត្រូវមានការកាត់បន្ថយតម្រូវការក្នុងការប្រើប្រាស់ និងកាត់បន្ថយការផលិតសម្ភារប្លាស្ទិកនេះតាំងពីជំហានដំបូង»។
ជុំវិញចំណេះដឹងពីបញ្ហាប្លាស្ទិក អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាជាពិសេសអ្នកនៅតាមទីក្រុងកាន់តែច្រើនបានយល់ និងបារម្ភពីបញ្ហាសំណល់ប្លាស្ទិកនេះ។ ចំណែកភាគីពាក់ព័ន្ធជាច្រើនក៏បានបន្តការងាររបស់ខ្លួនដើម្បីលើកទឹកចិត្តឲ្យមានការកាត់បន្ថយការប្រើប្លាស្ទិកដែរ។ ប៉ុន្តែការខ្វះខាតចំណេះដឹង និងការខ្វះឱកាសក្នុងការចូលរួមនៅតែបន្តកើតមានច្រើននៅតាមទីជនបទ និងតាមបណ្តាតំបន់សមុទ្រឬកោះជាដើម ដែលវាត្រូវមានការយកចិត្តទុកដាក់ជំរុញបន្ថែមពីអាជ្ញាធរពាក់ព័ន្ធ។
-ក្រុមហ៊ុនឯកជន និងវិស័យជំនួញមានតួនាទីសំខាន់ក្នុងការកាត់បន្ថយការប្រើប្លាស្ទិក
ពេលសារព័ត៌មានថ្មីៗសាកសួរពីតួនាទីរបស់ក្រុមហ៊ុនជំនួញនានាក្នុងការស្វែងរកវិធានការប្រឆាំងសំណល់ប្លាស្ទិក លោកស្រី Marianne Teoh ផ្តល់យោបល់ថា ក្រុមហ៊ុនឯកជនឬជំនួញអាចផ្តល់ហេតុផលសេដ្ឋកិច្ចក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាពិសេសស្ថិតក្នុងជំហាននៃការដំណើរការអាជីវកម្មរបស់ខ្លួនតែម្តង។
បើតាមសម្តីរបស់លោកស្រី ក្រុមហ៊ុនទាំងនោះមានជំហានជាច្រើនដែលជ្រើសរើសដើម្បីចូលរួមកាត់បន្ថយប្លាស្ទិកទាំងក្នុងការប្រើប្រាស់ ការលក់ ការផលិត និងការប្រើប្រាស់សម្ភារៈប្លាស្ទិកឡើងវិញជាដើម។ រាល់ដំណាក់កាលនេះ គេអាចកំណត់ពីរបៀបនៃការកម្រិតបរិមាណសំណល់បញ្ចេញទៅកាន់បរិស្ថាន ហើយបន្តស្វែងរកវិធីណាមួយដើម្បីធានាឲ្យមានការប្រើប្រាស់ប្លាស្ទិកក្នុងប្រតិបត្តិការជំនួញឡើងវិញ។
ដោយឡែក ក្រុមហ៊ុនខ្លះដែលមិនបានផលិតសម្ភារប្លាស្ទិកនោះក៏នៅតែអាចចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករយៈការប្តូរផែនការជំនួញ និងគោលនយោបាយក្រុមហ៊ុន។ ដំណោះស្រាយងាយៗមានដូចជាការមិនប្រើប្រាស់សម្ភារប្លាស្ទិកដូចជាដបជ័រ ឬកែវជ័រ ក្នុងកិច្ចប្រជុំ ហើយជំនួសមកវិញដោយផ្តល់ថង់ និងកែវកាហ្វេអាចប្រើប្រាស់ឡើងវិញបានដល់បុគ្គលិកក៏ដូចជាដៃគូពាក់ព័ន្ធរបស់ក្រុមហ៊ុនផង។ បច្ចុប្បន្នមានអង្គការជាច្រើននៅកម្ពុជាបច្ចុប្បន្នដែលកំពុងព្យាយាមផលិតសម្ភារប្រើប្រាស់ដទៃជំនួសសម្ភារប្លាស្ទិកដែរ ហើយស្ថាប័នទាំងនេះអាចចូលរួមជំរុញសកម្មភាពនេះបានដូចគ្នា។
ដោយឡែក ជុំវិញគោលនយោបាយ និងវិធានការនានារបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិកដូចជាការយកថ្លៃលើការថង់ប្លាស្ទិកជាសញ្ញាវិជ្ជមានមួយ។ ប៉ុន្តែតាមយោបល់លោកស្រី បទបញ្ញត្តិទាំងនោះចាំបាច់មានការអភិវឌ្ឍនិងធ្វើឲ្យប្រសើឡើងបន្ថែមទៀតដើម្បីឈានទៅធានាប្រសិទ្ធភាព។
យ៉ាងណាមិញ លោកស្រីសង្កត់ធ្ងន់ដែរថា ការអនុវត្តគោលនយោបាយពិតជាត្រូវការពេលវេលាយូរទម្រាំចេញផ្លែផ្កា។ ដូច្នេះហើយ វាចាំបាច់ត្រូវមានការចូលរួមដោយបើកចំហលើការប្រឹក្សាយោបល់ពីភាគីឯកជន និងប្រជាជនទូទៅដោយទំនួលខុសត្រូវរួមផងដែរ ដើម្បីសម្រេចគោលដៅបានឆាប់រហ័សនិងមានប្រសិទ្ធភាព៕