កីឡាអន្តរជាតិ
អន្តរជាតិ
Birmingham ពិន័យ​អ្នក​វាយ Grealish មួយជីវិត រីឯ​តុលា​ការហាម ១០​ឆ្នាំ​លើ​សកម្មភាព​កីឡា​នៅ​អង់គ្លេស​
12, Mar 2019 , 2:35 pm        
រូបភាព
​អ្នកគាំទ្រ Birmingham City ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ឃុំឃាំង​រយៈពេល ១៤ សប្តាហ៍ និង​ហាម​ចូល​ទស្សនាការ​ប្រកួត​ក្នុង​ទឹកដី​ចក្រភព​អង់គ្លេស ១០ ឆ្នាំ​ពីបទរ​ត់ទៅ​វាយ​កីឡាករ Jack Grealish ប្រធាន​ក្រុម​របស់ Aston Villa ដល់​ក្នុង​ទីលាន​។​


 
Grealish ត្រូវ​បុរស​ម្នាក់​ឈ្មោះ Paul Mitchell វាយ​ពីក្រោយ​មួយ​ដៃ​អំឡុង​ការប្រកួត​ទល់នឹង Birmingham City ក្នុង​ក្របខណ្ឌ Championship នៅ​ថ្ងៃទី​១០ ខែមីនា​។ ក្រោយ​ហេតុការណ៍​ភ្លាមៗ ប៉ូលិស​បាន​បញ្ជូន​បុរស​នេះ​ទៅ​ឃុំឃាំង​ដើម្បី​រង់ចាំ​បង្ហាញខ្លួន​នៅមុខ​តុលាការ​និង​កាត់ក្តី​កាលពី​ថ្ងៃ​ចន្ទ​ទី​១១ ខែមីនា​។​


 
​លោក Mitchell អាយុ ២៧ ឆ្នាំ​បានទទួល​ស្គាល់ និង​សារភាព​នៅក្នុង​តុលាការ​ថា​លោក​ពិតជា​បាន​រត់​ចូល​ទីលាន​ហើយ​ប្រើ​អំពើហិង្សា​ទៅលើ​កីឡាករ​របស់ Aston Villa មែន​។​
 
​ក្រៅពី​ពិន័យ​ឲ្យ​ជាប់ឃុំ​១៤​សប្តាហ៍ និង​ហាម​មិន​ឲ្យ​មាន​សកម្មភាព​គាំទ្រ​ក្នុង​ការប្រកួត​កីឡាបាល់ទាត់​នៅ​អង់គ្លេស​រយៈពេល​១០​ឆ្នាំ​លោក Mitchell ក៏ត្រូវ​ពិន័យ​ជា​ប្រាក់ ៤៦០​ដុល្លារ​អាមេរិក​ផងដែរ ដោយ​ក្នុងនោះ​ប្រាក់​១៣០​ដុល្លារ​អាមេរិក​សម្រាប់​ថ្លៃ​ជំងឺ​ចិត្ត​ដល់ Grealish​។ 
 
​ជុំវិញ​ការប្រព្រឹត្តិ​ទង្វើ​អសីលធម៌​នេះ ខាង​ភាគី​ក្លិប Birmingham City ក៏បាន​សុំ​អភ័យទោស​ក្លិប Aston Villa និង​សាមីខ្លួន Grealish ផ្ទាល់​ផងដែរ​។ លើសពីនេះ​ក្លិប​អះអាងថា ខ្លួន​នឹង​ហាម​អ្នកគាំទ្រ​ម្នាក់នេះ​មិន​ឲ្យ​ចូល​ទស្សនា​ការប្រកួតរ​បស់​ខ្លួន​អស់​មួយជីវិត មិន​ថា​ក្នុង​ដី​ឬ​ក្រៅ​ទឹកដី​ឡើយ​៕
 

Tag:
 បាល់ទាត់​
  Jack Grealish
© រក្សាសិទ្ធិដោយ thmeythmey.com