អន្តរជាតិ
Seungri សមាជិក​ក្រុម Big Bang លាឈប់​ពី​សិល្បៈ ក្រោយ​ធ្លាយ​រឿងអាស្រូវ​កក្រើក​ប្រទេស​
12, Mar 2019 , 8:19 pm        
រូបភាព
ដោយ:
​សមាជិក​ម្នាក់​នៃ​ក្រុម​ចម្រៀង K-pop របស់​កូរ៉េខាងត្បូង Big Bang ដែលមាន​ឈ្មោះ​នៅលើ​ឆាក​ថា Seungri បានប្រកាស​ចាក​ចេញពី​វិស័យ​សិល្បៈ​ជា​ផ្លូវការ នៅ​ថ្ងៃ​ចន្ទ​ទី ១១ ខែមីនា​។ ការសម្រេចចិត្ត​នេះ គឺធ្វើឡើង​ក្រោយពី​លោក​ទទួលរង​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឲ្យ​មាន​សេវាកម្ម​ផ្លូវភេទ​ទៅកាន់​ជនបរទេស ក្នុង​ក្លិប​កម្សាន្ត​ឯកជន​របស់លោក​។

 
​សរសេរ​សារ​នៅលើ​គណនី  Instagram តារាចម្រៀង​វ័យ ២៨​ឆ្នាំ​រូបនេះ និយាយថា លោក​គិតថា​នេះ​គឺជា​ពេលវេលា​សាក​សម​សម្រាប់​ឲ្យ​លោក​ចូលនិវត្តន៍​ពី​ឧស្សាហកម្ម​តន្ត្រី​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Seungri អះអាងថា លោក​នឹង​សហការ​ជាមួយ​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច​នៅក្នុង​បទចោទប្រកាន់​នេះ​។ 
 
​តារាចម្រៀង K-pop ដែលមាន​ឈ្មោះ​ពិត Lee Seung-hyun សុំទោស​អ្នកគាំទ្រ​លោក ដោយ​និយាយថា លោក​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា «​ជន​ក្បត់ជាតិ​»​។ ទន្ទឹមនឹង​គ្នា​នេះ ភ្នាក់ងារ​លោក ក្រុមហ៊ុន YG Entertainment Inc ប្រាប់ Reuters ថា ខ្លួន​ពុំទាន់​សម្រេចចិត្ត​លើ​បំណង​ចាក​ចេញពី​សិល្បៈ​របស់ Seungri នៅឡើយ​ទេ​។ 
 
​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី ១១ ខែមីនា ភាគហ៊ុន​តប​ស់​ក្រុមហ៊ុន YG Entertainment  បាន​ធ្លាក់ចុះ​រហូតដល់ ជិត​១៦​ភាគរយ ដែលជា​ចំនួន​ច្រើន​បំផុត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨​មក​។ កាលពី​ខែ​មុន ទាំង Seungri និង​ក្រុមហ៊ុន YG Entertainment សុទ្ធតែ​បដិសេធ​នឹង​រឿងអាស្រូវ​ពេស្យា ដោយ​អះអាងថា វា​ជា​រឿងប្រឌិត​។ 
 
​សូមបញ្ជាក់ថា Seungri បាន​លេចមុខ​ក្នុង​វិស័យ​សិល្បៈ​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០០៦ ដោយ​អម​ជាមួយ​សមាជិក​ក្រុម​ចម្រៀង​៤​នាក់​ទៀត​រួមមាន G-Dragon, T.O.P, Taeyang និង Daesung ។ ក្រុមហ៊ុន​ចម្រៀង K-pop ដែលមាន​ឈ្មោះថា Big Bang បាន​អូសទាញ​អ្នកគាំទ្រ​ជាច្រើន នៅ​ជុំវិញ​តំបន់​អាស៊ី ដូចជា ហុងកុង​, ម៉ា​កាវ​, សិង្ហ​បុរី និង​តៃវ៉ាន់​ជាដើម​។ 
 
​រឿងអាស្រូវ​ថ្មី​នេះ ផ្ទុះឡើង​ខណៈពេលដែល​តា​រា​ចម្រៀង​រូបនេះ​ត្រៀម​ចូល​អនុវត្ត​កាតព្វកិច្ច​យោធា ដែល​បុរស​កូរ៉េខាងត្បូង​ទាំងអស់​តម្រូវ​ឲ្យ​បំពេញ​។ សមាជិក​៤​នាក់​ផ្សេងទៀត​នៃ​ក្រុម​ចម្រៀង Big Bang កំពុង​ចូល​អនុវត្ត​កាតព្វកិច្ច​យោធា​។ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ភ្នាក់ងារ​លោក ឲ្យ​ដឹងថា Seungri នឹង​ចូលធ្វើ​ទាហាន​ក្នុង​ខែមីនា​នេះ ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា​របស់លោក​៕

Tag:
 ​កូរ៉េខាងត្បូង​
  Seungri
  រឿងអាស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com