ជាតិ
ស៊ុយអែត និង​UNDP អនុវត្ត​គម្រោង​ថ្មី​មួយ​ជួយ​ផ្នែក​សំណល់​រឹង ថាមពល​ស្អាត និង​ធម្មជាតិ នៅ​កម្ពុជា​
13, Mar 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ស៊ុយអែត និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​ជួយ​កម្ពុជា​អនុវត្ត​គម្រោង​ថ្មី​មួយ ដើម្បី​និរន្តរភាព​បរិស្ថាន​នៅ​កម្ពុជា​។ គម្រោង​ថ្មី​ដែល​ត្រូវអនុវត្ត​សម្រាប់​រយៈពេល​ពីរ​ឆ្នាំនេះ មាន​គោលដៅ​ផ្ដល់នូវ​ដំណោះស្រាយ​ថ្មីៗ​លើ​ភាព​រិច​រិល​នៃ​បរិស្ថាន បញ្ហា​សំណល់​ដែល​កំពុង​កើនឡើង និង​លទ្ធភាព​ទទួលបាន​ថាមពល​ស្អាត​មាន​និរន្តរភាព និង​តម្លៃ​សមរម្យ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​។​


 
​គម្រោង​ថ្មី​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​តំណាង UNDP ស្ថានទូត​ស៊ុយអែត និង​ក្រសួង   បរិស្ថាន នៅ​ថ្ងៃទី​១១ ខែកុម្ភ​:​។ លោក ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ថ្លែង​ដូច្នេះ​ថា​៖«​ដោយមាន​ការឧបត្ថម្ភ​ពី​ប្រទេស​ស៊ុយអែត និង​មានការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី UNDP គម្រោង​ថ្មី​នេះ​នឹង​សាកល្បង​អនុវត្ត​គំនិត​ច្នៃប្រឌិត​ថ្មី​ដើម្បី​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន កាត់បន្ថយ​កាកសំណល់ និង​ផ្ដល់​ថាមពល​ស្អាត​តម្លៃ​សមរម្យ​»​។​
 
​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បាន​ពង្រីក​ផ្ទៃដី​ការពារ​ធម្មជាតិ​ដែល​គ្របដណ្ដប់​រហូតដល់ ៤០​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​សរុប​។ គម្រោង​នេះ​មានបំណង​ផ្តល់​សិទ្ធិអំណាច​សហគមន៍​ជនបទ ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលរួម​កាន់តែ​សកម្ម​នៅក្នុង​ការគ្រប់គ្រង​ធនធាន​ប្រកបដោយ​និរន្តរភាព និង​ខិតខំ​កៀងគរ​ប្រភព​ហិរញ្ញវត្ថុ​នានា សម្រាប់​ជួយ​គាំទ្រ​កិច្ចការ​អភិរក្ស និង​ការពារ​ធនធានធម្មជាតិ​ទាំងនោះ​។​
 
​ម្យ៉ាងវិញទៀត ការកើនឡើង​សំណល់​រឹង បាន​ក្លាយជា​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ទីក្រុង​ធំៗ​។ នៅ​ភ្នំពេញ​មាន​សំណល់​ជាង ២៣០០​តោន​ក្នុង​មួយថ្ងៃ​។ ហើយ​សំណល់ ៨០​ភាគរយ មាន​វត្ថុ​ធាតុ​ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​។ ការគ្រប់គ្រង​សំណល់​នាពេល​បច្ចុប្បន្ន​ផ្ដោត​សំខាន់​លើ​ការប្រមូល និង​ការ​បោះចោល​សំណល់​តែប៉ុណ្ណោះ ពោលគឺ​ពុំមាន​ការបែងចែក​សំណល់ កែច្នៃ និង​ការប្រើ​ឡើងវិញ​។​
 
​តាមរយៈ​ការដាក់​ឲ្យ​អនុវត្ត​ទស្សនទាន​សេដ្ឋកិច្ច​ច​ក្រា (Circular Economy) គម្រោង​នេះ​នឹង​ផ្សព្វផ្សាយ​អំពី​អភិក្រម​ថ្មីៗ​សម្រាប់​អ្នក​ផលិត និង​អ្នកប្រើប្រាស់​ក្នុងការ​បដិសេធ កាត់បន្ថយ ប្រើ​ឡើងវិញ និង​កែច្នៃ​សំណល់​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​ថ្មីៗ​។ អភិក្រម​ទាំងនោះ​រួមមាន​ការលើកកម្ពស់​ប​ច្ចេក​វិទ្យា​ថ្មីៗ និង​ជម្រើស​បំ​លែង​សំណល់​ទៅជា​ថាមពល បទបញ្ញត្តិ​ថ្មីៗ​លើកកម្ពស់​ការច្នៃ​ឡើងវិញ និង​ការប្រាស្រ័យ​ទាក់ទង​ជា​យុទ្ធសាស្ត្រ​ប្រឆាំង​ការប្រើ​ផ្លា​ស្ទីក​។​
 
​មួយវិញទៀត គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​កាត់បន្ថយ​គ​ម្លា​តនៃ​ការទទួលបាន​អគ្គិសនី​ប្រើប្រាស់ និង​ខិតខំ​ពង្រីក​បណ្ដាញ​អគ្គស​នី​ទៅដល់​ប្រជាពលរដ្ឋ​តាម​ជនបទ​ដាច់​ស្រ​យ៉ា​ល​។ រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ពង្រីក​បណ្ដាញ​អគ្គិសនី​ឲ្យ​បាន​ទូទាំងប្រទេស​ត្រឹម​ឆ្នាំ​២០២០ និង​ត​ភ្ជាប់​ចរន្តអគ្គិសនី​ដល់ផ្ទះ​ពលរដ្ឋ​ឲ្យ​បាន ៧០​ភាគរយ​ពី​បណ្ដាញ​អគ្គិសនី​រដ្ឋ​ត្រឹម​ឆ្នាំ​២០៣០​។ គម្រោង​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​សក្ដានុពល​ថាមពល​ពន្លឺព្រះអាទិត្យ តាមរយៈ​ការលុបបំបាត់​របាំង​គោលនយោបាយ របាំង​បច្ចេកទេស និង​របាំង​ហិរញ្ញវត្ថុ ក្នុង​គោលដៅ​ផ្ដល់​ឲ្យ​ពលរដ្ឋ​គ្រប់រូប​នូវ​អគ្គិសនី​ប្រើប្រាស់ ដែល​ជឿ​ទុកចិត្តបាន តម្លៃ​សមរម្យ ជាពិសេស​សហគមន៍​ដាច់​ស្រ​យ៉ា​ល ដែល​ពុំ​អាច​ភ្ជាប់​ជាមួយ​បណ្ដាញ​អគ្គិសនី​រដ្ឋ​បាន​។​
 
​តំណាង UNDP លោក Nick Beresford ថ្លែង​ដូច្នេះ​ថា​៖«​សេដ្ឋកិច្ច​ច​ក្រា ជាមួយ​ការប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​កាន់តែ​ច្រើនជាង​មុន និង​ការពារ​កាន់តែ​ប្រសើរ​ឡើងដល់​ធនធានធម្មជាតិ គឺជា​វិធី​មួយ​ដែល​កម្ពុជា​អាច​បន្ត​សម្រេច​នូវ​វឌ្ឍន៍​ឆាប់រហ័ស ដើម្បី​ក្លាយទៅជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ប៉ុន្តែ​ត្រូវ​សម្រេច​គោលដៅ​នេះ​តាម​ផែនការ​ប្រកបដោយ​និរន្តរភាព និង​មាន​សមិទ្ធផល​កាន់តែ​ប្រសើរ​ខាង​ផ្នែក​សុខុមាលភាព និង​សង្គម​»​។​
 
​លោកស្រី Maria Sargren អគ្គរដ្ឋទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា មានប្រសាសន៍​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​ស៊ុយអែត ពិតជា​រីករាយ​ក្នុងការ​គាំទ្រ​គម្រោង​នេះ ខណៈដែល​យើង​ខិតខំ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​អភិក្រម​ដែលមាន​លក្ខណៈ​នវានុវត្តន៍ ដើម្បី​ធានា​និរន្តរភាព​ធនធានធម្មជាតិ អភិវឌ្ឍ​សេដ្ឋកិច្ច​ច​ក្រា និង​ពង្រីក​លទ្ធភាព​ទទួលបាន​ថាមពល ដើម្បី​ជួយ​កម្ពុជា​បោះ​ជំ​ហ៊ាន​ព្រោះ​ទៅរក​ការសម្រេចបាន​និរន្ត​ភាព​បរិស្ថាន​»​។​
 
​បើតាម​មន្ត្រី UNDP គម្រោង​នេះ​នឹង​ចំណាយ​ប្រមាណ​ជាង ១,៨ លាន​ដុល្លារ​អាមេរិក​៕
 

Tag:
 បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com