ជាតិ
សង្គមជាតិ
ចៅក្រមស៊ើបសួរ សម្រេចឃុំឧកញ៉ា គិត ធាង ជាបណ្តោះអាសន្ននៅ PJ
× ក្រោយបញ្ចប់ការសាកសួរ លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់សមត្ថកិច្ច ឲ្យបញ្ជូនឧកញ៉ា គិត ធាង ម្ចាស់ក្លិប Rock ទៅឃុំជាបណ្តោះអាសន្ន នៅមន្ទីរឃុំខ្លួននៃស្នងការរាជធានីភ្នំពេញ (PJ) នាល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។
សមត្ថកិច្ច បានចុះទៅឃាត់ខ្លួនឧកញ៉ា គិត ធាង នៅភូមិគ្រឹះរបស់លោក ដែលស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩។ ការឃាត់ខ្លួនឧកញ៉ារូបនេះ គឺធ្វើឡើងបន្ទាប់ពីមានការជំរុញពីសម្តេចនាយករដ្ឋមន្ត្រី។
សមត្ថកិច្ច រកឃើញគ្រឿងញៀនដល់ទៅជាង៥0គីឡូក្រាមឯណោះ នៅក្នុងក្លិប Rock ហើយយុវជន-យុវតីជាង៣00នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការសេពគ្រឿងញៀន។ ក្រោយមក សមត្ថកិច្ច ក៏ដោះលែងក្រុមយុវជន-យុវតីទាំងនោះវិញ ដោយសល់តែជាង១0នាក់ប៉ុណ្ណោះ ដែលត្រូវបានកសាងសំណុំរឿងទៅតុលាការ។ ចំណែកក្លិបនេះ ត្រូវបានអាជ្ញាធរ សម្រេចបិទចោល តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២0១៩មក៕
© រក្សាសិទ្ធិដោយ thmeythmey.com