ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​បំផ្លាញ​ព្រៃឈើ សត្វព្រៃ ទុក​ទាញ​ផល​ក្នុង​វិស័យ​ទេសចរណ៍​
12, Mar 2019 , 9:19 pm        
រូបភាព
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួង)
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួង)
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​សហគមន៍​ចូលរួម​ថែរក្សា​ការពារ​ធនធានធម្មជាតិ ដើម្បី​ទុក​ទាញ​ប្រយោជន៍​ក្នុង​វិស័យ​ទេសចរណ៍​។


 
​ក្នុងឱកាស​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​សហគមន៍​ទេសចរណ៍​ទឹកធ្លាក់​អន្លង់​ស្វាយ ក្នុងស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​១០​ខែមីនា លោក ថោង ខុន បានស្នើ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការបំផ្លាញ​ព្រៃឈើ បរបាញ់​សត្វ ហើយ​ងា​ម​មក​ខិតខំ​ចូលរួម​គ្នា​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ទាំងនោះ ទុក​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​។​
 
«​ប្រសិន​បងប្អូន​បញ្ឈប់​ការបំផ្លាញ​ព្រៃឈើ ឈប់​បរបាញ់​សត្វ ហើយ​ងាក​មក​ថែរក្សា​ការពារ ទុក​សត្វ​ឲ្យ​ទេសចរ​មើល ទុក​ព្រៃឈើ​ឲ្យ​ភ្ញៀវ​ទស្សនា​កម្សាន្ត ផ្ដល់​សេវា​ដល់​ភ្ញៀវទេសចរ បងប្អូន​នឹង​ទទួល​ប្រាក់ចំណូល​យ៉ាងច្រើន ជួយ​ជំរុញ​ជីវភាព​កាន់តែ​ប្រសើរ ជាជាង​ការបំផ្លាញ​ធនធានធម្មជាតិ​ទាំងនោះ​»​។ លោក ថោង ខុន ត្រូវបាន​ស្រង់​សំដី​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​ដូចនេះ​។​


 
​រដ្ឋមន្ត្រី​ទេសចរណ៍​រូបនេះ អះអាងថា រដ្ឋាភិបាល​បាន​យកចិត្ត​ដាក់​ក្នុងការ​បង្កើត និង​រៀបចំ​តំបន់​អេកូ​ទេសចរណ៍ តំបន់​ទេសចរណ៍ធម្មជាតិ ព្រមទាំង​ទេសចរណ៍​សហគមន៍ ព្រោះថា​វិស័យ​ទេសចរណ៍​សហគមន៍ មាន​ប្រយោជន៍​សំខាន់​ណាស់​ក្នុង​ការជួយ​ការពារ​ធនធានធម្មជាតិ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​អង្គការ​ទេសចរណ៍​ពិភពលោក អាស៊ាន និង​រដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ជំរុញ​វិស័យ​ទេសចរណ៍​សហគមន៍​នេះ​យ៉ាងខ្លាំង ដោយ​មានការ​ចងក្រង​ប្រជាពលរដ្ឋ​ទៅជា​សហគមន៍​ទេសចរណ៍ ដើម្បី​បង្វែរ​ពី​ការកាប់បំផ្លាញ​ព្រៃឈើ និង​បរបាញ់​សត្វ មកជា​ការ​កា​ពារ​ធនធានធម្មជាតិ​វិញ​»​។​


 
​ដើម្បី​លើកកម្ពស់​ទេសចរ​ណ៍ស​ហគ​មន៍ លោក ថោង ខុន ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​។ រដ្ឋាភិបាល និង​ថ្នាក់ក្រោម​ជាតិ ត្រូវ​យកចិត្តទុកដាក់​កសាង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ចូលទៅ​ដល់​តំបន់​ទេសចរណ៍​នោះ ភ្ជាប់​បណ្ដាញ​អគ្គិសនី សេវា​អ៊ី​ន​ធឺ​ណេ​ត ជាដើម​។ ផ្នែក​ឯកជន ត្រូវ​ជួយ​ផ្សព្វផ្សាយ និង​រៀបចំ​កញ្ចប់​ទេសចរណ៍​ចូលមក​តំបន់​នេះ​។ ក្រៅពីនេះ​គឺ​ប្រជាពលរដ្ឋ​សហគមន៍​ដែល​ត្រូវ​ចូលរួម​ថែរក្សា​ព្រៃឈើ សត្វព្រៃ​។ ជាមួយគ្នានេះ ដៃគូ​អភិវឌ្ឍន៍​នានា ក៏​ជា​កត្តា​ចូលរួម​ដ៏​សំខាន់​ផងដែរ លើ​ការផ្ដល់​បច្ចេកទេស បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ផ្ដល់​ហិរញ្ញប្បទាន​៕

Tag:
 សហគមន៍​ទេសចរណ៍​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com