កីឡាអន្តរជាតិ
អន្តរជាតិ
ដើម្បី​ភរិយា អតីត​គ្រូ Man Utd លោក Van Gaal សម្រេច​បញ្ចប់​អាជីព​គ្រូបង្វឹក​
12, Mar 2019 , 9:39 pm        
រូបភាព
​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United លោក Louis van Gaal បានប្រកាស​ពី​បំណង​ចូលនិវត្តន៍​របស់ខ្លួន​ក្នុង​អាជីព​កីឡាបាល់ទាត់​។ ក្រោយ​ការប្រកាស​នេះ Marcus Rashford បាន​ចូលរួម​សម្តែង​ការគោរព និង​ដឹងគុណ​ចំពោះ​អតីត​គ្រូ​របស់គេ​ផងដែរ​។​


 
​អ្នកចាត់ការ​សញ្ជាតិ​ហូ​ឡង់​វ័យ ៦៧ ឆ្នាំ​ដែល​បានឈ្នះ​ពាន FA Cup ក្នុងអំឡុង​ស្នាក់នៅ​ទឹកដី Old Trafford ពីរ​រដូវ​កាល​ចាប់ពី​ឆ្នាំ​២០១៤ បាន​រៀបរាប់​ពី​បំណង​ក្នុងការ​ចាកចេញ​ពី​អាជីព​ជា​អ្នកដឹកនាំ​ក្រុមកីឡា​បាល់ទាត់​របស់លោក​ទៅកាន់​ទូរទស្សន៍​ហូ​ឡង់ VTBL​។​
 
​ក្នុង​អាជីព​ដឹកនាំ​របស់ Van Gaal ជាង​២០​ឆ្នាំ លោក​ធ្លាប់​ដឹកនាំ Ajax ឈ្នះ​ជើងឯក​លី​គ​កំពូល​ហូ​ឡង់​ឆ្នាំ​១៩៩៥ ជា​លើកដំបូង​ក៏ដូចជា​ពានរង្វាន់ La Liga ពីរលើក​ជាមួយ Barcelona រួមទាំង​ពានរង្វាន់ Bundesliga របស់​អាល្លឺម៉ង់​ជាមួយ Bayern Munich​។ ក្រៅពីនោះ​លោក​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ហូឡង់ទ​ទួលបាន​ចំណាត់ថ្នាក់​ទី​៣​សម្រាប់​ពាន World Cup ឆ្នាំ​២០១៤​ទៀតផង​។​
 
«​ឥឡូវនេះ​ខ្ញុំ​ជា​និវត្ត​ន៏​ជន​ម្នាក់​។ ខ្ញុំ​គ្មាន​មហិច្ឆតា​ចង់​ក្លាយជា​នាយក​បច្ចេកទេស​របស់​ក្លិប​ណា ឬក៏​អ្នកវិភាគ​ឲ្យ​ទូរទស្សន៍​ណា​នោះទេ​»​។ លោក Van Gaal បាន​ប្រាប់​ទូរទស្សន៍​ហូ​ឡង់ VTBL ដូច្នេះ​។​
 
​លោក​បន្ថែមថា​៖«​ភរិយា​របស់ខ្ញុំ Truus បាន​បោះបង់​ការងារ​របស់គាត់​សម្រាប់​ខ្ញុំ​អស់​រយៈពេល​២២​ឆ្នាំ​មកហើយ​ដើម្បី​តែ​ដើរ​តាម​ខ្ញុំ​ទៅកាន់​ប្រទេស​ផ្សេងៗ​។ ខ្ញុំ​ធ្លាប់​ប្រាប់​នាង​ថា​ខ្ញុំ​នឹង​លាឈប់​ពី​អាជីព​គ្រូបង្វឹក​នៅ​អាយុ​៥៥​ឆ្នាំ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​រហូតដល់​អាយុ ៦៥​ឆ្នាំ​។ វា​ដល់ពេល​ហើយ​សម្រាប់​ខ្ញុំ​ដើម្បី​ចូលនិវត្តន៍​»​។​
 
​បន្ទាប់ពី​ប្រកាស​ចូលនិវត្តន៍​នេះ អតីត​កូនសិស្សលោក Van Gaal កីឡាករ Marcus Rashford បានបង្ហាញ​ពី​ការដឹង​គុណគ្រូ​របស់ខ្លួន​ដែលជា​អ្នក​ផ្តល់ឱកាស​ឲ្យ​រូបគេ​កើន​ភាព​លេចធ្លោ​រហូតមក​ដល់​ថ្ងៃនេះ​។​
 
​បុរស​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ជា​អ្ន​កិ​ផ្តល់ឱកាស​ឲ្យ​យុវជន Rashford បង្ហាញខ្លួន​លើកដំបូង​សម្រាប់​ក្រុម Man Utd កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៦ ជាមួយនឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​។​

ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស វ័យ​២១​ឆ្នាំ​រូបនេះ​បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ផ្ទាល់​របស់គេ​ដោយ​បង្ហាញ​ការគោរព​ទៅកាន់ Van Gaal ថា​៖«​អរគុណ​ចំពោះ​ការ​ផ្តល់ឱកាស និង​ការទុកចិត្ត​លើ​ខ្ញុំ​។ សូម​រីករាយ​ជាមួយ​ការចូលនិវត្តន៍​របស់​លោក​»​។​
 
​ក្រៅពី Rashford មិត្ត​រួម​ក្រុម​របស់គេ​ម្នាក់ទៀត Anthony Martial ក៏បាន​រៀបរាប់​ពី​ការដឹងគុណ​ចំពោះ លោក Van Gaal ផងដែរ​។ Martial ដែល Van Gaal ទិញ​ពី Monaco កាលពី​ឆ្នាំ​២០១៥ សរសេ​លើ Twitter ថា​៖«​សូម​អរគុណ​សម្រាប់​អ្វី​គ្រប់យ៉ាង​លោកគ្រូ​។ ជា​កិត្តិយស​បំផុត​ដែល​ខ្ញុំ​បាន​រៀនសូត្រ​ពី​លោកគ្រូ​កន្លងមក​»៕


Tag:
 បាល់ទាត់​
  Manchester United
  Louis van Gaal
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com