កីឡាករកាយវប្បកម្ម សំបូរ នន់ និង ណុំ សុបិន្ត បានប្រកាសលាលែងពីអាជីពជាកីឡាករកាយវប្បកម្ម ក្រោយមានរឿងដ៏ចម្រូងចម្រាសពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តរបស់កីឡាករ សំបូរ សុភណ្ឌ ម្ចាស់មេដាយមាសពិភពលោកនៅប្រទេសថៃ។ សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជា ដែលប្រកាន់ជំហរមិនទទួលយកការបកស្រាយរបស់ក្រសួង ក៏បានប្រកាសផ្អាកសកម្មភាពចូលរួមប្រកួតលើឆាកអន្តរជាតិមួយរយៈផងដែរ។
បញ្ហារឿងថវិកាលើកទឹកចិត្តរបស់កីឡាករកាយវប្បកម្ម សំបូរ សុភណ្ឌ ដែលត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្តាញសង្គមបានក្លាយជារឿងដ៏ក្តៅគគុកសម្រាប់វិស័យកីឡានៅកម្ពុជានាពេលបច្ចុប្បន្ន។ ទោះបីក្រសួងអប់រំ យុវជន និងកីឡាបានព្យាយាមសម្របសម្រួលនិងបកស្រាយយ៉ាងណាក៏ដោយ តែសាមីខ្លួនកីឡាករ និងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ នៅតែប្រកាន់ជំហរមិនទទួលយកការបកស្រាយ។ គោលបំណងរបស់ពួកគេ គឺធ្វើយ៉ាងណាទទួលបានដំណោះស្រាយសមស្របតាមការទាមទារ។
ការគ្មានដំណោះស្រាយសមស្របពីក្រសួងអប់រំយុវជននិងកីឡា បានធ្វើឲ្យកីឡាករមួយចំនួនប្រកាសពីជំហរឈប់ចូលរួមប្រកួតតំណាងឲ្យជាតិ និងលាឈប់ពីអាជីពជាកីឡាករកាយវប្បកម្ម។ កីឡាករ សំបូរ នន់ បងប្រុសបង្កើតរបស់កីឡាករ សំបូរ សុភណ្ឌ បានប្រកាសលាឈប់ប្រកួតតំណាងឲ្យជាតិ ក្រោមហេតុផលក្រសួងអប់រំមិនឲ្យតម្លៃលើកីឡា។
កីឡាកររូបនេះ បានរៀបរាប់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖«ខ្ញុំបាទ សំបូរ នន់ ជាអ្នកកីឡាកាយវប្បកតំណាងជាតិតាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ ខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំឈប់ប្រកួតជាកីឡាករតំណាងជាតិទៀតហើយ ពីព្រោះក្រសួងអបរំយុវជននិងកីឡា មិនបានឲ្យតម្លៃដល់កីឡាមួយនេះសូម្បីតែបន្តិច អគុណបងប្អូនដែលបានគ្រាំទ្រខ្ញុំបាទរហូតមក»។
ម្ចាស់មេដាយសំរឹទ្ធពិភពលោកកីឡាករ ណុំ សុបិន្ត ដែលបានប្រកាសបញ្ចប់អាជីពដោយគ្មានបញ្ជាក់ហេតុផលបានរៀបរាប់ថា៖ «ខ្ញុំបាទ ណុំ សុបិន្ត ជាកីឡាករតំណាងជាតិនិងជាគ្រូបង្វឹកផ្នែកកីឡាកាយវប្បកម្ម សូមប្រកាសជាសាធារណៈថា ខ្ញុំសុំបញ្ចប់នូវអាជីពមួយនេះ ហើយនឹងមិនចូលរួមប្រកួតតំណាងជាតិទៀតនោះទេ»។
ក្រៅពីកីឡាករទាំងពីររូបនេះ ក៏មានកីឡាករ សំបូរ សុភណ្ឌ ម្ចាស់មេដាយមាសពិភពលោកនៅថៃ និងបងប្រុសរបស់គេ គឺកីឡាករ សំបូរ ណាន ម្ចាស់មេដាយមាសពិភពលោកក្នុងឆ្នាំ២០១៧ ក៏ប្រកាសឈប់ចូលរួមប្រកួតតំណាងឲ្យជាតិផងដែរ។ ជាមួយគ្នានេះ សហព័ន្ធកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកម្ពុជាបានបញ្ជាកថា សហព័ន្ធ នឹងផ្អាកចូលរួមប្រកួតទាំងកម្រិតអាស៊ាន អាស៊ី និងពិភពលោកមួយរយៈ បើគ្មានដំណោះស្រាយសមស្របពីក្រសួងអប់រំយុវជននិងកីឡា ពាក់ព័ន្ធបញ្ហាខាងលើ។
បញ្ហាដ៏ចម្រូងចម្រាសខាងលើ បានកើតឡើងបន្ទាប់ពីកីឡាករ សំបូរ សុភណ្ឌ បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានដោយចោទប្រកាន់ថា ក្រសួងអប់រំ យុវជន និងកីឡា បានកិបកេងថវិកាលើកទឹកចិត្តរបស់គេចំនួន១០០លានរៀល។ ការចោទប្រកាន់នេះ ក្រោយកីឡាករ សំបូរ សុភណ្ឌ ទទួលបានថវិកាលើកទឹកចិត្តតែ២០លានរៀល ពីការឈ្នះមេដាយមាសពិភពលោកកាលពីចុងឆ្នាំ២០១៨ ខណៈរូបគេរំពឹងទទួលបាន១២០លានរៀលដូចប្រភេទកីឡាដទៃ ដែលក្រសួងធ្លាប់ផ្តល់ឲ្យ។
ភ្លាមៗនោះ លោក អ៊ុក សិទ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡាបានចេញមុខមកច្រានចោលចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ក្រសួងមិនបានកិបកេងថវិកាដូចការលើកឡើងរបស់កីឡាករ សំបូរ សុភណ្ឌ នោះទេ។ លោកបានចាត់ទុកការចោទប្រកាន់នេះថា វាជាការភាន់ច្រឡំរបស់កីឡាករ។
លោក អ៊ុក សិទ្ធិជាតិ បានបកស្រាយបន្ថែមថា៖«យើងឃើញតាមព័ត៌មានមួយចំនួនថា យើងបានស្នើសុំ១២០លានរៀល ហើយយើងឲ្យកីឡាករ សំបូរ សុភណ្ឌ តែ២០លានរៀល ដោយក្រសួងទុក១០០លានរៀល តែតាមពិតមិនដូច្នេះទេ។ សូមបញ្ជាក់ថា ការផ្តល់ថវិកាលើកទឹកចិត្តនេះ គឺស្ថិតលើគោលការណ៍ច្បាប់ទម្លាប់ មិនមែនស្ថិតលើយើងថា ប៉ុណ្ណាឲ្យប៉ុណ្ណឹងនោះទេ»។
បើតាមប្រកាសអន្តរក្រសួងស្តីពី«គោលការណ៍សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិ និងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការប្រចាំឆ្នាំ» ដែលចេញផ្សាយកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១៥ ម្ចាស់មេដាយមាសប្រចាំការប្រកួតជើងឯកពិភពលោក(World Championship)ទទួលបានថវិកាលើកទឹកចិត្ត២០លានរៀល, ប្រាក់១៦លានរៀល និងសំរឹទ្ធ១៣លានរៀល។
ប៉ុន្តែមេដាយនេះអាចមានតម្លៃស្មើមេដាយកីឡាអូឡាំពិកប្រសិនបើក្រសួងអប់រំយុវជននិងកីឡាដាក់សំណើរពិសេសទៅកាន់រាជរដ្ឋាភិបាល ដើម្បីចេញអនុក្រឹត្យស្តីពី«ការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹកក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ»។ ក្រោយទទួលបានអនុក្រឹត្យនេះ នោះមេដាយមាសនឹងមានតម្លៃ១២០លានរៀល ប្រាក់៨០លានរៀល និងសំរឹទ្ធ៦៤លានរៀល។
ករណីកីឡាករ សំបូរ សុភណ្ឌ ការមិនទទួលបានថវិកាលើកទឹកចិត្ត១២០លានរៀលពីរាជរដ្ឋាភិបាលដោយសារក្រសួងអប់រំ យុវជននិងកីឡារួមនឹងស្ថាប័នពាក់ព័ន្ធមិនបានដាក់សំណើរពិសេសទៅកាន់រាជរដ្ឋាភិបាល ទើបរូបគេទទួលបានតែ២០លានរៀល៕