ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៖ កម្ពុជា​ត្រូវការ​ពេល​មិនតិចជាង ១០​ឆ្នាំ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​មួយ
12, Mar 2019 , 10:39 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(រូបអគ្គនាយកដ្ឋានពន្ធដារ)
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(រូបអគ្គនាយកដ្ឋានពន្ធដារ)
ដោយ:
​ភ្នំពេញ​៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាងថា កម្ពុជា​កំពុងស្ថិត​ក្នុងដំណាក់កាល​ចាប់ផ្ដើម​លូតលាស់​សេដ្ឋកិច្ច​ឌីជីថល ហើយ​ត្រូវការ​រយៈពេល​៥​ឆ្នាំ ដើម្បី​បង្កើត​មូលដ្ឋាន​គ្រប់​ជ្រុងជ្រោយ និង ៥​ទៅ​១០​ឆ្នាំ ឬ​ច្រើនជាង​នេះ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​។


 
​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី​«​គោលនយោបាយ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​» នៅ​ថ្ងៃទី​១២​ខែមីនា លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា ទោះ​កម្ពុជា​ស្ថិតក្នុង​ដំណាក់កាល​កំពុង​អភិវឌ្ឍន៍​ក៏ដោយ តែ​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សក្ដានុពល​ខ្ពស់​ក្នុងការ​ក្ដាប់​យក​កាលានុវត្តភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​សេដ្ឋកិច្ច​ឌីជីថល ដោយ​ឈរលើ​កត្តា​ចំនួន​៤ ។

ទី​១ ដោយសារ​វត្តមាន​ចំនួន​យុវជន​ដ៏​ច្រើន​ដែលមាន​ការអប់រំ​ខ្ពស់ និង​ងាយ​ទទួលយក​បច្ចេកវិទ្យា​ឌីជីថល​យ៉ាង​ឆាប់រហ័ស

ទី​២ កំណើន​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​យ៉ាង​ឆាប់រហ័ស និង​ឧបករណ៍​ឆ្លាត 
 
​ទី​៣ ការរីកចម្រើន​ឆាប់រហ័ស​ផ្នែក​បច្ចេកវិទ្យា តាមរយៈ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ទី​៤ ឥទ្ធិពល​ដ៏​លឿន​នៃ​ឌីជីថល​ភាវូបនីយកម្ម​ដែល​កំពុង​កើតមាន​ក្នុង​គ្រប់​វិស័យ​សំខានៗ​នៃ​សេដ្ឋកិច្ចជាតិ​។ ជាក់ស្ដែង​នៅ​កម្ពុជា សេដ្ឋកិច្ច​ឌីជីថល​កំពុង​លេច​រូបរាង​ជា​បណ្ដើរៗ ស្រប​ពេលដែល​មានការ​បង្កើត​សកម្មភាព​អាជីវកម្ម​ថ្មីៗ ដូចជា ការទូទាត់​ឌីជីថល ការកើនឡើង​សកម្មភាព​កម្សាន្ត​អន​ឡាញ និង​កំពុងតែ​សម្រប​ខ្លួន​ទៅនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនោះ​។ 
 
​លោក អូន ព័ន្ធមុនីរ័ត្ន មាន​ប្រសា​ស៍​ដូច្នេះ​ថា​៖«​បទពិសោធន៍​អន្តរជាតិ ប្រទេស​ដែល​អាច​ក្ដាប់​យក​អត្ថប្រយោជន៍​ពី​សេដ្ឋកិច្ច​ឌីជីថល គឺជា​ប្រទេស​ដែលមាន​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ហើយ​ចេះ​សម្រប​ខ្លួន​ទៅតាម​ការផ្លាស់ប្ដូរ​ទាំង​នេះ បាន​ទាន់ពេលវេលា​។ ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​កម្ពុជា បច្ចេកវិទ្យា​ថ្មី​អាច​ផ្ដល់ឱកាស​ក្នុងការ​លោត​ផ្លោះ​ដំណាក់កាល​ធម្មតា​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​»​។​
 
​រដ្ឋាភិបាល​បាន​មើលឃើញ​ភាពចាំបាច់​នៃ​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​ជំរុញ​ភាព​ប្រកួតប្រជែង និង​ផលិតភាព​សេដ្ឋកិច្ច ដូចនេះហើយ​បានចាត់ទុក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ជា​វិស័យ​អាទិភាព​សំខាន់បំផុត​មួយ​ដូចដែល​មានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។ លោក អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ថ្មីៗ​នេះ​ក្រសួង​សេដ្ឋកិច្ច​បាន​អនុវត្ត​វិធានការ​គោលនយោបាយ​ជាក់លាក់​មួយចំនួន ដែលជា​ផ្នែក​មួយ​នៃ​ការចាប់ផ្ដើម​សេដ្ឋកិច្ច​ឌីជីថល​ផងដែរ​។ គោលនយោបាយ​ទាំងនោះ​រួមមាន ការបង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​ធុរកិច្ច​ថ្មីៗ​«​តេ​ជោ​»​សម្រាប់​គាំទ្រ​ធុរកិច្ច​ថ្មីៗ​ផ្អែកលើ​បច្ចេកវិទ្យា (Tech-Startup) ការបង្កើត​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព មូលនិធិ​អភិវឌ្ឍន៍​ជំនាញ និង​រៀបចំ​បង្កើត​ធនាគារ SMEs ។​
 
​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​រូបនេះ​បាន​គូសបញ្ជាក់​ពី​ស្ថានភាព​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​ដូច្នេះ​ថា​៖«​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​កំពុង​ស្ថិតនៅ​ដំណាក់កាល​ចាប់ផ្ដើម​លូតលាស់​។ កម្ពុជា​អាច​នឹង​ត្រូវការ​រយៈពេល​៥​ឆ្នាំ​ទៀត ដើម្បី​បង្កើត​មូលដ្ឋាន​ត្រឹមត្រូវ​គ្រប់​ជ្រុងជ្រោយ​មួយ ឬ​ដើម្បី​ត្រៀមខ្លួន​រួចរាល់​នូវ​ផ្នែក​ឌីជីថល ហើយ​ត្រូវការ​រយៈពេល ៥​ទៅ​១០​ឆ្នាំ​បន្ទាប់ ឬ​ច្រើនជាង​នេះ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​មួយ និង​ប្រែក្លាយ​សេដ្ឋកិច្ចកម្ពុជា ឲ្យ​ទៅជា​សេដ្ឋកិច្ច​ដែលមាន​កំណើន​ដឹកមុខ​ដោយ​ព័ត៌មាន​បច្ចេកវិទ្យា​»​។​
 
​ព្រម​ជាមួយគ្នានេះ រដ្ឋាភិបាល​ត្រូវ​រៀបចំ​ត្រៀមខ្លួន​សម្រាប់​យុគសម័យ​ឌីជីថល និង​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ទាន់ពេលវេលា ដោយ​បង្កើត​បរិយាកាស​គាំទ្រ និង​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​បណ្ដុះ​បច្ចេកវិទ្យា​ឌីជីថល និង​បន្ត​ទ្រទ្រង់​ការផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ​។ នេះ​បើតាម​លោក អូន ព័ន្ធមុនីរ័ត្ន មុននឹង​លោក​ឲ្យ​ដឹង​ដូចនេះ​ថា រដ្ឋាភិបាល​នឹង​រៀបចំ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ ដើម្បី​ជា​មុ​គ្គុ​ទ្ទេសន៍ និង​ជា​ក្របខណ្ឌ​រួមមួយ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។​
 
​ជាងនេះទៅទៀត លោក អូន ព័ន្ធមុនីរ័ត្ន អះអាងថា រដ្ឋាភិបាល​មាន​ទិសដៅ​យុទ្ធសាស្ត្រ​បង្កើត​បរិយាកាស​ឌីជីថល​មួយ​ប្រកបដោយ​ជីវភាព និង​មាន​មូលដ្ឋានគ្រឹះ​រឹងមាំ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ទាំង​តូច​ទាំង​ធំ​នៅក្នុង​ស្រុក អាច​ភ្ជាប់​ខ្លួន​ទៅនឹង​ខ្សែសង្វាក់​តម្លៃ​ដ​សាកល​នៃ​សេដ្ឋកិច្ច​ឌីជីថល នៅក្នុង​តំបន់ និង​ពិភពលោក​៕
 

Tag:
 សេដ្ឋកិច្ច​ឌីជីថល​
  អូន ព័ន្ធមុនីរ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com