ជាតិ
សង្គមជាតិ
សម្តេច​ព្រមាន​អ្នក​ជួញ​គ្រឿងញៀន​ថា «​អ្នកឯង​ពាក់​លោក​ខែ ក៏​ខ្ញុំ​ចាប់​ដែរ​»
12, Mar 2019 , 6:54 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងសារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងសារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី



សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកយក​ករណី​នៅ​ក្លិប Rock របស់​ឧកញ៉ា គិត ធាង ទៅ​និយាយ​ម្តងទៀត នៅក្នុង​ពិ​ធីបិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨​របស់​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ​។ 
 
​ទោះជា​ក្លិប Rock ត្រូវបាន​បិទ​ចោល ហើយ​ឈានទៅដល់​ចាប់​ឧកញ៉ា គិត ធាង ដែលជា​ម្ចាស់​ក្លិប​ក៏ដោយ ក៏​សម្តេចនាយក​រដ្ឋមន្ត្រី នៅ​បន្ត​ដាក់​បញ្ជា​ទៅ​កម្លាំង​សមត្ថកិច្ច ឲ្យ​ស្វែងរក​មេខ្លោង​និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ដែរ​។ សម្តេចនាយក សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ករណី​នៅ Rock ត្រូវ​ជីក ទោះបីជា​ជីក​ជម្រៅ​ប៉ុន្មាន​ម៉ឺន​ម៉ែត្រ ចុះទៅ​ក្រោម​ដី ដើម្បី​រក​មេខ្លោង ក៏​នៅតែ​ត្រូវ​ជី​ករក​ឲ្យ​ឃើញ​ដែរ​»​។



​ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​វិធានការ​ដ៏​ក្តៅ​លើ​ក្លិប Rock ថា​ជាការ​ព្រមាន​មួយ ទៅដល់​អ្នកមាន​លុយ​-​មានអំណាច​ដទៃទៀត ដែល​នៅតែ​លួច​រកស៊ី​គ្រឿងញៀន​។ ប្រមុខ​រដ្ឋាភិបាល ចង់​ព្រមាន​ពួកគេ​ថា មិនមែន​តែ​អ្នក​សេ​ពឬ​កម្មករ​តូចតាច​ទេ ដែល​ត្រូវ​ប្រឈម​នឹង​ច្បាប់ សូម្បីតែ​មេខ្លោង ក៏ត្រូវ​ប្រឈម​ដូចគ្នា​។ 
 
​ប្រមុខ​រដ្ឋាភិបាល និយាយ​ខ្លាំងៗ​យ៉ាង​ដូច្នេះ​ថា​៖«​កុំ​ថា​ពាក់​ផ្កាយ​ខ្ញុំ​ដក​មិនបាន ទោះ​អ្នកឯង​ពាក់​លោក​ខែ ក៏​ខ្ញុំ ដក​និង​ចាប់​បានដែរ ហើយ​កុំ​ឲ្យ​អ្នកណា​មក​កាង ទោះបី​ជើងកាង​មក​ម៉ា​កងពល​ក៏ដោយ ខ្ញុំ​វាយ​កម្ទេចចោល​ទាំងអស់​»​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ឆ្លៀត​ប្រាប់​ទៅ​តុលា​ការ ឲ្យ​កាត់ក្តី​ឲ្យ​បាន​ត្រឹមត្រូវ​លើ​បទល្មើស​គ្រឿងញៀន បើ​ពុំ​ដូច្នេះទេ តុលាការ ក៏​មិនអាច​រួចខ្លួន​ដែរ​៕ 

សំឡេងនាយករដ្ឋមន្រ្តី

 

Tag:
 ​ហ៊ុន សែន​
  តុលាការ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com