ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះសីហនុ ប្រាប់ឲ្យពលរដ្ឋដកខ្លួនចេញពីទីតាំងដីកម្មសិទ្ធិអ្នកដទៃ និងដីរដ្ឋ ដែលកំពុងមានជម្លោះ នៅភូមិ គគីរ ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អាជ្ញាធរ ចាត់ទុកពលរដ្ឋដែលទើបបោះទីតាំងរស់នៅដីមានជម្លោះទាំងនោះ ជាក្រុមឆ្លៀតឱកាសកេងប្រយោជន៍។
អាជ្ញាធរ បានអះអាងថា ប្រជាពលរដ្ឋមួយចំនួន បានមកពីតំបន់ និងខេត្តផ្សេងៗ តាមការអូសទាញរបស់មេខ្លោងនៅពីក្រោយខ្នង មកទន្ទ្រានយកដីកម្មសិទ្ធិរបស់អ្នកដទៃ និងដីរដ្ឋដែលកំពុងមានទំនាស់នៅក្នុងភូមិគគីរ ក្រោមហេតុផលថា ក្រីក្រគ្មានដីគ្មានផ្ទះនៅ។ អាជ្ញាធរ ចាត់ទុកសកម្មភាពទាំងនេះ គឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យក្រោមល្បិច (ឈ្នះបានដីចាញ់បានលុយ) ប៉ុណ្ណោះ។
លោក ឱ សារឿន អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់សារព័ត៌ថ្មីៗថា ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានសិក្សាស្រាវជ្រាវ និងអប់រំប្រជាពលរដ្ឋដែលបានមកទន្ទ្រានកាន់កាប់ដីរបស់អ្នកដទៃ និងដីរដ្ឋ ឲ្យបញ្ឈប់សកម្មភាពចាប់ដីដោយខុសច្បាប់ និងត្រូវគោរពច្បាប់ជាធរមាន ដែលស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកបាននិយាយថា៖«ពួកគាត់កែនគ្នាមកតាមការញុះញង់ ក៏ដូចនាំគ្នាមកតាមបែបអនាធិបតេយ្យ មកចាប់យកដីដែលទំនេរៗ» ។
អមជាមួយវិធានការខាងលើ រដ្ឋបាលខេត្តព្រះស៊ីហនុ នៅតែរក្សារជំហរគាំទ្រសាលដីការរបស់តុលាការកំពូល លើករណីជម្លោះដីធ្លីដែលស្ថិតនៅភូមិ គគីរ ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរក្សាដីដែលមានទំនាស់ទៅឲ្យភាគីដែលឈ្នះក្តីដ៏ដែល។ ហើយប្រជាពលរដ្ឋត្រូវគោរពច្បាប់ទៅតាមខ្លឹមសារសាលដីកាស្ថាពររបស់តុលាការកំពូល និងរក្សារសិទ្ធស្របច្បាប់របស់ឯជន ដោយមិនត្រូវរំលោភបំពានលើកម្មសិទ្ធិអ្នកដ៏ទៃ។ នេះបើយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ។
នៅពេលសួរថា តើអាជ្ញាធរមានការដោះស្រាយបែបណាហើយ ចំពោះប្រជាពលរដ្ឋដែលប្ដឹងតវ៉ាលើបញ្ហាដីធ្លីនៅតំបន់នេះកន្លងមក? លោក ឱ សារឿន សុំមិនអត្ថាធិប្បាយជុំវិញបញ្ហា ប៉ុន្តែលោកគ្រាន់តែនិយាយថា ប្រជាពលរដ្ឋមិនអាចទៅទន្ទ្រានកាន់កាប់ដី ដោយមិនមានច្បាប់ទម្លាប់បែបនេះឡើយ។
ជុំវិញបញ្ហាខាងលើលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បាននិយាយថា ពលរដ្ឋដែលបានបោះទីតាំងថ្មី រស់នៅដីមានជម្លោះទាំងនោះ ជាក្រុមឆ្លៀតឱកាសកេងប្រយោជន៍ពីដីមានបញ្ហានេះ។លោក បានដាក់បញ្ជាទៅស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវស្រាវជ្រាវតាមដានរកមុខសញ្ញា មេខ្យល់ទាំងអស់នោះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានលើកលែង។ ត្រង់ចំណុចនេះលោក យន្ត មីន បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអនាធិបតេយ្យទាំងអស់ ត្រូវនាំគ្នាដកខ្លួនចេញពីទីតាំងដីកម្មសិទ្ធិរបស់គេ និងដីសាធារណៈរបស់រដ្ឋ ដើម្បីកុំឲ្យមានបញ្ហាប្រឈមមុខជាមួយច្បាប់។
តាមរយៈហ្វេសប៊ុករដ្ឋបាលខេត្ត អភិបាលខេត្តព្រះសីហនុ បាននិយាយដូច្នេះថា៖«ប្រទេសមានច្បាប់ ដូច្នេះយើងត្រូវតែអនុវត្តទៅតាមច្បាប់ដោយមិនអាចបណ្ដែតបណ្ដោយឲ្យក្រុមអនាធិបតេយ្យមកក្រឡុកធ្វើព្យុះ ធ្វើភ្លៀង បង្កបញ្ហាឥតឈប់ឈរដូច្នេះឡើយ»។
ទាក់ទងនឹងបញ្ហាដីធ្លីនៅភូមិគគីរនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្កើតក្រុមការងារចុះត្រួតពិនិត្យ និងស្រាវជ្រាវករណីវិវាទដីធ្លី ខេត្តព្រះសីហនុ។ ក្នុងនោះក៏មានពាក់ព័ន្ធជាមួយនឹងសាលដីសម្រេចរបស់តុលាការកំពូលផងដែរ កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩។
កាលពីថ្ងៃទី២៨ កុម្ភៈ ប្រមុខរដ្ឋាភិបាល ក៏ចេញលិខិត ដកអភិបាលរងខេត្តពីររូបគឺលោក ផៃ ប៊ុនវណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ដែលជាអ្នកទទួលបញ្ជាចុះទៅអនុវត្តដីការបស់តុលាការកំពូល ដែលសម្រេចឲ្យឧកញ៉ាម្នាក់ឈ្នះក្តីលើប្រជាពលរដ្ឋ នៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ។ ក្រៅពីដកអភិបាលរងខេត្តទាំងពីររូបនេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឲ្យដកហូតដីសម្បទានសេដ្ឋកិច្ចនោះ មកគ្រប់គ្រងវិញ ហើយរៀបចំជាដីសង្គមកិច្ច ដើម្បីបែងចែកទៅឲ្យប្រជាពលរដ្ឋដែលតវ៉ាទាំងនោះទៀតផង៕