ជាតិ
២៥ខេត្ត/រាជធានី
លោក រស់ កេ​ត កែច្នៃ​ផ្លែ​ព្រីង ផលិត​ទៅជា​ស្រា​!
13, Mar 2019 , 10:27 am        
រូបភាព
ដោយ:
​កំពង់ចាម​៖ ជាង​៧​ឆ្នាំ​ហើយ ដែល​លោក រស់ កេ​ត បាន​បើក​សិប្បកម្ម​ផលិត​ស្រា​ព្រីង។ លោក កេត អាចផលិតស្រាព្រីងបាន​ជាង​១​ពាន់​លីត្រ​ ក្នុង​មួយ​រដូវ​កាល​ព្រីង ដែល​ចាប់ផ្តើម​ពី​ខែឧសភា រហូតដល់​ខែសីហា​។ ក្រៅពី​ស្រា​ព្រីង ក្នុង​សិប្បកម្ម​របស់លោក ក៏មាន​ផលិត​ស្រា​ស្វាយផងដែរ​​។​



​ស្រា​ព្រីង​ភ្នំ​ដារ គឺជា​ផលិតផល​ស្នាដៃ​កូន​ខ្មែរ ដែល​ស្ថិតនៅ​ក្នុងស្រុក​អង្គរបុរី នៃ​ខេត្តតាកែវ​។ លោក រស់ កេ​ត ជា​ប្រធាន​សិប្បកម្ម ស្រា​ព្រីង​ភ្នំ​ដារ ដែល​បាន​នាំយក​ស្រា​ព្រីង​មក​ដាក់លក់នៅ​​ការតាំងពិព័រណ៍ ​ក្នុង​ខេត្តកំពង់ចាម​។ សិប្បកម្ម​ខាងលើ​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ ដោយ​ក្នុងនោះ ក៏មាន​ផលិត​ស្រា​ពី​ប្រភេទ​គឺ ស្រា​ព្រីង និង​ស្រា​ស្វាយ​។ 


 
​លោក រស់ កេ​ត បាន​រៀបរាប់​ប្រាប់​ThmeyThmey25 នៅក្នុង​កម្មវិធី​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​ក្នុង​ខេត្តកំពង់ចាម​ថា វិធី​ធ្វើ​ស្រា​ព្រីង គឺ​យើង​ត្រូវយក​ផ្លែ​ព្រីង​មក​បន្ទំ​ទុក​រយៈពេល​ពី​៣​ទៅ​៦​ខែ បន្ទាប់មក​ច្រក​ដប និង​បន្ត​ការរក្សា​ទុក​រហូត​គ្រប់​មួយឆ្នាំ ទើប​អាច​បញ្ចេញ​មក​លក់​ជូន​អតិថិជន​បាន ។ ផលិតផល​ស្រា​ព្រីង​ភ្នំ​ដារ​ដាក់លក់​នៅក្នុង​មូលដ្ឋាន ក្នុងតម្លៃ​៥​ដុល្លារ​ក្នុង​មួយ​ដប ។​ដោយឡែក​នៅពេលដែល​យ​កមក​តាំងពិព័រណ៍ ឬ​មាន​ម៉ូយ​បញ្ជា​ទិញ​គឺអាច​លក់​ក្នុងតម្លៃ​មួយ​ដប​៧​ដុល្លារ​។ បច្ចុប្បន្ន​ស្រា​ប្រភេទ​នេះ មាន​តម្រូវការ​ទីផ្សារ​ខ្លាំង​ទាំង​ក្នុង​មូលដ្ឋាន និង​ការបញ្ជាទិញ​ពី​អតិថិជន​ខាងក្រៅ​តំបន់​។ 


 
​លោក រស់ កេត ​បាន​បន្តទៀតថា ជា​រៀងរាល់ឆ្នាំ​សិប្បកម្ម​របស់លោក​អាច​ផលិត​ស្រា​បាន​ចន្លោះ​ពី ៨០០​លីត្រ​ទៅ​១​ពាន់​លីត្រ​។ ដោយសារ​ផ្លែ​ព្រីង​ជា​វត្ថុធាតុដើម មាននៅ​ក្នុង​រយៈពេល​ខ្លី គឺ​ចន្លោះ​ពី​ខែឧសភា ដល់​ខែសីហា ដូច្នេះ​សិប្បកម្ម​របស់លោក​ក​ត្រូវ​ប្រមូល​ទិញ​ផ្លែ​ព្រីង ប្រមាណ​ជា​៥​ទៅ​៦​តោន​ជា​រៀងរាល់ឆ្នាំ​។ ព្រីង​ទាំងនោះ​ទិញ​ចូល​ក្នុងតម្លៃ​ខុសគ្នា គឺ​ព្រីងដោះក្របី​តម្លៃ ៤​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម និង​ព្រីង​ទុំ​ធម្មតា​មានតម្លៃ​៣​ពាន់​រៀល​។ ព្រីង​ទាំងពីរ​ប្រភេទ​ខាងលើ​ត្រូវបាន​ប្រមូល​ទិញ​ពី​ប្រជាកសិករ​ក្នុងភូមិ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ 
 
​បើតាម​លោក រស់ កេ​ត ស្រា​ដែល​ផលិត​ចេញ​មកពី​ផ្លែ​ព្រីង ត្រូវបាន​ផលិតឡើង​តាម​បច្ចេកទេស ហើយ​មានការ​ច្រក​រក្សាទុក​បាន​យ៉ាង​ត្រឹមត្រូវ និង​មាន​ស្តង់ដារ​អនាម័យ​ថែម​ទៀតផង​។ ជាងនេះទៅទៀត​ប្រភេទ​ស្រា​ព្រីង​នេះ ក៏មាន​ការចុះបញ្ជី​ទទួលស្គាល់​យ៉ាង​ត្រឹមត្រូវ​ពី​ក្រសួង ឧស្សាហកម្ម និង សិប្បកម្ម​ផងដែរ​៕
 
 

Tag:
 ស្រា​ព្រីង​
 ​មុខរបរ​
 ​កំពង់ចាម​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com