ជាតិ
លោក សុខ សង្វារ៖ មហាសេដ្ឋីចិន Jack Ma នឹងមកកម្ពុជានាឱកាសក្រោយទៀត
× ការធ្វើដំណើរមកកាន់រមណីយដ្ឋានអង្គររបស់លោក ជេក ម៉ា (Jack Ma) គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់នឹងមានលើកទី២ ឬទី៣បន្តទៀត។ នេះជាការបញ្ជាក់របស់លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានជូនមហាសេដ្ឋីចិនពេញមួយថ្ងៃ [ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩] ទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទផ្សេងៗទៀតនៅតំបន់អង្គរ ខេត្តសៀមរាប។
លោក សុខ សង្វារ បានលើកឡើងថា៖ «លោក ជេក ម៉ា ពិតជាស្ញើចសរសើរនូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោក បញ្ជាក់ថា លោកនឹងមកកាន់រមណីយដ្ឋានអង្គរនាឱកាសក្រោយទៀត»។
អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានកត់សម្គាល់ថា លោក ជេក ម៉ា ស្ថាបនិកក្រុមហ៊ុន Alibaba ជាមនុស្សសុភាពគួរឲ្យគោរព ហើយលោកបានផ្តល់តម្លៃយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ។
លោក ជេក ម៉ា អតីតគ្រូបង្រៀនអង់គ្លេស ជាមហាសេដ្ឋីលំដាប់ទី២១លើពិភពលោក ដោយមានទ្រព្យសម្បត្តិ ៣៧,៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមបញ្ជីមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំ២០១៩ របស់ទស្សនាវដ្តី Forbes។ កាលពីឆ្នាំ២០១៨ លោកជាអ្នកមានជាងគេនៅប្រទេសចិន ហើយបានធ្លាក់មកលេខពីរវិញនៅឆ្នាំ២០១៩ បន្ទាប់ពីលោក Ma Huateng ម្ចាស់ក្រុមហ៊ុន Tencent Holdings ដែលមានបណ្តាញសង្គម WeChat ដ៏ល្បីល្បាញ។
បើតាមលោក សុខ សង្វារ វត្តមានរបស់លោក ជេក ម៉ា ក៏ដូចជា បុគ្គលល្បីៗផ្សេងទៀតក្នុងពិភពលោកក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ កាន់តែចាប់អារម្មណ៍ ហើយមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំបន្ថែមទៀត៕
Tag:
Jack Ma
សុខ សង្វារ
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com