ជាតិ
សម្ដេច ហ៊ុន សែន ឲ្យ​មេធាវី​ត្រៀម​ប្ដឹង​លោក សម រង្ស៊ី ដោយ​ទារ​សំណង​ចិត្ត​២​លាន​ដុល្លារ
13, Mar 2019 , 11:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពិ​ពី​ធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​១៣ មីនា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មេធាវី​ត្រៀម​ប្ដឹង​អ្នក​ជេរប្រមាថ​ខ្លួន​នៅក្រៅ​ប្រទេស ដែល​គេ​ដឹងថា​សំដៅលើ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្ដេច​គ្រោង​ប្ដឹង​ទារ​សំណង​ចិត្ត​២​លាន​ដុល្លារ ក្រោម​ហេតុផល​ជេរប្រមាថ​ខ្លួន​។​


 
​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ បាន​ប្រើប្រាស់​ពាក្យសម្តី​បែប​ឌឺដង លាយ​នឹង​ការប្រមាថ​មកលើ​ខ្លួន​ឥត​សាក​ស្រាន្ត ដែលជា​រឿង​មួយ​មិនអាច​ទទួលយក​បានឡើយ​។ សម្រាប់​សម្ដេច ហ៊ុន សែន ការប្រើប្រាស់​ពាក្យសម្តី​បែប​ប្រមាថ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នេះ មិនមែនជា​ទស្សន​នយោបាយ​បង្រួបបង្រួម​ជាតិ​ទេ ប៉ុន្តែ​វា​ជា​ពាក្យសម្តី​នយោបាយ​បែប​អុចអាល និង​បញ្ឆេះ​កំហឹង​ជាតិ​ប៉ុណ្ណោះ​។​



 
​ដោយសារតែ​មិនអាច​ទទួលយក​ទង្វើ​បែបនេះហើយ ទើប​ប្រមុខ​រដ្ឋាភិបាល បញ្ជា​ឲ្យ​ក្រុម​មេធាវី​ផ្ទាល់ខ្លួន សិក្សា​ផ្លូវច្បាប់​លើ​ករណី​បង្ហោះ​រូបភាព និង​ពាក្យសម្តី​របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​
 
​ថ្លែង​ចំពោះមុខ​កម្មក​រោងចក្រ និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ លោកនាយក​រដ្ឋមន្ត្រី បាន​និយាយ​ដូច្នេះ​ថា​៖«​ជូន​សារ​ទៅប្រាប់​មុន (​សម រង្ស៊ី​) និង​ថ្នាក​ខេត្ត​ឲ្យ​មើលថា ទ្រព្យសម្បត្តិ​វា (​សម រង្ស៊ី​) នៅ​កន្លែង​ណា​។ ឲ្យ​តែ​តុលាការ​កាត់ក្តី​រួចហើយ អញ​រឹប​យក រួចហើយ​បានទ្រព្យ​ហ្នឹង អញ​យកទៅ​ចែក​កុមារកំព្រា កុំ​ឲ្យ​វា​ប្រហើ​ន អាងរ​ត់ទៅ​នៅក្រៅ​ស្រុក​បាន​»​។​
 
​កន្លងមក​សម្ដេច ហ៊ុន សែន ក៏​ធ្លាប់​ប្ដឹង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​សម្ដេច នៅ​ពីក្រោយ​ការសម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ល្បីល្បាញ​នៅ​កម្ពុជា​ផងដែរ​។ ដោយ​កាលនោះ​សម្ដេច ហ៊ុន សែន ដែល​ត្រូវបាន​តុលាការ​កាត់​ឲ្យ​ឈ្នះក្តី​លើ​លោក សម រង្ស៊ី បាន​ទារ​សំណង​ជំងឺ​ចិត្ត​តែ​១០០​រៀល​ប៉ុណ្ណោះ​។​គួរ​បញ្ជាក់ថា លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​កំពុង​ជាប់​រឿង​ក្តីក្តាំ​នៅក្នុង​ស្រុក មិន​ក្រោម​១០​ពាក្យបណ្ដឹង​ឡើយ ដោយ​ពាក្យបណ្ដឹង​ទាំងនោះ ភាគច្រើន​ប្ដឹង​ដោយ​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​៕

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com