ជាតិ
លោក ស៊ាង សុបញ្ញា ប្រដូចការឡើងភ្នំឱរ៉ាល់ទៅនឹងការធ្វើជំនួញ! លោក ស៊ាង សុបញ្ញា នៅលើកំពូលភ្នំឱរ៉ាល់
× ភ្នំពេញ៖ លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន បានប្រដូចការឡើងភ្នំឱរ៉ាល់ទៅនឹងការធ្វើជំនួញ ដែលទាមទារឲ្យមានផែនការច្បាស់លាស់, ដឹងពីកម្លាំងរបស់ខ្លួនឯង, មានការប្រយ័ត្នប្រយែង រួមទាំងស្មារតីជាក្រុម។ ការអះអាងបែបនេះ បន្ទាប់ពីលោក សុបញ្ញា និងក្រុមការងារ បានធ្វើដំណើរឡើងភ្នំឱរ៉ាល់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ៨ មីនាកន្លងទៅ។
ក្រោយធ្វើដំណើរថ្មើរជើងអស់រយៈពេល ២ថ្ងៃ លើផ្លូវដ៏លំបាកពីមួយដំណាក់កាលទៅមួយដំណាក់កាល បានធ្វើឲ្យលោក សុបញ្ញា ទទួលនូវបទពិសោធ និងចំណេះដឹងថ្មីបន្ថែមទៀត តាមរយៈការតស៊ូឆ្ពោះទៅដល់គោលដៅ និងស្មារតីជាក្រុម។ លោក ស៊ាង សុបញ្ញា ដែលជានាយកវិទ្យាស្ថាន(CAM-ASEAN) ទទួលស្គាល់ថា ការធ្វើដំណើរឡើងទៅដល់កំពូលភ្នំឱរ៉ាល់នេះ មិនខុសពីការធ្វើជំនួញឡើយ។ លោក សុបញ្ញា បញ្ជាក់ថា៖ «មុននឹងឡើងភ្នំ គឺទាមទារមានផែនការច្បាស់លាស់, ដឹងពីកម្លាំងរបស់ខ្លួនឯង, មានការប្រយ័ត្នប្រយែង និងស្មារតីជាក្រុម»។
លោក ស៊ាង សុបញ្ញា នៅសមាជិកក្រុមដែលឡើងលើភ្នំឱរ៉ាល់
ការធ្វើដំណើរទៅដល់កំពូលភ្នំឱរ៉ាល់ កម្ពស់១,ស៨១៣ម៉ែត្រ មិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែលោក ស៊ាង សុបញ្ញា បានធ្វើដំណើរទៅដល់គោលដៅដោយជោគជ័យ។ នាយកវិទ្យាស្ថាន (CAM-ASEAN) រូបនេះ រៀបរាប់ពីចំណាប់អារម្មណ៍ឡើងភ្នំឱរ៉ាល់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលខ្ញុំបានឡើងដល់កំពូលភ្នំខ្ពស់ជាងគេនៅកម្ពុជា។ វាធ្វើឲ្យខ្ញុំអាចជម្នះនឹងខ្លួនឯងបាន។ ខ្ញុំចង់ឡើងទៅលើភ្នំនេះ ព្រោះខ្ញុំចង់មើលពីស្ថានភាពជាក់ស្ដែង»។
លោក ស៊ាង សុបញ្ញា នៅសមាជិកក្រុមដែលឡើងលើភ្នំឱរ៉ាល់
លោក ស៊ាង សុបញ្ញា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គួរតេទៅលេងភ្នំឱរ៉ាល់ឲ្យបាន និងចូលរួមស្រឡាញ់បរិស្ថាន និងព្រៃឈើ។ លោក សុបញ្ញា បន្តថាប្រជាពលរដ្ឋដែលមានបំណងឡើងទៅភ្នំឱរ៉ាល់ គួរតែរៀបចំឲ្យបានល្អ និងមានស្មារតីចំពោះខ្លួនឯងឲ្យច្បាស់លាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com