ជាតិ
រដ្ឋាភិបាល កំពុងត​ភ្ជាប់​ប្រព័ន្ធ​ទឹក​ពី​ថៃ មក​ផ្គត់ផ្គង់​ក្នុង​ខេត្តកោះកុង​
13, Mar 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ប្រើប្រាស់​នៅក្នុង​ខេត្តកោះកុង រដ្ឋាភិបាល កំពុង​រៀបចំ​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក​ពី​ប្រទេស​ថៃ មក​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នោះ​។ 



​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មក​រោងចក្រ​នៅ​ខេត្តកោះកុង នា​ថ្ងៃទី​១៣ មីនា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន លី យ៉ុង​ផាត់ សាងសង​ប្រព័ន្ធ​ទឹក ដើម្បី​ជា​ដំណោះស្រាយ​ក្នុង​រយៈពេល​វែង ទម្រាំ​តែ​ដល់​រដូវភ្លៀង​ធ្លាក់​វិញ​។ 
 
«​ទឹក​សម្បូរ​ហើយ​តែ​ទឹកសមុទ្រ ទឹកប្រៃ ផឹក​មិនបាន ដូច្នេះ​ត្រូវ​រក​វិធី​ប​ញ្ចូ​ន​ទឹក​ចេញពី​ប្រទេស​ថៃ ហើយ​យកមក​ចូលក្នុង​ប្រទេស​យើង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

សូម​ស្ដាប់​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​៖

  


 
​រយៈពេល​ប៉ុន្មាន​ខែ​នេះ ពលរដ្ឋ​នៅ​តំបន់​មួយចំនួន ក្នុង​ខេត្តកោះកុង ប្រឈម​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរ​ក្នុង​តំបន់ បាន​ដឹក​ទឹក​ពី​តំបន់​ផ្សេង​យកទៅ​ចែកជូន​ពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើ​ទាំងនោះ​។ ក្រៅពី​ខេត្តកោះកុង ក៏មាន​តំបន់​នៅក្នុង​ខេត្ត​ដទៃ ជួប​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​ដែរ​។​
 
​កម្ពុជា​នឹងមាន​បាតុភូត «​អែល​នី​ណូ​» នៅ​រដូវប្រាំង​ចាប់ពី​ខែមេសា ដល់​ខែឧសភា ឆ្នាំ​២០១៩ ដែល​បណ្តាល​ឲ្យ​អាកាសធាតុ​ក្តៅ​ហួតហែង​។ អាកាសធាតុ​ក្តៅ​នោះ នឹងធ្វើ​ឲ្យ​សីតុណ្ហភាព​កម្ពុជា អាច​នឹង​ហក់​ឡើងដល់​៤០ ទៅ​៤២​អង្សា ហើយ​មាន​ភ្លៀង​កក់ខែ លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន ដែលជា​មូលហេតុ​នាំ​ឲ្យ​ប្រជាកសិករ​ប្រមូល​ផលដំណាំ​បាន​តិចជាង​រាល់​ឆ្នាំ​ផងដែរ​។ ករណីនេះ រាជរដ្ឋាភិបាល បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់ ជាពិសេស​កសិករ គួរ​គប្បី​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ និង​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​ក្រៅពី​ដំណាំ​ស្រូវ​៕
 

Tag:
 ​ហ៊ុន សែន​
  ទឹក​
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com