ជាតិ
ទ័ព​កម្ពុជា​-​ចិន ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ជា​ផ្លូវការ​ហើយ​
13, Mar 2019 , 4:31 pm        
រូបភាព
រូបពីនាយឧត្តមសេនីយ៍ ឈុំ សុជាត
រូបពីនាយឧត្តមសេនីយ៍ ឈុំ សុជាត
ដោយ: ថ្មីៗ
«​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩» រវាង​កង​កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន បានចាប់ផ្តើម​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​ទីលាន​បាញ់​គ្រាប់​ពិត​សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គី​រី ដែល​ស្ថិត​ក្នុងស្រុក​ជុំ​គី​រី ខេត្តកំពត​។​


 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា សមយុទ្ធ​នេះ មិន​មានការ​គំរាម​គំហែង​អ្នកណា​ទាំងអស់ តែ​ផ្ទុយទៅវិញ សមយុទ្ធ​នេះ បង្ហាញ​ពី​ការចូលរួម​ថែរក្សា​សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​គ្នា​តែប៉ុណ្ណោះ ជាពិសេស​បទពិសោធ​ប្រយុទ្ធប្រឆាំង​អំពើ​ភេ​វរ​កម្ម និង​ជួយសង្គ្រោះ​ប្រជា​ពល​រដ្ន ពេល​មាន​គ្រោះមហន្តរាយធម្មជាតិ ជាដើម​។ 


រូបពីនាយឧត្តមសេនីយ៍ ឈុំ សុជាត
 
​លោក សរសេរ​ទៀតថា សមយុទ្ធ​នេះ ផ្តោត​សំខាន់​លើ​ប្រធានបទ​កិច្ចការ​មនុស្សធម៌ និង​ការប្រឆាំង​ភេរវកម្ម ដែលជា​ឱកាស សម្រាប់​កងទ័ព​ប្រទេស​ទាំងពីរ ត្រូវ​សិក្សា​រៀនសូត្រ​ទៅវិញទៅមក ដើម្បី​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ សម្រាប់​បំពេញភារកិច្ច​ការពារ​ប្រទេសជាតិ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ខ្លាំងក្លា​។ លោក បន្តថា សមយុទ្ធ​នេះ ក៏​អាចធ្វើ​ឲ្យ​ទំនាក់ទំនង​កម្ពុជា​-​ចិន​កាន់តែ​រឹងមាំ​ផងដែរ ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ 


រូបពីនាយឧត្តមសេនីយ៍ ឈុំ សុជាត
 
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បញ្ជាក់​បែបនេះ​ថា​៖«​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ ត្រូវបាន​គេ​មើលឃើញថា មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយមាន​កម្លាំង​ទ័ព និង​សព្វាវុធ​ចូលរួម​ច្រើនជាង​មុន​»​។ 
​អាវុធ​យុទ្ធ​ភ័​ណ្ឌ​សំខាន់ៗ ដែល​ប្រើប្រាស់​នៅក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ រួមមាន រថពាសដែក រថក្រោះ កាំភ្លើង​ធំ កាំភ្លើងត្បាល់ ឧ​ទ្ធ​ម្ភា​ចក្រ អាវុធ​គាំទ្រ​ពីលើ​អាកាស ជាដើម​។​


រូបពីនាយឧត្តមសេនីយ៍ ឈុំ សុជាត
 
​ក្នុងការ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​នេះ កងទ័ព​ចិន មាន​២៥២​នាក់ និង​កងទ័ព​កម្ពុជា មាន​២៥៤២​នាក់ ដោយ​ក្នុងនោះ​មាន កម្លាំង​ធ្វើ​លំ​ហាត់​៣៨២​នាក់ កម្លាំង​បម្រើការ​ក្នុង​លំ​ហាត់​៤៤៨​នាក់ កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ​១៦៨៥​នាក់​។ 


រូបពីនាយឧត្តមសេនីយ៍ ឈុំ សុជាត
 
​សមយុទ្ធ​នេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​២៧ ខែមីនា ឆ្នាំ​២០១៩​។ នេះ​ជា​សមយុទ្ធ​លើក​ទី​បី​ហើយ រវាង​កងទ័ព​ប្រទេស​ទាំងពីរ​។ សមយុទ្ធ​នេះ ចាប់ផ្តើម​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៦​មក តែ​ឆ្នាំ​២០១៧ ពុំបាន​ធ្វើ​នោះទេ​៕
 
 

Tag:
 ​កម្ពុជា​-​ចិន​
  សមយុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com