អន្តរជាតិ
លោក ត្រាំ ស្នើ​លុយ​១​ពាន់​លាន​ដុល្លារ​ពីស​ភា​ដើម្បី​ព​ន្លឿ​ន​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​
14, Mar 2019 , 8:39 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានស្នើ​ជំនួយ​ជា​លុយ​១​ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់​សន្ទុះ​ដល់​យុទ្ធសាស្ត្រ «​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើកចំហ​» ។ សំណើ​នេះ គឺធ្វើឡើង​ខណៈពេល​លោក​បាន​បញ្ជូន​គម្រោង​ក​ញ្ច​ប់​ថវិកាជាតិ ៤,៧​ទ្រី​លាន​ដុល្លារ​ទៅកាន់​សភា​។

 
​សម្រាប់​កញ្ចប់​ថវិកាជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​ចាប់ផ្តើម​ពិភាក្សា​នា​ដើមខែ​តុលា​ខាងមុខនេះ សេត​វិមាន​អាមេរិក បាន​ឲ្យ​ដឹងថា សន្តិសុខ វឌ្ឍនភាព និង​ភាពជា​អ្នកដឹកនាំ​របស់​អាមេរិក​គឺ​ពឹង​ផ្អែកលើ​ការរក្សា​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ឲ្យ​មាន​ភាពសេរី និង​បើកចំហ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​១២ ខែមីនា​។​
 
«​ព្រោះតែ​កត្តា​នេះហើយ កញ្ចប់​ថវិកាជាតិ​នឹង​ផ្តល់​លុយ​១​ពាន់​លាន​ដុល្លារ​សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​រដ្ឋបាល​អាមេរិក​ទៅលើ​តំបន់​នេះ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​សេត​វិមាន​អាមេរិក ដោយ​បន្ថែមថា ការផ្តល់​លុយ​ដ៏​ច្រើន​នេះ នឹង​ជួយ​គាំទ្រ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​អភិបាលកិច្ច​សេដ្ឋកិច្ច​ល្អ​, ភាព​ប្រកួតប្រជែង និង​កំណែទម្រង់​ក្នុង​វិស័យ​ឯកជន​, ស្តង់ដារ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដែល​ចាំបាច់ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និង​ហិរញ្ញវត្ថុ​ផងដែរ​។ 
 
​ក្នុង​គម្រោង​ថវិកាជាតិ​ឆ្នាំក្រោយ លោក​ប្រធានាធិបតី​អាមេរិក បានស្នើ​កាត់បន្ថយ​ការចំណាយ​ក្នុងស្រុក​ចំនួន​៥​ភាគរយ ប៉ុន្តែ​ចង់​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ដល់​ទៅ​៧៥០​ពាន់​លាន​ដុល្លារ គឺ​កើន​ប្រមាណ ៣៤​ពាន់​លាន​ដុល្លារ បើ​ប្រៀបធៀប​កញ្ចប់​លុយ​ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៧១៦​ពាន់​លាន​ដុល្លារ​។​
 
​គម្រោង​កញ្ចប់​ថវិកា​ដែល​ដាក់​ស្នើ​ដោយ​រដ្ឋបាល​លោក​ត្រាំ​ដដែល​នេះ ក៏បាន​កត់សម្គាល់ថា បំណុល​ជាតិ​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ច្រើនជាង​២២​ទ្រី​លាន​ដុល្លារ​ហើយ​នោះ នៅតែ​ជាការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​មួយ​ដល់​វឌ្ឍនភាព​សង្គម និង​សេដ្ឋកិច្ច​របស់​អាមេរិក​។ ដោយ​លើកឡើង​ពី​វិបត្តិ​បំណុល​ជាតិ រដ្ឋបាល​អាមេរិក​នៅតែ​វិនិយោគ​ក្នុង​វិស័យ​អាទិភាព ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ដើរ​ឆ្ពោះទៅមុខ​កាន់តែ​ឆ្ងាយ​នាពេល​អនាគត​។ 
 
​សូមបញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​សម្រេច​កំណត់​តំបន់ «​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​» ដែល​សំដៅ​ទៅលើ​តំបន់ ដែល​លាតសន្ធឹង​រវាង​មហាសមុទ្រ​ពីរ គឺ​ចាប់ពី​មហាសមុទ្រ​ឥណ្ឌា ទៅដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ជា​យុទ្ធសាស្ត្រ​របស់ខ្លួន​ជា​ផ្លូវការ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ ។ ការប្រកាស​នេះ បាន​ធ្វើឡើង​តាមរយៈ​សុន្ទរកថា​របស់លោក​ដូ​ណា​ល់ ត្រាំ នៅ​ដា​ណា​ង ប្រទេស​វៀតណាម ក្នុងឱកាស​ជំនួប​កំពូល​នៃ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា APEC​។ នៅពេលនោះ លោក​ដូ​ណា​ល់ ត្រាំ បាន​ហៅ​យុទ្ធសាស្ត្រ​ថ្មី​នេះ​ថា “​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​” (Free and Open Indo-Pacific)៕

Tag:
 សហរដ្ឋអាមេរិក​
  យុទ្ធសាស្ត្រ​សេរី​និង​បើកចំហ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com