ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅថ្ងៃ១១ មីនា បានរៀបចំសន្និសីទប្រជុំប្រចាំឆ្នាំមួយនៅក្នុងរដ្ឋធានីហាណូយរបស់វៀតណាម។ តាមរយៈវេទិកាធុរកិច្ចកំពូលនេះ មានវត្តមានរបស់ប្រតិភូពាណិជ្ជកម្មពីតំណាងក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកជាច្រើនបង្ហាញវត្តមាននៅទីនោះ ក្នុងគោលដៅដើម្បីសិក្សាពីលទ្ធភាពបោះទុន និងវិនិយោគនៅវៀតណាម។
ប្រតិភូជាច្រើនរូបតំណាងឲ្យក្រុមហ៊ុនល្បីៗរបស់អាមេរិក និងពិភពលោករួមមាន Apple, Google, ExxonMobil, Amazon, Microsoft, PepsiCo, GE and Intel បានមកចូលរួមសន្និសីទប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅក្នុងប្រទេសវៀតណាម ដោយផ្តោតលើបញ្ហារួមជាច្រើន ដែលរួមមានទាំងសុខភាព និងវិទ្យាសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Vietnam News នៅថ្ងៃ១២ មីនា។
តាមការចុះផ្សាយរបស់ Vietnam News ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន លោក Alexander Feldman បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អស់រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមការងាររបស់លោកបំពេញបេសកកម្មធុរកិច្ច ហើយ លោក ពិតជាស្ញើចសរសើរនៅពេលដែលបានឃើញពីការលូតលាស់ និងឱកាសធ្វើធុរកិច្ចរបស់វៀតណាម។
ប្រធានក្រុមប្រឹក្សារូបនេះ បានសង្កត់ធ្ងន់ថា វត្តមានរបស់ប្រតិភូធុរកិច្ចមកកាន់វៀតណាមលើកនេះ នឹងស្វែងយល់ផ្នែកយុទ្ធសាស្ត្រលើវិស័យសុខភាព និងការរស់នៅក្នុងយុវសម័យវិទ្យាសាស្ត្រ ហើយនឹងចុះអនុស្សារណៈយោយល់ជាមួយនឹងក្រសួងសុខាភិបាលវៀតណាម ដើម្បីស្វែងរកលទ្ធភាពធ្វើឲ្យសេវាថែទាំសុខភាពវៀតណាមទូទាំងប្រទេសកាន់តែល្អប្រសើរ។
តាមប្រធានធុរកិច្ចរូបនេះ ភាគច្រើននៃក្រុមហ៊ុនល្បីៗរបស់អាមេរិករួមមានមកពីវិស័យផ្សេងៗដូចជា ហ្កាស, សេវាហិរញ្ញវត្ថុ, បច្ចេកវិទ្យា, ផលិតផលប្រើប្រាស់, ថែទាំសុខភាព និងទេសចរណ៍ជាដើម ដែលមានតំណាងខ្លួនចូលរួមសន្និសីទនេះ បានវិនិយោគ ក៏ដូចជាមានការតាំងចិត្តជាមួយនឹងវៀតណាមរួចទៅហើយ។
ជាមួយគ្នាផងនោះ អនុប្រធាន និងនាយកគ្រប់គ្រងតំបន់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លោក Michael W. Michalak នាឱកាសដដែល ក៏បានមានមតិផងដែរថា ក្រុមហ៊ុនឯកជនរបស់អាមេរិក តែងតែសំឡឹងមើលទីកន្លែងដែលផ្តល់ផលប្រយោជន៍ត្រលប់មកវិញខ្ពស់ និងផ្តល់ឱកាសច្រើនសម្រាប់ការធ្វើធុរកិច្ច។
នាយកគ្រប់គ្រងតំបន់ និងជាអតីតអគ្គរដ្ឋទូតអាមេរិកប្រចាំវៀតណាមរូបនេះ បានលើកឡើងថា គិតចាប់ពីឆ្នាំ១៩៩៥មក ទំនាក់ទំនងអាមេរិក និងវៀតណាម បានរីកធំធាត់ខ្លាំង ហើយភាពជាដៃគូរវាងប្រទេសទាំងពីរ បានមានភាពរឹងមាំបំផុតមួយ ក្នុងចំណោមប្រទេសបណ្តារបស់ពិភពលោក។
លោក បានសង្កត់ធ្ងន់ថា៖«រដ្ឋាភិបាលវៀតណាម គឺជាដៃគូធុរកិច្ចដ៏ល្អ ដែលតែងតែស្តាប់ និងបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការធ្វើធុរកិច្ច ដែលចំណុចនេះហើយ ធ្វើឲ្យវៀតណាម ក្លាយជាទិសដៅមួយ ដែលអាជីវកម្ម អាចរីកលូតលាស់។ ប្រជាជន វៀតណាម មានការអត់ធ្មត់ ឆ្លាត ឆ្នៃប្រឌិត រាក់ទាក់ និងជាដៃគូរកស៊ីល្អបំផុត»។
នាយកគ្រប់គ្រងតំបន់របស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រូបនេះ បានថ្លែងជឿជាក់ថា តាមរយៈសក្តានុពលដែលរួមទាំងបរិយាកាសវិនិយោគ និងសមត្ថភាពរបស់បញ្ញវ័ន្តវៀតណាម នឹងធ្វើឲ្យវៀតណាម ក្លាយជាប្រទេសនាំមុខគេមួយក្នុងអាស៊ានជាមិនខាន៕