គិតមកត្រឹមថ្ងៃទី ១៤ ខែមីនានេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៥ហើយ បានសម្រេចផ្អាកប្រើប្រាស់យន្តហោះសេរ៊ីប៊ូអ៊ីង 737 MAX ដែលផលិតដោយក្រុមហ៊ុនអាមេរិក។ ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ននេះ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅអេត្យូពីកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅ ដែលសម្លាប់មនុស្សទាំង១៥៧នាក់លើយន្តហោះនេះ។
យន្តហោះរបស់ក្រុមហ៊ុន Ethiopian Airlines ដែលបានធ្លាក់នោះ គឺជាយន្តហោះប្រភេទដូចគ្នាទៅនឹងយន្តហោះរបស់ក្រុមហ៊ុន Lion Air របស់ឥណ្ឌូណេស៊ី ដែលបានធ្លាក់ក្នុងខែតុលាឆ្នាំ២០១៨។ ក្នុងហេតុការណ៍នេះ អ្នកដំណើរនិងអ្នកបម្រើលើយន្តហោះចំនួន ១៨៩នាក់បានបាត់បង់ជីវិត។ អ្នកខ្លះយល់ឃើញថា ហេតុការណ៍គ្រោះថ្នាក់នេះមានភាពស្រដៀងគ្នាខ្លាំង។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសក្នុងអង្គការតំបន់អាស៊ានដែលបានសម្រេចផ្អាកដំណើរការយន្តហោះប៊ូអ៊ីង 737 MAX ។
សិង្ហបុរី
នៅថ្ងៃអង្គារទី១១ ខែមីនា អាជ្ញាធរអាកាសចរណ៍សិង្ហបុរី និយាយថា ខ្លួននឹងផ្អាកប្រតិបត្តិការយន្តហោះប្រភេទប៊ូអ៊ីង 737 MAX 8 ទាំងអស់ជាបណ្តោះអាសន្ន។ ការផ្អាកនេះនឹងចូលជាធរមានចាប់ពីម៉ោង២រសៀលនេះតទៅ។
ឥណ្ឌូណេស៊ី
អាជ្ញាធរឥណ្ឌូណេស៊ី បានឲ្យដឹងថា ខ្លួនបានសម្រេចផ្អាកយន្តហោះប្រភេទប៊ូអ៊ីង 737 MAX 8 ចំនួន១១គ្រឿងរបស់ខ្លួន។ ការត្រួតពិនិត្យលើយន្តហោះនេះនឹងចាប់ផ្តើមនៅថ្ងៃអង្គារ។ យន្តហោះនឹងត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នសិន ពោលគឺរហូតដល់អាជ្ញាធរធានាថា យន្តហោះទាំងអស់នេះមានសុវត្ថិភាពក្នុងការប្រើប្រាស់។
ម៉ាឡេស៊ី
អាជ្ញាធរម៉ាឡេស៊ី បានប្រកាសហាមប្រាមយន្តហោះប្រភេទប៊ូអ៊ីង 737 MAX ហោះឆ្លងការដែនអាកាសខ្លួន ដោយលើកឡើងពីកខ្វល់សុវត្ថិភាព។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកម៉ាឡេស៊ី ក៏ត្រូវផ្អាកដំណើរការជើងហោះហើររបស់ខ្លួនផងដែរ ដែលប្រើប្រាស់យន្តហោះប្រភេទនេះ។ លើសពីនេះរដ្ឋាភិបាលម៉ាឡេស៊ីក៏បញ្ជាឲ្យសើរើជាបន្ទាន់នូវគម្រោងបញ្ជាទិញយន្តហោះប៊ីអ៊ីងស៊េរីចុងក្រោយបង្អស់របស់ក្រុមហ៊ុនយក្សអាមេរិកផងដែរ។
វៀតណាម
អាជ្ញាធរអាកាសចរណ៍វៀតណាម បានសម្រេចហាមប្រាមយន្តហោះប៊ូអ៊ីង 737 MAX ពីការហោះឆ្លងកាត់ដែនអាកាសខ្លួន ដោយលើកឡើងពីកង្វល់ជុំវិញបញ្ហាសុវត្ថិភាពនៃយន្តហោះប្រភេទនេះ។ ការហាមប្រាមនេះ បានចូលជាធរមាននៅម៉ោង១០ព្រឹក ថ្ងៃពុធទី១៣ ខែមីនា។ បើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម លោក Dinh Viet Thang ប្រធាននៃភ្នាក់ងារនេះ គូសបញ្ជាក់ថា៖«ក្រុមហ៊ុនអាកាសចរណ៍ នឹងត្រូវរងផលប៉ះពាល់ដោយសារចំណាត់ការនេះ ដ្បិតពួកគេនឹងត្រូវប្រើប្រាស់យន្តហោះប្រភេទផ្សេង។ ប៉ុន្តែទាំងអស់នេះគឺដើម្បីមូលហេតុសុវត្ថិភាព»។
ថៃ
អាជ្ញាធរអាកាសចរណ៍ថៃ នៅថ្ងៃពុធទី១៣ ខែមីនា បានប្រកាសផ្អាកដំណើរការយន្តហោះប៊ូអ៊ីង 737 Max ដោយលើកហេតុផលដើម្បីធានាសុវត្ថិភាព។ អាជ្ញាធរគូសបញ្ជាក់ថា ខ្លួននឹងផ្អាកការប្រើប្រាស់យន្តហោះប្រភេទនេះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air Thai រយៈពេល៧ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមីនាតទៅ៕