ជាតិ
សង្គមជាតិ
កូរ៉េ ឲ្យកម្ពុជា៧លានដុល្លារ ទុកពង្រឹងវិស័យធុរកិច្ច ខណៈលោក មូន មកដល់ល្ងាចនេះ
× ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងក្រសួងអប់រំ បានចុះហត្ថលេខាជាមួយគ្នា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ស្តីពីគម្រោងបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាលានិងវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា ក្រោមវត្តមានរបស់អ្នកស្រី Baek Sook-Hee អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ អះអាងថា គម្រោងនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើតប្រព័ន្ធអេកូ និង បណ្តាញទីផ្សារនៅកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធមួយដើម្បីជំរុញការបង្កើតក្រុមហ៊ុនថ្មីៗ នៅតាមបណ្តាសាកលវិទ្យាល័យដែលឈានមុខគេនៅកម្ពុជា ហើយគម្រោងនេះនឹងត្រូវអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បញ្ជាក់ថា រដ្ឋាភិបាលកូរ៉េ នឹងផ្តល់ជំនួយឥតសំណង៧លានដុល្លារ សម្រាប់ការសាងសង់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា-កូរ៉េ (CKIC) និង គាំទ្រការកសាងសមត្ថភាពសម្រាប់ប្រតិបត្តិការមជ្ឍមណ្ឌលពង្រឹងការប្រកួតប្រជែងចាប់ផ្តើមធុរកិច្ចថ្មី និង ផ្សព្វផ្សាយការគាំទ្រកម្មវិធីការចាប់ផ្តើមធុរកិច្ចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
ការផ្តល់ជំនួយនេះ គឺធ្វើឡើងចំពេលដែលលោក មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នឹងមកដល់កម្ពុជា នៅល្ងាចថ្ងៃនេះ។ លោក មូន នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងមានជំនួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មុននឹងចាប់ផ្តើមពិភាក្សាការងារ លោក មូន នឹងពិសាបាយជាមួយសម្តេច ហ៊ុន សែន។ កម្មវិធីបន្ទាប់ ភាគីទាំងពីរ នឹងចាប់ផ្តើមពិភាក្សាការងារនិងចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន។ ហើយអ្នកពីរ នឹងចូលរួមក្នុងវេទិកាធុរកិច្ចជាមួយគ្នា។
ទស្សនកិច្ចរបស់លោក មូន នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមីនា៕
Tag:
KOICA
ជំនួយ
មូន ចេអុីន
© រក្សាសិទ្ធិដោយ thmeythmey.com