អន្តរជាតិ
ម៉ាឡេស៊ី​បិទ​សាលារៀន​ជាង​១០០ ក្រោយ​សិស្ស​ឈឺ​ដោយសារ​ទឹកទន្លេ​ផ្ទុក​សារធាតុពុល​
14, Mar 2019 , 4:22 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ដោយ:
​សំណល់​ពុល ដែល​ចេញពី​រោងចក្រ​ត្រូវបាន​បង្ហូរ​ចូល​ដោយ​ខុសច្បាប់​ទៅ ក្នុង​ទឹកទន្លេ​មួយ​ក្នុង​ភាគខាងត្បូង​រដ្ឋ Johor ដែល​បណ្តាល​ឲ្យ​សិស្សានុសិស្ស និង​គ្រូបង្រៀន​មិន​ស្រួលខ្លួន​។ ហេតុការណ៍​នេះ​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជា​បិទ​សាលារៀន​១១១​កន្លែង គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ទី ១៣​ខែមីនា​។ 

 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​ម៉ាឡេស៊ី Maszlee Malek កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា បាន​បញ្ជា​បិទ​សាលារៀន​ចំនួន​៣៤​កន្លែង​។ ប៉ុន្តែ​ដោយ​ស្ថានការណ៍​មិន​ធូរស្បើយ ចំនួន​សាលារៀន​ដែល​ត្រូវ​បិទ​បាន​កើន​ដល់ ១១១​កន្លែង​។ លោក​សង្កត់ធ្ងន់ថា គ្រូបង្រៀន​ទាំងអស់​ក៏​មិនចាំបាច់​អនុវត្ត​កាតព្វកិច្ច​ផងដែរ ព្រោះថា​ស្ថានភាព​ពេលនេះ​នៅតែ​គ្រោះថ្នាក់​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AP មនុស្ស​ជាង ៥០០​នាក់ មាន​អាកា​រៈ ពិបាក​ដកដង្ហើម​, វិលមុខ និង​ក្អួតចង្អោរ ក្រោយ​ស្រូប​ក្លិន​ពុល​ពី​សំណល់​ក្នុង​ទឹកទន្លេ​នោះ​។ មន្ត្រី​ម៉ាឡេស៊ី អះអាងថា ជនរងគ្រោះ​ប្រមាណ ១៦៦​នាក់ ចូល​មន្ទីរពេទ្យ​សម្រាក​ព្យាបាល និង​មួយចំនួន​តូច​ទៀត​ស្ថិតក្នុង​ការថែទាំ​កម្រិត​ស្រាល​។​
 
​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ម៉ាឡេស៊ី Yeo Bee Yin ដែល​ស្រង់​សម្តី​ដោយ​ភ្នាក់ងារ​ព័ត៌មាន Bernama ដោយ​និយាយថា ទឹកភ្លៀង​អាចជា​មូលហេតុ​ដែល​បង្ក​ឲ្យ​សារធាតុពុល​នេះ​សាយភាយ​ចេញទៅ​ក្រៅ ទោះបីជា​រោងចក្រ​ខិតខំ​ទប់ស្កាត់​ក៏ដោយ​ក្តី​។ 
 
​សូម​បញ្ជាក់ដែរថា ម្ចាស់​រោងចក្រ​ពីរ​នាក់ និង​កម្មករ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ឃុំខ្លួន​ដើម្បី​បើក​ការស៊ើបអង្កេត​។ សារព័ត៌មាន​ជាច្រើន បញ្ជាក់ថា សំណល់​នោះ ត្រូវបាន​គេ​ជឿថា  ផ្ទុក​សារធាតុ​គីមី​ដែល​ប្រើប្រាស់​ដើម្បី​រំលាយ​ដែក ហើយ​វា​ត្រូវបាន​ធ្លាយ​ពី​រោងចក្រ​កាលពី​សប្តាហ៍​មុន​ម្ល៉េះ ដោយ​បន្សល់ទុក​សំណល់​ល្អិត​ខ្មៅៗ​នៅលើ​ផ្ទៃ​ទឺ​ក​ទន្លេ​៕ 

Tag:
 ម៉ាឡេស៊ី​
  សារធាតុ​គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com