ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មូ​ន នឹង​​ទៅ​ទស្សនា​អង្គរវត្ត
14, Mar 2019 , 4:32 pm        
រូបភាព
លោក មូន និង ភរិយា ពេលចុះពីយន្តហោះ
លោក មូន និង ភរិយា ពេលចុះពីយន្តហោះ



ក្នុងអំឡុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ឆ្លៀត​ទៅ​ទស្សន​តាម​ទីកន្លែង​មួយចំនួន​ក្នុង​តំបន់​អង្គរ​។ នេះ​គឺជា​ការអះអាង​របស់លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​។ 
 
លោក ឡុង កុសល ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ពិត​មាន​មោទនភាព​ណាស់ ដែល​គាត់ នឹង​មក​ទស្សនា​តាម​តំបន់​អង្គរវត្ត​។ កូរ៉េ ក៏​ជា​ប្រទេសមួយ ដែល​បាន​ផ្តល់ជំនួយ និង​ជួយ​ជួសជុល​ប្រាសាទ​យើង​ដែរ​»​។ 
 
​លោក មូ​ន បាន​មកដល់​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២0១៩​នេះ​។  លោក នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​។​
 
​លោក មូ​ន និង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹងមាន​ជំនួប​ជាមួយគ្នា​។ ក្រៅពីនេះ អ្នក​ទាំងពីរ នឹងចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​ជាមួយគ្នា​។ 
 
​ទស្សនកិច្ច​របស់លោក មូ​ន នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​១៦ ខែមីនា​៕

Tag:
 ​មូ​ន ចេ​អ៊ី​ន​
  ឡុង កុសល​
© រក្សាសិទ្ធិដោយ thmeythmey.com