កីឡាជាតិ
ជាតិ
រិ​ន សា​រ័ត្ន អរគុណ​ការលើកទឹកចិត្ត​របស់​អ្នកគាំទ្រ​កម្ពុជា ទោះ​ចាញ់​នៅ​មី​យ៉ាន់​ម៉ា​ក្តី​
14, Mar 2019 , 8:59 pm        
រូបភាព
ដោយ៖ Matias Andres

​កីឡាករ រិ​ន សា​រ័ត្ន របស់​ក្លិប Cambodian Top Team បាន​ទទួលរង​បរាជ័យ​ក្នុងការ​ប្រកួត​គុន​ចម្រុះ ក្នុង​សង្វៀន ONE Championship កាលពី​ថ្ងៃទី​៨ ខែមីនា ក្នុង​ក្រុង​យ៉ាំង​ហ្គូ​ន​ប្រទេស​មី​យ៉ាន់​ម៉ា​។​


 
​សា​រ័ត្ន បាន​តតាំង​៣​ទឹក​ពេញ​ទល់នឹង​ជើងឯក​ចំបាប់ Chin State Wrestling Champion ៤​សម័យ “The Dragon Leg” Tial Thang ហើយ​បាន​បញ្ចេញ​សមត្ថភាព​យ៉ាង​ប៉ិនប្រសប់​ទាំង​ពេល​ឈរ​វាយ និង​ផ្ដេកខ្លួន​លើ​ផ្ទៃ​សង្វៀន​។​
 
​យ៉ាងណា សា​រ័ត្ន មិនអាច​រារាំង​ការព្យាយាម​ច្បាប់​ផ្ដួល​របស់ Tial Thang បាន និង​ត្រូវបាន​កូនសិស្ស Aung La N Sang សង្កត់ពីលើ​២​ដង ហើយ​ទីបំផុត​គេ​បាន​ចាញ់​ដោយ​ពិន្ទុ​ឯកច្ឆន្ទ​ក្នុងការ​ប្រកួត​លើក​ទី​១​របស់គេ​ក្នុង​ឆ្នាំ​២០១៩​។​
 
​សា​រ័ត្ន បាន​រៀបរាប់ថា​៖ «​ខ្ញុំ​បាន​សង្ឃឹមថា​ខ្ញុំ​នឹង​ឈ្នះ​ការប្រកួត​នោះ​។ នៅពេល​ខ្ញុំ​ឮថា​គូប្រកួត​របស់ខ្ញុំ​និយាយថា​នឹង​ផ្ដួល​ខ្ញុំ​យ៉ាង​ស្រួល​ក្នុង​ទឹក​ទី​១ ខ្ញុំ​គ្មាន​ខ្លាច​សោះឡើយ​។ ផ្ទុយទៅវិញ សម្ដី​នោះបាន​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឱ្យ​ខំ​ហាត់​កាន់តែខ្លាំង ហើយ​ខ្ញុំ​ចង់បង្ហាញ​ឱ្យគេ​ឃើញថា​គេ​មិនអាច​ផ្ដួល​អត្ត​ព​លិ​ក MMA របស់​កម្ពុជា​បាន​ដោយ​ងាយ​នោះទេ​។ ទោះបី​គេ​ឈ្នះ ក៏​ខ្ញុំ​នឹងធ្វើ​ឱ្យគេ​ឈ្នះ​ទាំង​ពិបាក​ដែរ​»​។​
 
​ក្នុង​ទឹក​ទី​១​នៃ​ការប្រកួត​នោះ​ភាគច្រើន​អ្នក​ទាំងពីរ​ឈរ​វាយ និង​បាន​ប្ដូរ​កណ្តាប់ដៃ​និង​ជើង​ទៅវិញទៅមក​ដើម្បី​ស្ទាបស្ទង់​គ្នា​។​
​ទោះបី​បរិយាកាស​ក្នុង​កីឡដ្ឋាន Thuwunna Indoor Stadium ពេញ​ដោយ​សំឡេង​ហ៊ោ​សម្រាប់​កីឡាករ​ម្ចាស់ផ្ទះ​ក៏ដោយ តែ សា​រ័ត្ន បាន​រក្សា​ភាពស្ងប់ស្ងាត់​និង​ស្ដាប់​តែ​សំឡេង​ពី​បង្គោល​របស់គេ​ប៉ុណ្ណោះ​ដែលមាន​លោក ហ៊ុន ចាន់​រាជ្យ ឈរ​នៅ​ទីនោះ​។​


 
​សា​រ័ត្ន ពន្យល់ថា​៖ «​ក្នុង​ទឹក​ទី​១ ខ្ញុំ​វាស់​ស្ទង់​បច្ចេកទេស​របស់ខ្ញុំ​ជាមួយ​បច្ចេកទេស​របស់គេ​និង​បាន​ចងចាំ​អ្វីដែល​គ្រូ​របស់ខ្ញុំ​បាន​ប្រាប់​ឱ្យ​ចូលទៅ​ក្បែរ​គេ​[Thang} ដោយ​ប្រុងប្រយ័ត្ន​។ Thang វាយ​ធ្ងន់​ណាស់ ដូច្នេះ​ខ្ញុំ​បម្លាស់​ទី​ទៅ​ឆ្វេង​ទៅ​ស្ដាំ​ហើយ​ចូល​កៀក​តែ​ពេល​ឃើញ​ឱកាសល្អ​ប៉ុណ្ណោះ​»​។​
 
​ជា​អ្នកលេង​គុន​ខ្មែរ​ចាស់វស្សា​ម្នាក់ សា​រ័ត្ន ដឹងថា​ចំណុច​មានប្រៀប​របស់គេ​គឺ​កណ្ដាប់ដៃ​និង​ទាត់ ហើយ​អំឡុង​ការប្រកួត​រយៈពេល​សរុប​១៥​នាទី​នោះគេ​បាន​វាយ​ចូល​មុខ Thang ជាច្រើន​ដៃ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ដើម្បី​ឲ្យ Thang សន្លប់​ឡើយ​។​
 
​នៅ​ទឹក​ទី​៣​ដែលជា​ទឹក​ចុងក្រោយ សា​រ័ត្ន ដឹងថា​គេ​ត្រូវ​វាយ Thang ឲ្យ​សន្លប់​ដើម្បី​ដណ្ដើមយក​ជ័យជម្នះ ពិសេស​គេ​ដឹងថា​អ្នក​ដែល​កំពុង​ប្រកួត​ជាមួយ​គេ​គឺជា​កីឡាករ​សំណព្វចិត្ត​ម្នាក់​របស់​ម្ចាស់ផ្ទះ​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​។​
 
​សា​រ័ត្ន រំឭក​ទិដ្ឋភាព​ពេលនោះ​ថា​៖ «​គេ​(Thang)​មាន​អ្នកគាំទ្រ​ច្រើនណាស់ គឺ​មិនគួរ​ឲ្យ​ជឿ​។ នៅពេល​គេ​ឡើងមក​ក្នុង​ទ្រុង មនុស្ស​សឹង​គ្រប់គ្នា​ទះដៃ​លើកទឹកចិត្ត​គេ​»​។​
​ទោះ​បែបនេះ​ក្ដី សា​រ័ត្ន ដឹងថា​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​តទល់​ជាមួយ​ជើងឯក​ចំបាប់​ច្រើន​សម័យ​របស់​មី​យ៉ាន់​ម៉ា​ដូចជា Thang នេះ​។​
 
​សា​រ័ត្ន លើកឡើងថា​៖«​សម្រាប់​ជំនាញ​ឈរ​វាយ​ចេញ ខ្ញុំ​គិតថា​ពួកយើង​ប្រហាក់ប្រហែលគ្នា​។ នៅ​ទឹក​ទី​៣ ខ្ញុំ​កត់សម្គាល់​ឃើញថា​កម្លាំង​និង​ល្បឿន​របស់គេ​ធ្លាក់ចុះ តែ​ខ្ញុំ​ក៏​ធ្លាក់ចុះ​ដែរ​។ ដូច្នេះ​ពួកយើង​មិនអាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ​ក្នុង​ទឹក​ទី​៣ ដោយសារ​កម្លាំង​របស់​ពួកយើង​ថមថយ​ដូចគ្នា​»​។​
 
​សា​រ័ត្ន ខកចិត្ត​នឹង​បរាជ័យ​ក្នុង​ការចេញ​ប្រកួត​លើកដំបូង​ក្នុង​ឆ្នាំ​២០១៩ និង​មិន​ច្បាស់​ថា​នៅពេល​ខាងមុខ​នឹង​យ៉ាងណាទេ​។ ពេលនេះ​គេ​កំពុង​ដកឃ្លា​មួយរយៈ​ពី​ការប្រកួត ដើម្បី​ចំណាយពេល​ជាមួយ​គ្រួសារ ក្រោយ​ឃ្លាត​គ្នា​មួយខែ​យ៉ាង​លំបាក​អំឡុងពេល​ទៅ​ហាត់​ត្រៀម​នៅ​បាងកក​។​
 
​ទន្ទឹមនឹងនេះ សា​រ័ត្ន ថ្លែងអំណរគុណ​ដល់​អ្ន​ក​ទាំងឡាយ​ដែល​បាន​លើកទឹកចិត្ត​រូបគេ​ទាំង​ពេល​ហ្វឹកហាត់​នៅ​ភ្នំពេញ​និង​នៅ​បាងកក ក៏ដូចជា​អ្នក​លើកទឹកចិត្ត​រូបគេ​ពេល​កំពុង​ប្រកួត​ផ្ទាល់​នៅ​យ៉ាំង​ហ្គូ​ន​ផងដែរ​។​
 
​សា​រ័ត្ន បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្ររ​បស់​ខ្ញុំ​ទាំងអស់​ដែល​បន្ត​លើកទឹកចិត្ត​ខ្ញុំ ទោះបី​ខ្ញុំ​មិន​ទទួលបាន​ជ័យជម្នះ​ក៏ដោយ​។ ជាពិសេស​សូម​អរគុណ​ភរិយា​របស់ខ្ញុំ​និង​គ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​សូម​យក​ឱកាស​នេះ​ជំរុញ​ដល់​គ្រប់គ្នា​ទាំង​បុរស​និង​នារី​ចូល​ហាត់​កីឡា MMA​។ នៅពេល​អនាគត ពួកយើង​នឹងមាន​ការប្រកួត MMA កាន់តែច្រើន​»៕
 

Tag:
 ONE Championship
  រិ​ន សា​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com