អន្តរជាតិ
រដ្ឋមន្ត្រី​ស្រីលង្កា​៖ ស្រីលង្កា​ស្វាគមន៍​ចិន​បណ្ដាក់​ទុនវិនិយោគ​កាន់តែច្រើន​ទៀត​
15, Mar 2019 , 8:39 am        
រូបភាព
​បើ​និយាយ​ដល់​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន គេ​ប្រាកដជា​នឹកឃើញ​មុនគេ​ដល់​ស្រីលង្កា​។ ស្រីលង្កា បាន​ក្លាយជា​ឧទាហរណ៍​សម្រាប់​លោកខាងលិច​ប្រើប្រាស់​ដើម្បី​វាយប្រហារ​គម្រោង​របស់​ចិន បន្ទាប់ពី​កំពង់ផែ​ដ៏​ធំ​របស់​ស្រីលង្កា​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​ជាការ​ដោះបំណុល​។ យ៉ាងណាមិញ រដ្ឋមន្ត្រី​ទេសចរណ៍​របស់​ស្រីលង្កា​អះអាងថា ប្រទេស​របស់លោក​ត្រៀមខ្លួន​ស្វាគមន៍​អ្នករកស៊ី​ចិន និង​រំពឹង​ទទួលបាន​ប្រយោជន៍​កាន់តែច្រើន​ពី​គំនិត​ផ្ដួចផ្ដើម​របស់​ចិន​។

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua រដ្ឋមន្ត្រី​អភិវឌ្ឍ​ទេសចរណ៍ សត្វព្រៃ និង​សាសនា​គ្រិស្ត​របស់​ស្រីលង្កា John Amaratunga និយាយថា ស្រីលង្កា និង​ចិន​មាន​ចំណងទាក់ទង​ល្អ ហើយ​ស្រីលង្កា​ស្ថិតក្នុង​ចំណោម​ប្រទេស​ដំបូង​គេ​មួយ​ដែល​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន​។ ដោយ​សង្ឃឹមថា​ទទួល​ប្រយោជន៍​ពី​គំនិត​ផ្ដួចផ្ដើម​នេះ លោក​ស្វាគមន៍​អ្នកវិនិយោគ​ចិន​ដែលមាន​បំណង​រកស៊ី​នៅ​ស្រីលង្កា​ពិសេស​វិស័យ​ទេសចរណ៍​។​
 
​តាមរយៈ​កិច្ច​សម្ភាស​ដដែល​នោះ លោក Amaratunga ក៏​និយាយ​ដល់​កំពង់ផែ Hambantota ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ចិន​។ ក្រុមហ៊ុន​ត្រួតត្រា​កំពង់ផែ​នេះ ព្រោះ​ស្រីលង្កា​គ្មាន​លទ្ធភាព​សងលុយ​ដែល​ខ្ចី​ពី​ចិន​ក្នុង​គម្រោង​អភិវឌ្ឍ​កំពង់ផែ​មួយ​នេះ​។ ប៉ុន្តែ​ក្រោយ​ការសាងសង់​រួចមក កំពង់ផែ​ទឹក​ជ្រៅ​មួយ​នេះ មិនសូវ​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ឡើយ ហើយ​គេ​ក៏​មិនសូវ​ឃើញ​មាន​សកម្មភាព​នាវា​ដឹកទំនិញ​ចេញចូល​កំពង់ផែ​នេះដែរ​។​
 
​យ៉ាងណាក្ដី រដ្ឋមន្ត្រី​ដដែល​នេះ​លើកឡើងថា ការរកស៊ី​រួមគ្នា​ក្នុង​គម្រោង​កំពង់ផែ Hambantota បាន​នាំ​ប្រយោជន៍​ជាច្រើន​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក ពិសេស​នោះបាន​លើកកម្ពស់​មុខមាត់​ស្រីលង្កា​ជា​បណ្ដុំ​សកម្មភាព​ផ្លូវ​សមុទ្រ និង​លើ​កម្ពស់​ជីវភាព​ប្រជាជន​ផង​។ បើតាម​រដ្ឋមន្ត្រី​រូបនេះ ស្រីលង្កា​ទទួលបាន​ជំនួយ​យ៉ាងច្រើន​ពី​ចិន ហើយ​គម្រោង​អភិវឌ្ឍ​របស់​ចិន​កំពុងស្ថិត​ក្នុងដំណាក់កាល​ទៅរក​អភិវឌ្ឍ​កាន់តែខ្លាំង​ទៀត​។​
 
«​យើង​ស្វាគមន៍​គម្រោង​ទាំងអស់ និង​ដឹងគុណ​រដ្ឋាភិបាល​ចិន និង​ប្រជាជន​ចិន​ដែល​ផ្ដល់ជំនួយ​ដល់​ស្រីលង្កា​ដើម្បី​ការអភិវឌ្ឍ​របស់ខ្លួន​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Amaratunga ជុំវិញ​ជំនួយ​របស់​ចិន មុននឹង​បន្ថែមថា ស្រីលង្កា​នឹងដាក់​សំណើ​លើ​គម្រោង​ថ្មីៗ​ទៀត​អំឡុង​វេទិកា​ខ្សែក្រវាត់ និង​វិថី​លើក​ទី​ពីរ​នៅ​ប៉េកាំង​នៅ​ខែក្រោយ​។ 
 
​ស្រីលង្កា​ដែល​ជំពាក់​ចិន​រហូត​ឲ្យ​កំពង់​ទៅ​ចិន​ដល់​ទៅ​៩៩​ឆ្នាំ​នោះ គ្មាន​បំណង​បោះបង់​គម្រោង​របស់​ចិន​ឡើយ​។ បច្ចុប្បន្ន ក្រុមហ៊ុន​ចិន​កំពុង​សាងសង់​ទីក្រុង​ជាប់មាត់​សមុទ្រ​មួយទៀត​នៅក្បែរ​កំពង់ផែ​កូឡុំបូ ដែល​បានផ្ដល់​ការងារ​ច្រើន​ដល់​ប្រជាជន​ស្រីលង្កា​។ នាយករដ្ឋមន្ត្រី​ស្រីលង្កា Ranil Wickremesinghe អះអាងថា ទីក្រុង​កំពង់ផែ​នេះ នឹងធ្វើ​ឲ្យ​រដ្ឋធានី​កូ​ឡុំ​ប៊ី​ក្លាយជា​ទីក្រុង​ហិរញ្ញវត្ថុ និង​ទីប្រជុំ​ពាណិជ្ជកម្ម​ដ៏​ធំ​៕ 
  

Tag:
 ស្រីលង្កា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com