ជាតិ
សេដ្ឋកិច្ច
លោក ជា ចាន់តូ ប្ដេជ្ញា​ទាញ​កម្ពុជា​ចេញពី​បញ្ជី​លាងលុយកខ្វក់​
14, Mar 2019 , 9:59 pm        
រូបភាព
​អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ប្ដេជ្ញា​ប្រយុទ្ធប្រឆាំង​ការលាង​លុយកខ្វក់​នៅ​កម្ពុជា ដើម្បី​ទាញ​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ របស់​ស្ថាប័ន​ហិរញ្ញ​វ​ត្តុ​អន្តរជាតិ (FATF)​។​

 
​ដើម្បី​ដោះស្រាយ​បញ្ហា​លាងលុយកខ្វក់​នេះ កម្ពុជា​កំពុង​ពង្រឹង​ក្របខណ្ឌ​ច្បាប់ ក្របខណ្ឌ​ស្ថាប័ន និង​បង្កើន​ធនធានមនុស្ស ដើម្បី​តាមដាន​ការវិវត្ត​ថ្មីៗ​របស់​ឧក្រិដ្ឋជន ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ទាន់ពេលវេលា​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ។​
 
​លោក ជា ចាន់តូ បាន​បន្ថែមថា កម្ពុជា​បានរៀបចំ​យុទ្ធសាស្ត្រ​ជាតិ ២០១៩ ដល់​២០២៣ ដើម្បី​សម្អាត​និង​ស្វែងរក​ផល​នៃ​បទល្មើស ជាពិសេស​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម ព្រមទាំង​ធានា​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​រួមគ្នា ក្នុងការ​ស៊ើបអង្កេត និង​ដាក់ទណ្ឌកម្ម​លើ​ករណី​បទល្មើស ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​វា​អាស្រ័យ​លើ​ការចូលរួម​ពី​ភាគី​ពាក់​ពន្ធ​ផងដែរ​។​
 
​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០១៩- ២០២៣ នា​ព្រឹក​ថ្ងៃទី ១៤ ខែមីនា អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​គូសបញ្ជាក់ថា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចាំបាច់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង អនុវត្ត​ការងារ ដើម្បី​ឲ្យ​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ ក្នុងពេល​វេលា​យ៉ាង​ឆាប់រហ័ស​បំផុត​»​។​
 
​យុទ្ធសាស្ត្រ​សំខាន់ៗ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការលាង​លុយកខ្វក់ របស់​ធនាគារជាតិ រួមមាន ផ្ដល់​អាជ្ញាប័ណ្ណ​និង ការត្រួតពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​, ពង្រឹង​តម្លាភាព​ស្ថាប័ន​, កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការស្វែងរក​និង​លុបបំបាត់ចោល​ហិរញ្ញប្បទាន​ភេរវកម្ម​ជាដើម​។​
 
​លោក Clive Scott ទីប្រឹក្សា​ផ្នែក​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម របស់​មូលនិធិ​រូបិយ​វ​ត្តុ​អន្តរជាតិ បាន​និយាយថា យុទ្ធសាស្ត្រ​ប្រឆាំង​ការសម្អាត​ប្រាក់​របស់​កម្ពុជា សម្រាប់​អនុវត្ត​រយៈពេល​៥ ឆ្នាំ​ថ្មី​នេះ ក៏មាន​ការចូលរួម​ប្រឹក្សា​យោបល់​ពី​ក្រុមការងា​របស់លោក និង​គាំទ្រ​ផ្នែក​ថវិកា​ផងដែរ​។ លោក​បន្តថា​ប្រសិនបើ​កម្ពុជា​អនុវត្ត​ទៅតាម​គោលការណ៍​បានល្អ កម្ពុជា​នឹង​អាច​រួច​ផុតពី​បញ្ជីខ្មៅ នា​ចុងឆ្នាំ​ក្រោយនេះ​។ 
 
​ទីប្រឹក្សា​ផ្នែក​ប្រឆាំង​ការសម្អាត​ប្រាក់​រូបនេះ បាន​និយាយថា​៖ «​យុទ្ធសាស្ត្រ​ថ្មី​នេះ​បាន​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​កំពុង​ប្រឈម ក្រោយពី​បានធ្វើការ​វាយតម្លៃ​ហានិភ័យ​ថ្នាក់ជាតិ ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅមុខទៀត​នេះ​។ យើង​ក៏បាន​ចូលរួម​ប្រឹក្សា​យោបល់​លើ​ផ្នែក​រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​ផងដែរ​»​។ 
 
​បើតាម​លោក Clive Scott  ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព ទើប​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា ដើម្បី​គេចចេញ​ពី​បញ្ជី​ប្រផេះ ហើយ​ប្រសិនបើ​កម្ពុជា​នៅតែ​ស្ថិតក្នុង​បញ្ជី​ប្រផេះ​ដដែល នឹងធ្វើ​ឲ្យ​វិនិយោគិន​មិន​ចង់​មក​វិនិយោគ​នៅ​កម្ពុជា​។ 
 
​ធនាគារជាតិ បាន​អះអាង​ក្នុង​របាយការណ៍​ថា កម្ពុជា​ពុំ​ធ្លាប់មាន​ករណី​ភេរវកម្ម ឬ​ហិរញ្ញប្បទាន​ភេរវកម្ម​ទេ​។ ចំណែក​វិស័យ​ដែល​កម្ពុជា​កំពុង​តាមដាន និង​វាយតម្លៃ​ឲ្យ​បាន​ម៉ត់ចត់​ពី​ការគំរាមកំហែង មានដូចជា វិស័យ​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​, ឈ្មួញ​ជួញដូរ​លោហធាតុ និង​ត្បូងថ្ម​មានតម្លៃ​, វិស័យ​អចលនទ្រព្យ​, និង​វិស័យ​កាស៊ីណូ​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា កម្ពុជា​ត្រូវបាន​ស្ថាប័ន​ហិរញ្ញ​វ​ត្តុ​អន្តរជាតិ (FATF) ដាក់ចូល​ក្នុង​បញ្ជី​ប្រផេះ កាលពី​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​រកឃើញថា​ការអនុវត្ត​ច្បាប់​ប្រឆាំង​ការលាង​លុយកខ្វក់​នូវ​មាន​កម្រិត​ដែល​អាច​បណ្ដាល​ឲ្យ​កម្ពុជា​ងាយ​រងគ្រោះ​ពី​ប្រភព​លុយ​ខុសច្បាប់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com