កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Arsenal, Chelsea ទៅ​វគ្គ​បន្ត ខណៈ​ជើងឯក​៥​សម័យកាល Sevilla ហាលអាវ​
15, Mar 2019 , 9:28 am        
រូបភាព
Arsenal បាន​កៅអី​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Europa League បន្ទាប់ពី​យកឈ្នះ Rennes ៣-០ នា​ការប្រកួត​ជើង​ទី​២ វគ្គ​១៦​ក្រុម​នៅ​រាត្រី​ថ្ងៃទី​១៤ ខែមីនា​។​


 
​កាលពី​ជើង​ទី​១ ក្រុម​ពី​លី​គ​បារាំង Rennes បាន​យកឈ្នះ​ក្រុម​កាំភ្លើង​ធំ ៣-១​។ ប៉ុន្តែ​លទ្ធផល​នេះ​មិនអាច​រារាំង Arsenal ដើម្បី​បន្ត​ខ្លួន​ទៅកាន់​វគ្គ​បន្ទាប់​នោះឡើយ​ដោយ​ពួកគេ​បាន​វាយបក​យកឈ្នះ​សម្រាប់​ការប្រកួត​ជើង​ទី​២ ក្នុង​ទឹកដី Emirates ដោយ​លទ្ធផល ៣-០  ។ 
 
៣​គ្រាប់​របស់​ក្រុម​លោក Unai Emery ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ២​គ្រាប់​នៅ​នាទី ៥​និង​៧២ និង​មួយ​គ្រាប់​ដោយ​ខ្សែការពារ Ainsley Maitland-Niles នាទី​១៥​។ ដូច្នេះ​សរុប​លទ្ធផល​ការប្រកួត​ទាំងពីរ​ជើង​(aggregate) Arsenal ឈ្នះ Rennes ៤-៣​។​
 
​ចំណែក​ក្រុម​ពី​អង់គ្លេស​មួយទៀត​គឺ Chelsea ក៏បាន​ឈានទៅ​កាន់​វគ្គ​បន្ត​ដែរ​បន្ទាប់ពី​ពួកគេ​យកឈ្នះ Dynamo Kyiv ដល់​ទៅ ៥-០ សម្រាប់​ជំនួប​លើក​ទី​២​នៅក្រៅ​ដី ហើយ Olivier Giroud ធ្វើបាន Hat-Trick ក្នុងជំនួប​នេះ​។ កាលពី​ជើង​ទី​១​ក្រុ​រហស្សនាម​តៀ​ខៀវ​ដែល​ដឹកនាំ​ធ្វើ​ម្ចាស់​មុន​បានទទួល​ជ័យជម្នះ​រួចមកហើយ​លើ​ក្រុម​ពី​អ៊ុយ​ក្រែ​ន​នេះ​ក្នុង​លទ្ធផល ៣-០​។ សរុប​លទ្ធផល​ទាំងពីរ​ជើង Chelsea ឈ្នះ Dynamo Kyiv ៨-០​។​
  
 
​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ ក្រុម​ខ្លាំង​ដូចជា Sevilla, Zenit St. Petersburg និង Inter Milan សុទ្ធតែ​ហាលអាវ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ​។​


 
​ក្រុម​ដែល​ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ផ្សេងទៀត​ក្រៅពី Arsenal និង Chelsea រួមមាន Valencia, Napoli, Benfica, Villarreal, Slavia Prague និង Eintracht Frankfurt៕

 

Tag:
 បាល់ទាត់​
  UEFA Europa League
  Arsenal
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com