ជាតិ
សង្គមជាតិ
រដ្ឋបាល​រាជធានី​ត្រូវ​ការធ្វើជំរឿន​លើសពី​១០​ថ្ងៃ ទើប​អាច​បញ្ចប់​ការងារ​ជំរឿន​នៅ​រាជធានី​ភ្នំពេញ​
15, Mar 2019 , 10:20 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានកំណត់​រយៈពេល​១០​ថ្ងៃ​នៃ​ការធ្វើជំរឿន ប៉ុន្តែ​មិន​គ្រប់គ្រាន់​ឡើយ គឺ​ត្រូវ​ពន្យារពេល​ដល់​ត្រឹម​១៥​ថ្ងៃ ពោលគឺ​ត្រឹម​ថ្ងៃនេះ ទើប​អាច​បញ្ចប់​កិច្ចការងារ​ជំរឿន​ឲ្យ​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។


 
​សម្រាប់​ការកំណត់​ធ្វើ​ជំរឿន​រយៈពេល​១០​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​១៣ ខែមីនា គឺ​មិនអាច​បញ្ចប់​តាម​ការគ្រោងទុក ដោយ​ជោគជ័យ​នៅឡើយ​ទេ​។ គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​ថ្ងៃទី​១៤ ខែមីនា ថា នៅតាម​មណ្ឌល​មួយចំនួនធំ​ត្រូវបាន​បញ្ចប់​រួចរាល់​ហើយ លើកលែងតែ​នៅ​តា​មណ្ឌល​ជំរឿន​ខ្លះ​ដែលមាន​គ្រួសារ​កើនឡើង​ច្រើន​គឺ​ត្រូវ​សម្ភាស និង​សាកសួរ​ព័ត៌មាន​ដល់​ថ្ងៃទី​១៥ ទើប​អាច​បញ្ចប់​ការងារ​នេះ​ដោយ​រលូន​។ 


រូបភាពពី​រដ្ឋ​បាល​រាជធានីភ្នំពេញ​
 
​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មិនទាន់​ត្រូវបាន​មន្ត្រី​ជំរឿន​សម្ភាស​នោះ ត្រូវ​ទាក់ទង​ទៅ​មន្ត្រី​ជំរឿន នៅតាម​រដ្ឋបាល​សង្កាត់ ខណ្ឌ ឲ្យ​ទាន់ពេលវេលា​។ 
 
​សូមបញ្ជាក់ថា ការធ្វើជំរឿន​លើក​ទី​៣​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​១៣ ខែមីនា ដោយ​គ្រោង​ចំណាយ​ថវិការដ្ឋ​ជាង​៨​លាន​ដុល្លារ​។ ការងារ​ជំរឿន​ប្រជាជន​កម្ពុជា បានធ្វើ​រួច​២​ដង​ហើយ​គឺ​នៅ​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨​។ ជំរឿន​នៅ​ឆ្នាំ​១៩៩៨ មាន​ប្រជាជន​ចំនួន​១១,៤៣៧,៦៥៦​នាក់ ហើយ​ឡើងដល់ ១៣,៣៩៥,៦៨២​នាក់ នៅ​ឆ្នាំ​២០០៨​។ នៅ​ឆ្នាំ​២០១៥ អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា ចំនួន​ប្រជាជន​កម្ពុជា​កើន​ដល់​១៥,៥៨​លាន​នាក់​៕ 

Tag:
 ​រដ្ឋបាល​រាជធានី​ភ្នំពេញ​
 ​ជំរឿន​
© រក្សាសិទ្ធិដោយ thmeythmey.com