អន្តរជាតិ
៩ នាក់ស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារក្នុងវិហារឥស្លាមនៅនូវែលសេឡង់ កងកម្លាំងប៉ូលិសកំពុងស្ថិតនៅក្បែរកន្លែងកើតហេតុ (រូបភាព៖ AP)
× មនុស្ស៩នាក់ ត្រូវបានប៉ូលិសបញ្ជាក់ថា បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅក្នុងវិហារឥស្លាមចំនួន២កន្លែង នៅក្នុងទីក្រុង Christchurch របស់នូវែលសេឡង់នៅថ្ងៃសុក្រទី ១៥ ខែមីនានេះ។ មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន ប៉ុន្តែសមត្ថកិច្ចជឿជាក់ថា នៅមានជនដៃដល់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងករណីបាញ់សម្លាប់រង្គាលនេះ។
ស្នងការប៉ូលិសនូវែលសេឡង់ លោក Mike Bush និយាយថា សមត្ថកិច្ចបានចេញប្រតិបត្តិការឆ្លើយតបភ្លាមៗទៅនឹងឧប្បទ្ទវហេតុបាញ់រះនេះដោយម៉ឹងម៉ាត់បំផុត ក្នុងគោលដៅសម្រួលស្ថានការណ៍ និងបង្ក្រាបឧក្រិដ្ឋជន។
យោងតាមសារព័ត៌មានក្នុងស្រុកនូវែលសេឡង់មួយឈ្មោះថា Stuff លោកស្នងការ Mike Bush គូសបញ្ជាក់ថា មនុស្សម្នាក់ត្រូវបានឃាត់ខ្លួន ហើយសមត្ថកិច្ចចាប់ផ្តើមបើកការស៊ើបអង្កេតរកមុខជនដៃដល់ដទៃបន្តទៀត។
ភ្លាមៗក្រោយផ្ទុះឡើងនូវហេតុការណ៍បាញ់ប្រហារដ៏សាហាវមិនធ្លាប់មាននេះ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានចូលរួមរំលែកទុក្ខដល់គ្រួសារសាច់ញាតិអ្នកស្លាប់ និងបានចាត់ទុកហេតុការណ៍នេះថាជា «ថ្ងៃដ៏អាក្រក់បំផុតខ្មៅងងឹត» របស់រដ្ឋនូវែលសេឡង់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com